KPT+
កម្រងជីវិត៖ អតីតអ្នកលួចកាប់ឈើ ក្លាយជាអ្នកនាំភ្ញៀវដើរព្រៃយ៉ាងពេញមុខ
– [សម្ដីរដឺនបែបអ្នកខេត្តកំពង់ស្ពឺ] ម៉េចហើយបង ទៅរួចទៀតអត់? មានអីខ្ញុំជួយកាន់ទៀតទេ?
– [សម្ដីខ្សាវៗ ញញឹមស្ងួត] ជួយកាន់ពួកបងអីទៀត? បើអូនឯងស្ពាយប្រដាប់ប្រដាម៉ាកំនរហើយហ្នឹង!
– [សម្ដីរដឺន] មិនអីទេត្រឹម អីវ៉ាន់ ជាង ៣០ គីឡូហ្នឹងនោះ! ពីមុន ខ្ញុំស្ពាយធ្ងន់ជាងហ្នឹងឆ្ងាយណាស់!
នេះជាការឆ្លើយឆ្លងគ្នារវាង អ្នកនាំដើរព្រៃសម្ដីរដឺន និងក្រុមទេសចរពីភ្នំពេញដែលកំពុងអស់កម្លាំងឈប់អង្គុយផ្ទាល់ដីកណ្ដាលផ្លូវ ឆ្ពោះទៅភ្នំខ្នងក្រពើ ជួរភ្នំក្រវាញ នៃទឹកដីខេត្តកំពង់ស្ពឺ។
ទឹកមុខរៀងអឹមអៀនប៉ុន្តែបង្កប់ដោយក្ដីបារម្ភសុខទុក្ខរបស់ភ្ញៀវទេសចរ ស្រដីដោយសម្ដីមួយៗ អ្នកនាំភ្ញៀវដើរព្រៃរូបនេះ បានឱ្យដឹងថា លោកមានឈ្មោះ ព្រំ ជ័យ មានវ័យជិត ៤០ឆ្នាំ។ គ្រាន់តែដឹងអាយុពិតរបស់គាត់បែបនេះភ្លាម អ្នកទេសចរយើងភ្លាត់មាត់ស្រែកភ្ញាក់ផ្អើលគ្រប់គ្នា ដ្បិតរូបរាងមុខគាត់ក្មេង សមតែអាយុយ៉ាងច្រើន ៣០ ស្ដើងប៉ុណ្ណោះ រហូតអ្នកទេសចរដែលទើបហៅគាត់ថា “អូនៗ” ពេញមាត់មុននេះ លើកសំពះសុំទោសគាត់វិញ កុំឱ្យមានបាប។
អ្នកនាំភ្ញៀវដើរព្រៃរូបនេះ បានរំលឹកឱ្យដឹងថា ពីមុន លោកជាអ្នករកក្រញូង និងកាប់ឈើពេញព្រៃ ចាប់តាំងពីអាយុ ១៩ឆ្នាំមក។ នៅពេលរកឈើបាន គឺអារកាត់ជាដុំៗ ស្ពាយដុំឈើនោះចុះមកលក់ឱ្យឈ្មួញនៅជើងភ្នំវិញ ដែលមានទម្ងន់ជាង ពី៤០ ទៅ ៨០ គីឡូក្រោម។
លោក ព្រំ ជ័យ ពោលថា៖ “ទៅ [រកឈើ] ម្ដង គ្នា ៤-៥ នាក់បានធ្វើ [ជួយគ្នាអារកាប់ឈើ] បាន ហើយចូលទៅព្រៃជ្រៅៗ ៤-៥ ថ្ងៃ ទើបមកវិញ។ ពេលបានឈើ លក់បានលុយប្រហែល ៨០ ម៉ឺន [រៀល] កាត់ [ចំណាយ] ថ្លៃសាំងម៉ូតូ ប្រេងដាក់រណារ មុខរណារអីហ្នឹង នៅសល់ជាង ២០-៣០ ម៉ឺន [រៀល] ចែកគ្នា”។
ក្រេបទឹកសុទ្ធដែលផ្ដល់ដោយអ្នកទេសចរមួយក្អឹក បុរសមាឌក្រអាញ សក់រួញអង្គាដី រូបនេះស្រដីបន្តថា លុះឆ្នាំ២០០០ ជាង អាជ្ញាធរក៏ដូចជាក្រុមអភិរក្សព្រៃ អង្គការ WildAid [អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ] កាន់តែរឹតបន្តឹង និងដាក់ទោសពិន័យកាន់តែធ្ងន់ លោកក៏លែងហ៊ានប្រកបរបររកឈើព្រៃបន្តទៀត។
លោក ព្រំ ជ័យ ដំណាលថា៖ “បើគេចាប់បាន គេនឹងយកយើងទៅឃុំ ហើយបើចង់ចេញ ទាល់បង់គេ ២-៣ ពាន់ដុល្លារ។ ពីមុន បើគេចាប់បាន គ្រួសារទៅពឹងមេភូមិឱ្យទៅជួយនិយាយ [សុំអាជ្ញាធរ ឬអង្គការ ដោះលែង] អី ដោយសុំគេថា យើងរស់នៅតំបន់ហ្នឹង អត់មានមុខរបរអី យើងគ្រាន់តែរក [ឈើ] តិចតួច គេក៏ដោះលែងវិញ ហើយឱ្យធ្វើកិច្ចសន្យាឈប់កាប់ឈើទៀត”។
អ្នកនាំភ្ញៀវដើរព្រៃរូបនេះ បង្កើនសំឡេងនិយាយរន្ធើនជាងមុនបន្តថា៖ “តែក្រោយមក គេឈប់អនុគ្រោះ បើចាប់បាន ដឹងតែចាប់ឃុំខ្លួន ហើយ ម៉ូតូ គោយន្ត រណារអារឈើអីហ្នឹង គេយកដុតចោលតែម្ដង។ អ្នកជិតខាងខ្ញុំ ត្រូវគេចាប់បាន! ម៉ែឪប្រពន្ធកូន បញ្ចាំ និងលក់ដីស្រែអស់ពីខ្លួន ដើម្បីលស់គាត់ចេញពីឃុំ។ លួចកាប់ឈើ បានលុយតិចតួច តែបើគេចាប់បាន ខាតច្រើន និងត្រូវទោសធ្ងន់ ខ្ញុំក៏ឈប់ប្រថុយដើរព្រៃរកក្រញូង រកឈើទៀត”។
លោក ព្រំ ជ័យ ជាកសិករ និងទើបបន្ថែមរបរថ្មីជាអ្នកនាំភ្ញៀវឡើងភ្នំនៅដើមឆ្នាំ ២០២០ ខណៈមានភ្ញៀវទេសចរផុសផុលទៅកម្សាន្តនៅតំបន់ ខ្នងផ្សារ ខ្នងក្រពើ ជួរភ្នំក្រវ៉ាញ។
និយាយដោយញញឹមញញែមតិចៗ លោក ព្រំ ជ័យ បានឱ្យដឹងថា ប៉ុន្មានឆ្នាំនេះ អ្នកនិយមដើរព្រៃកើនច្រើន មានមកជាក្រុមមិត្តភក្ដិ ក្រុមគ្រួសារ ឬក្រុមហ៊ុនក៏មាន ដែលមានទាំងអ្នកដើរនៅដើមសប្ដាហ៍ និងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាក មានចាប់ពីរយៈពេលពី ២ថ្ងៃ មួយយប់ ឡើងដល់ ៥ថ្ងៃ ឬមួយអាទិត្យពេញក៏មាន សម្រាប់អ្នកដើរថតរូបក្នុងព្រៃ។
សម្រាប់ចំណូលបានពីការជូនភ្ញៀវដើរព្រៃនេះ គឺបាន ១ថ្ងៃ ៨ម៉ឺនរៀល ហើយជួនកាលភ្ញៀវអាណិត គេឱ្យថែមក្រៅទៀត មុនពេលភ្ញៀវលាគ្នាត្រឡប់ទៅផ្ទះវិញ។ តួនាទីរបស់លោក គឺនាំភ្ញៀវទៅកាន់តំបន់ស្អាតៗ ដូចជាកន្លែងដែលមើលឃើញ ថ្ងៃរះ ថ្ងៃលិច ទេសភាពវាលស្មៅ វាយផ្កា ពិសេសកន្លែងមានទឹកធ្លាក់ កន្លែងដែលលោកស្គាល់ច្បាស់ និងប្រាកដថា មានសុវត្ថិភាពសម្រាប់ភ្ញៀវ សូម្បីតែកន្លែងសម្រាកគេងយប់ក្ដី។
បុរសច្រមុះស្រួច ភ្នែកធំ សម្បុរស្រអែមស្រស់រូបនេះ បានឱ្យដឹងថា៖ “អ្នកជូនភ្ញៀវដើរព្រៃ អាចមានគ្នាចាប់ពី ២-៣នាក់ ឡើងទៅ យោងតាមចំនួនភ្ញៀវ ដើម្បីជួយស្ពាយប្រដាប់ប្រដាររបស់ភ្ញៀវផង ក៏ដូចជាមានអ្នកនាំផ្លូវដើរខាងមុខ អ្នកនៅខាងក្រោយ ដើម្បីរង់ចាំ និងការពារសុវត្ថិភាពភ្ញៀវដើរយឺត ឬជួយភ្ញៀវករណីមានបញ្ហា ឬដួលក្រិចជើងដើរមិនរួម ជាដើម។ ហើយយើងក៏មានតួនាទីរកកន្លែងស្នាក់ រកទឹកដើម្បី ដាំបាយ ធ្វើម្ហូបជូនភ្ញៀវផងដែរ។ ១ថ្ងៃ ត្រូវដាំបាយធ្វើម្ហូប២ដង ទីមួយ ពេលព្រឹក សម្រាប់ភ្ញៀវញ៉ាំពេលព្រឹក និងខ្ចប់ទុកញ៉ាំពេលថ្ងៃ និងមួយពេលទៀតគឺ ធ្វើអាហារពេលយប់”។
បញ្ហារបស់អ្នកដើរព្រៃ លោក ព្រំ ជ័យ បានឱ្យដឹងថា មិនមានបញ្ហាធំដុំទេ សម្រាប់លោក ព្រោះលោកស៊ាំនឹងស្ថានភាពអស់នោះទៅហើយ អ្វីដែលសំខាន់ គឺភ្ញៀវសប្បាយចិត្ត និងមានសុវត្ថិភាព នោះហើយជាក្ដីសុខរបស់លោក។
លោក ជ័យ បានអះអាងថា ពីមុនលោកក៏មិនចង់ដើរទាក់សត្វ និងកាប់ឈើខុសច្បាប់ធ្វើជាអាជីពចិញ្ចឹមជីវិតដែរ តែមិនដឹងរកអី ដ្បិតធ្វើចិញ្ចឹមសត្វ ធ្វើស្រែចម្ការក៏មិនសូវបានផល បើបានផលតិចតួច ក៏ពិបាកយកទៅលក់នៅទីផ្សារឆ្ងាយ ទើបមានតែរកកាប់ឈើ និងរកក្រញ៉ូងក្នុងព្រៃធម្មជាតិ ខណៈនោះក៏មានឈ្មួញសួររកទិញដល់ភូមិ ហើយអាជ្ញាធរក៏មិនទាន់រឹតបន្តឹងខ្លាំងដូចបច្ចុប្បន្ន។
លោក ព្រំ ជ័យ រៀនបានថ្នាក់ទី៩ ក៏បោះបង់ការសិក្សា ដោយសារសាលានៅឆ្ងាយ ហើយលោកជាកូនច្បងត្រូវជួយទំនុកបំរុងគ្រួសារ។ លោករៀបការនៅឆ្នាំ ២០០៥ ជាមួយ នារីកសិករក្នុងភូមិ បច្ចុប្បន្នលោកមានកូនចំនួន ៣នាក់ កូនស្រីទី១ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ កូនប្រុសទី២ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ និងកូនប្រុសពៅអាយុ ៧ឆ្នាំ រៀនថ្នាក់ទី១។
លោកបានលើកឡើងថា ភ្ញៀវឡើងភ្នំ មិនដែលបញ្ចេញសម្ដី ឬកាយវិការ មើលងាយរើសអើង លោកទេ ពួកគេរួសរាយដាក់លោក តែគឺលោកទេដែលខ្លាចចិត្ត និងមិនហ៊ាននិយាយលេងសើចច្រើនជាមួយភ្ញៀវ តែបើភ្ញៀវណាសួរនាំអ្វី លោកតែងឆ្លើយតបគ្រប់យ៉ាងតាមអ្វីដែលលោកអាចឆ្លើយបាន ដោយភ្ញៀវខ្លះចង់ដឹងពីជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាប្រវត្តិ និងទីតាំងស្អាតៗនៅតំបន់ព្រៃភ្នំ។
លោកលើកឡើងថា៖ “ខ្ញុំឃើញភ្ញៀវអ្នកឡើងភ្នំក្មេងៗ ស្លៀកពាក់ស្អាតៗ និយាយពិរោះ ខ្ញុំចេះតែអៀន ព្រោះខ្ញុំនិយាយរដឺន។ ឃើញគេបានរៀនខ្ពស់ បានធ្វើការល្អ ខ្ញុំចង់ឱ្យកូនខ្ញុំដូចគេដែរ កុំឱ្យរៀនតិចដូចខ្ញុំ ពិបាករកការងារធ្វើ។ ទើបខ្ញុំខំជូនភ្ញៀវដើរព្រៃ ជួនកាលទើបចុះដល់ភូមិ ក៏មានក្រុមភ្ញៀវថ្មីមកទាក់ទង ខ្ញុំក៏ទទួលស្ពាយអីវ៉ាន់ និងជួនភ្ញៀវឡើងភ្នំទៀត។ ព្រោះបើដល់ខែភ្លៀង លែងសូវមានអ្នកដើរព្រៃទៀតហើយ ឯផ្លូវក៏ពិបាកដើរ”។
តំបន់ធម្មជាតិខ្នងក្រពើ ជាឋានសួគ៌លាក់ខ្លួននៅជួរភ្នំក្រវ៉ាញកណ្តាល ស្ថិតនៅក្នុងខេត្តកោះកុង ស្រុកថ្មបាំង ឃុំប្រឡាយ ប៉ុន្តែការធ្វើដំណើរទៅលេងគឺតាមស្រុកឪរ៉ាល់ ឃុំរលាក់កងជើង ភូមិខ្ទេះ ឬភូមិតាំងបំពង់។ ភ្នំខ្នងក្រពើមានចម្ងាយប្រហែល ១៣ គីឡូម៉ែត្រ ពីភូមិខ្ទេះ ដែលអាចធ្វើដំណើរដោយគោយន្តចំងាយ ៤ ទៅ៥ គីឡូម៉ែត្រ ហើយធ្វើដំណើរដោយថ្មើរជើងប្រហែល ៨ ទៅ ៩ គីឡូម៉ែត្រ ឆ្លងកាត់ព្រៃ និងឡើងភ្នំ។ ខ្នងក្រពើ មានអាកាសធាតុត្រជាក់ប្រហែល ១៥ អង្សារនៅពេលយប់ ខ្យល់បក់ខ្លាំង មានអ័ព្ទ ពពកហោះប្រលែងគ្នាលេង ហើយភ្លៀងជាប្រចាំនៅខែវស្សា បើមានសំណាង ភ្ញៀវនឹងអាចស្តាប់ទោចច្រៀងបំពេរ ជួបជ្រូកព្រៃ សត្វខ្ទីង ជាដើម។
វត្តមានភ្ញៀវទេសចរជាបន្តបន្ទាប់ចូលទៅដើរព្រងព្រេងកម្សាន្តនៅតំបន់ព្រៃ គឺជាដង្ហើមរបស់ប្រជាសហគមន៍កាត់បន្ថយ និងបញ្ឈប់ពួកគាត់មិនឱ្យប្រកបរបរចាប់សត្វ កាប់ឈើលក់ខុសច្បាប់បន្តទៀត។ ក្រៅពីការផ្ដល់សេវាជូនភ្ញៀវដើរព្រៃ ឬជួយស្ពាយអីវ៉ាន់ភ្ញៀវឡើងភ្នំជាដើមនោះ ពួកគាត់ក៏អាចទទួលចំណូលបានពីការលក់ដូរអនុផល និងដំណាំក្នុងភូមិ ភេសជ្ជៈ ម្ហូបអាហារ ជូនភ្ញៀវ ដើម្បីដោះស្រាយជីវភាពគ្រួសារ និងបញ្ជូនកូនទៅសិក្សា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង