KPT+
នាយកដ្ឋានភាពយន្ត ប្រតិកម្ម ក្រោយឈុតខ្លី រឿង បុព្វេសន្និវាស ២ បង្ហាញផែនទីមិនប្រក្រតី
មហាជនខ្មែរផ្ទុះការមិនពេញចិត្ត និងបានលើកឡើងតាមបណ្ដាញសង្គម ចំពោះករណី ឃើញឈុតផ្សព្វផ្សាយខ្លី នៃ ភាពយន្តខ្នាតធំថៃ “បុព្វេសន្និវាស ២” ដែលបាន និងកំពុងបញ្ចាំងនៅតាមបណ្ដារោងភាពយន្តនៅកម្ពុជា បានបង្ហាញឈុតផែនទី មិនប្រក្រតីរវាងកម្ពុជា និងថៃ។ ករណីនេះ ក៏មានប្រតិកម្មពីនាយកដ្ឋានភាពយន្តផងដែរ។


លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ភាពយន្តបញ្ចាំងតាមរោងភាពយន្តត្រូវទទួលទិដ្ឋាការក្នុងការផ្សព្វផ្សាយជាមុន ដោយមានការពិនិត្យពីក្រុមការងាររបស់នាយកដ្ឋានភាពយន្ត ដែលជាគណៈកម្មការក្នុងការពិនិត្យផ្តល់ទិដ្ឋាការ និងការធ្វើចំណាត់ថ្នាក់។ សម្រាប់ភាពយន្តរឿង បុព្វេសន្និវាស ២ នេះ គឺនាយកដ្ឋានភាពយន្តបានពិនិត្យ និងបានផ្តលទិដ្ឋាការរួចហើយ ដោយសាច់រឿងទាំងមូលដែលមានរយៈពេលជិត ៣ ម៉ោងោះ ពុំមានរូបភាពណាមួយដូចនៅក្នុងវីដេអូឃោសនាដែលមានរូបផែនទីហ្នឹងទេ សូម្បីតែខ្លឹមសារសាច់រឿងក៏មិនមានរូបភាពអ្វីដែលប៉ះពាល់ដែរ។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្តថា៖ “បើយើងពិនិត្យមើលជា Trailer (ឈុតផ្សព្វផ្សាយខ្លី) របស់គាត់ Trailer ដែលគាត់ធ្វើការផ្សព្វផ្សាយនោះ គឺក៏មិនមានដែរ មិនមាននូវរូបភាពទាំងអស់នោះទេ។ ប៉ុន្តែសម្រាប់រូបភាពដែលមាន ប្រតិកម្មកើតឡើង គឺជារូបភាពមួយដែលធ្វើជា Promotion (ឃោសនាវីដេអូ) ដែលមានការសម្ភាស ជាមួយតួ ជាមួយអ្នកដឹកនាំរឿង ជាមួយអ្នកសរសេរអត្ថបទនិពន្ធ ហើយយើងឃើញមានមែននៅក្នុងក្បាលដំបូង ដែលដាក់រូបភាព (ផែនទី) បែបនោះមក។ ហើយការបង្ហោះនេះ គឺមិនមានការឆ្លងកាត់ការពិនិត្យពីយើងទេ មានន័យថាវីដេអូឃោសនានេះធ្វើដោយក្រុមហ៊ុនអ្នកផលិតទេ ប៉ុន្តែអត់មានឆ្លង [ការអនុញ្ញាត] ពីយើងទេ ហើយក្រោយពីបានឃើញនូវបញ្ហាហ្នឹង ខ្ញុំក៏បានឱ្យមានការលុបចោលជាបន្ទាន់ ហើយយើងធ្វើការពិនិត្យមើលសិន ថាតើកំហុសនេះកើតឡើងដោយអចេតនា ឬក៏មានចេតនាណាមួយ?”។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មានប្រសាសន៍ថា យើងកំពុងពិនិត្យមើលថាវាកើតឡើងដោយបញ្ហាណា ជាចេតនា ជាអ្វី ឬជាកំហុសឆ្គងនៃការបកប្រែ ព្រោះបើយើងពិនិត្យមើលសាច់រឿងទាំងមូល គឺរឿងនេះ កើតឡើងនៅអំឡុងសតវត្សទី១៨-១៩ ហើយយើងក៏ដឹងដែរប្រវត្តសាស្ត្រដែលធ្លាប់កើតឡើង។ ប៉ុន្តែជាក់ស្ដែង ក្នុងរឿង អត់បានពន្លេចចំណុចហ្នឹងទេ អ៊ីចឹងហើយ យើងកំពុងរកការពិត ថាតើមូលហេតុអ្វី គេដាក់ចំណុចហ្នឹងមក ជាកំហុសឆ្គងការបកប្រែ ជាចេតនា ឬអចេតនា ណាមួយ។

លោក ប៉ុក បូរក្ស បញ្ជាក់ថា សាច់រឿងភាពយន្តដែលប៉ះពាល់កម្ពុជា នាយកដ្ឋានភាពយន្តមិនអនុញ្ញាតឱ្យបញ្ចាំងនៅកម្ពុជាទេ តែករណីប្រតិកម្មនេះមិនមាននៅក្នុងសាច់រឿង ពោលគឺកើតតែក្នុង Promotion (ការផ្សព្វផ្សាយ) វីដេអូផ្សេង ដែលមិនមាននៅក្នុងសាច់រឿងទាល់តែសោះ។ លោកលើកបង្ហាញបន្តថា ការកំណត់ចំណាត់ថ្នាក់ភាពយន្តនៅកម្ពុជាមាន ៣ គឺសម្រាប់ ទស្សនិកជនទូទៅ សម្រាបទស្សនិកជនអាយុ ១៥ ឆ្នាំ និង ១៨ឆ្នាំ និងក្នុងករណីខ្លះមានខ្លឹមសារអាសអាភាស ឬសាហាវឃោរឃៅ ឬប៉ះពាល់អ្វីមួយ គឺមិនអនុញ្ញាតបញ្ចាំងទេ។

គួរបញ្ជាក់ថា ភាពយន្តរឿង “បុព្វេសន្និវាស” ដំបូងឡើយជាភាពយន្តភាគបញ្ចាំងនៅទូរទស្សន៍ថៃ បង្ហាញពីស្នេហាឆ្លងជាតិ ដោយបានបញ្ចូលវប្បធម៌ និងប្រវត្តិសាស្ត្រថៃ ក្នុងនោះក៏ធ្លាប់បង្ហាញទំនាក់ទំនងកម្ពុជា ថៃ ក្នុងសម័យអយុធ្រា ដែលភាពយន្តមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ក្រោមមក ផលិតករបានបន្តផលិតជាភាពយន្តខ្នាតធំសម្រាប់បញ្ចាំងលក់សំបុត្រនៅរោងភាពយន្ត គឺរឿង បុព្វេសន្និវាស វគ្គ២ នេះតែម្ដង។

ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកស្នេហាវប្បធម៌ជាតិមានការបារម្ភថា ភាពយន្តនេះអាចនឹងធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភន្តច្រឡំពាក់ព័ន្ធផ្នែកវប្បធម៌ ខណៈថៃទើបកកើតជារដ្ឋនៅសតវត្សទី១២ ហើយមានវប្បធម៌ស្រដៀងកម្ពុជា ប៉ុន្តែថៃមានឱកាសច្រើនក្នុងការផ្សព្វផ្សាយដល់អន្តរជាតិ ពិសេសតាមរយៈសិល្បៈ និងភាពយន្ត។ ជាមួយនឹងការគាំទ្រនៅកម្ពុជា ក៏មានមហាជនកម្ពុជាមួយចំនួនបានប្រកាសលើបណ្ដាញសង្គមថានឹងមិនយកលុយទិញសំបុត្រទស្សនាភាពយន្តនេះ ប្រសិនជាមិនអាចបញ្ឈប់ការបញ្ចាំងភាពយន្តនៅកម្ពុជាបាន បន្ទាប់ពីធ្លាប់មានការមិនពេញចិត្តចំពោះភាពយន្តនេះ ដែលបានយកផ្ការំដួល បុប្ផាជាតិខ្មែរ ដាក់ក្នុងផ្ទាំងផ្សព្វផ្សាយភាពយន្ត ក៏ដូចជា គេហទំព័រមួយ បានលើកឡើងពីឥទ្ធិពលភាពយន្ត និងវប្បធម៌ថៃ គ្របដណ្ដប់លើយុវជនកម្ពុជា រហូតមិនស្គាល់អត្តសញ្ញាណជាតិខ្លួន៕
អត្ថបទ៖ ច័ន្ទ វីរៈ
ចុចអានព័ត៌មានពាក់ព័ន្ធ៖ រឿង បុព្វេសន្និវាស ២ អាចនឹងដកការចាក់បញ្ចាំងនៅកម្ពុជា ឬទេ?


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ