KPT+
ពីសិស្សក្រីក្រទទួលអំណោយ ក្លាយជាអ្នកដឹកនាំការចែកអំណោយសិស្សជាង ១០០ ក្រុម
“អ្វីដែលយើងរំពឹងនោះ គឺប្អូនៗក្មួយៗ ប្រមាណ ៤០០នាក់ ដែលយើងជួយជារៀងរាល់ឆ្នាំនៅទឹកដីជីផាតនេះ ហោចណាស់ ១០នាក់យ៉ាងតិច អាចបន្តការសិក្សាថ្នាក់ឧត្តម។ វាអាចគ្រាន់ជាសុបិន្តមួយ តែគ្មានអ្វីដែលមិនអាចទៅរួច ប្រសិនទឹកចិត្ត ឆន្ទៈ ក្រោមគោលដៅរួមតែមួយ”។

នេះជាការលើកឡើងរបស់ លោក ឯម ស៊ីដា សម្រាប់ទិវាកុមារ ឆ្នាំ២០២២ ដែលលោកគឺជាអ្នកដឹកនាំកម្មវិធី “១ មិថុនា ទំពាំងខ្ញុំ” ធ្វើសកម្មភាពសប្បុរសធម៌ជួយសម្រួលការខ្វះខាត និងផ្ដល់សម្ភារៈសិក្សា អាហារូបត្ថម្ភ សម្ភារៈអនាម័យ ដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលជាង ១០០ ទីតាំង។ ក្នុងនោះចំពោះលោកផ្ទាល់ លោកបានកំណត់ទីតាំង និងគោលដៅជាក់លាក់ ក្នុងការជួយសិស្សានុសិស្ស ជិត ៤០០ នាក់ ទាំង២សាលាបឋមសិក្សា នៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
លោក ឯម ស៊ីដា បានរម្លឹកពីអតីតកាលរបស់ខ្លួនថា ក្រោមប្រទេសជាតិមានសុខសន្តិភាព គ្រួសាររបស់បានចាកចេញពីជំរុំទល់ដែន មករស់នៅជាយរាជធានីភ្នំពេញ ដែលកាលណោះ ជម្ពូវ័ន្ត ជាតំបន់ពោរពេញដោយវាលស្រែនៅឡើយ។ ដំណាក់កាលចាប់ផ្ដើមសាងជីវិតថ្មីលើទឹកដីកំណើត គ្រួសាររបស់លោកមានជីវភាពមិនប្រសើរឡើយ ដោយសូម្បីតែ លោកជាកុមារ ក៏ដើរស៊ីឈ្នួលដក ស្ទូង ច្រូតស្រូវឱ្យគេ ដើម្បីបានថវិកាខ្លះមកដោះស្រាយជីវភាពគ្រួសារ និងយកមកសិក្សា។

លោក ឯម ស៊ីដា បានឱ្យដឹងបន្ថែមថា៖ “ឥឡូវខ្ញុំរៀនចប់ មានការងារ និងជីវភាពល្អប្រសើរហើយ តែខ្ញុំនៅចងចាំកាលនៅរៀន ខ្ញុំធ្លាប់ទទួលបានអំណោយ សម្ភារៈសិក្សាពីសប្បុរសជន ខ្ញុំមានអារម្មណ៍រំភើប និងរីករាយខ្លាំង។ ខ្ញុំគិតថា បើខ្ញុំធំឡើង ខ្ញុំអាចចែកអំណោយ ឬសម្ភារៈសិក្សាដល់សិស្សដទៃ មិនដឹងល្អយ៉ាងណា ហើយពួកគេគឺពិតជាត្រេកអរខ្លាំងដូចខ្ញុំហើយ”។
បុរសវ័យ ៣១ ឆ្នាំរូបនេះ ធ្លាប់ចូលរួមកម្មវិធីសប្បុរសធម៌មួយចំនួនជាមួយក្រុមដទៃជាបន្តបន្ទាប់ ហើយលោកបានចាប់ផ្ដើម ដាក់គោលដៅ នៅសាលាតំបន់ដាច់ស្រយាល នៃសហគមន៍ជីផាត គ្រាដែលលោកបានមកកម្សាន្តនៅទីនោះ។

លោក ឯម ស៊ីដា បញ្ជាក់ថា៖ “ពីមុន យើងគ្រាន់តែជួយពីមួយកន្លែង ទៅមួយកន្លែង។ ក្រោយមក ខ្ញុំក៏ដាក់គោលដៅ ទីតាំងមួយឱ្យជាក់លាក់ ដើម្បី តាមដាន និងចង់ឃើញផ្លែផ្កាពិតប្រាកដនៃការជួយនោះ តើសិស្សនៅតំបន់ដាច់ស្រយាលនេះអាចបន្តសិក្សាដល់ថ្នាក់ណា និងតើនៅជួបបញ្ហាអ្វីខ្លះ? តែខ្ញុំតាំងចិត្តថា នឹងជួយទំនុកបំរុងសិស្សនៅតំបន់ជីផាត ឱ្យដល់ចូលរៀននៅសាកលវិទ្យាល័យ”។
ក្រៅពីដាក់គោលដៅជួយសិស្សានុសិស្សនៅតំបន់ជីផាត លោកក៏បានបណ្ដុះយុវជន និងមិត្តភក្ដិបងប្អូនជាង ១០០នាក់ទៀត ឱ្យដឹកនាំសកម្មភាពសប្បុរសធម៌នេះ នៅតាមខេត្តកំណើត និងតំបន់ដែលពួកគេចាប់អារម្មណ៍ចង់ជួយ។

លោក ឯម ស៊ីដា លើកឡើងថា៖ “អ្វីដែលខ្ញុំចង់ធ្វើ គឺមិនមែនមានតែខ្ញុំទេ គឺបណ្ដុះទឹកចិត្តយុវជនដទៃទៀត ឱ្យបែកខ្ញែកកាន់តែច្រើនចូលរួមធ្វើសកម្មភាពជួយសង្គម ឬជួយអ្នកជុំវិញខ្លួន អ្នករស់នៅខេត្តរបស់ខ្លួន និងជួយជនរួមជាតិ តាមលទ្ធភាពនៃការខំប្រឹងរបស់ពួកគេ ក្រៅពីការសិក្សា ការងារ និងជំនួញរកស៊ីប្រចាំថ្ងៃ”។
ស្វាមី និងជាឪពុករបស់កូនស្រី វ័យ៤ឆ្នាំរូបនេះ បញ្ជាក់ថា ជំនួយសម្រាប់ជួយ និងផ្ដល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កន្លងមក គឺបានពីការបរិច្ចាគផ្ទាល់របស់លោក និងគ្រួសារ ព្រមទាំងការស្នើជំនួយពីក្រុមហ៊ុនផលិតផលនានា រួមទាំងការចូលរួមបរិច្ចាគតាមសទ្ធា និងលទ្ធភាពរបស់ញាតិមិត្ត និងមហាជន ដែលបានស្គាល់ក្រុមរបស់លោក និងអ្នកឃើញការបង្ហោះតាមបណ្ដាញសង្គម។

គួរបញ្ជាក់ថា ក្នុងទិវាសិទ្ធិកុមារអន្តរជាតិ ឆ្នាំ២០២២ នេះ ជាលើកទី៧ហើយ ដែលលោក ឯម ស៊ីដា បានដឹកនាំក្រុមធ្វើសកម្មភាពសប្បុរសធម៌នេះ នៅតំបន់ជីផាត។ ថ្វីដ្បិតអស់រយៈកាលប្រមាណ២ឆ្នាំកន្លងមកនេះ ការជួបជុំផ្សេងៗត្រូវបានខកខាន ប៉ុន្តែលោកក៏បានទៅជួបប្អូនៗសិស្សានុសិស្សលក្ខណៈទ្រង់ទ្រាយតូច ក្នុងស្ថានភាពប្រុងប្រយ័ត្នបំផុតលើហានិភ័យនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា