KPT+
លទ្ធផលសំខាន់ៗ អាជ្ញាធរជាតិអប្សរា សម្រេចបាន កំលុងតំបន់អង្គរសម្រាកទទួលទេសចរ
រយៈពេលវិបត្តិកូវីដ-១៩ ដែលស្ងប់ស្ងាត់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តទស្សនាតំបន់រមណីដ្ឋានអង្គរ ហាក់បីដូចជាទុកពេលឱ្យតំបន់អង្គរបានសម្រាកទទួលភ្ញៀវនោះ ប៉ុន្តែអាជ្ញាធរជាតិអប្សរា មិនបានស្ងាត់ស្ញៀមនោះឡើយ ដោយខិតខំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទនានាឥតឈប់ឈរ។

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កិច្ចការងារជួសជុល អភិរក្សប្រាង្គប្រាសាទ គឺជាផ្នែកមួយយ៉ាងសំខាន់។ ដើម្បីស្ដារទេសចរឡើងវិញ អាជ្ញាធរបានជួសជុលប្រាង្គប្រាសាទដូចជា ប្រាសាទស្រះស្រង់ ដែលស្ថិតនៅកណ្ដាលស្រះស្រង់ ហើយបានបាត់រូបរាងទាំងស្រុងរាប់សតវត្សទៅហើយ យើងបានធ្វើឱ្យប្រាសាទនោះលេចត្រដែតជាថ្មីឡើងវិញ។

លោក ឡុង កុសល មានប្រសាសន៍ថា៖ “គឺយើងបានធ្វើឱ្យទេសភាពវប្បធម៌នាសតវត្សទី១២ ឱ្យរស់ឡើងវិញនាសតវត្សទី២១ នេះ។ នេះមិនមែនជារឿងចៃដន្យទេ តែជាការងារដែលយើងអនុវត្តស្របតាមចក្ខុវិស័យ យកបញ្ហាប្រឈម ឱ្យក្លាយជាកាលានុវត្តភាព គឺយើងធ្វើការងារទាំងអស់នោះដើម្បីអនាគត ក្រោយពីបញ្ចប់បញ្ហាកូវីដ យើងនឹងអាចទទួលភ្ញៀវទេសចរបានច្រើនឡើងវិញ”។

អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា រូបនេះ មានប្រសាសន៍បន្តថា អាជ្ញាធរអប្សរាបានខិតខំធ្វើការងារជាច្រើនផ្សេងទៀត ពាក់ព័ន្ធជាមួយការជួសជុលប្រាង្គប្រសាទនេះ មានដូចជា ខ្លោងទា្វរតាកាវ, កស្សិន ស្ពានហាល កំពង់ទឹកស្ពានហាល នៃ ប្រាសាទអង្គរវត្ត, ជួលជុលប្រាសាទបាយន្ត ព្រលានជល់ដំរី នៅតំបន់បន្ទាយស្រី និងកិច្ចការជាច្រើនទៀត ក៏ដូចជា បានរៀបចំឱ្យមានការអភិវឌ្ឍប្រកបដោយចេរភាពនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបរិស្ថាន ទេសភាព។

លោក ឡុង កុសល មានប្រសាសន៍ថា៖ “ឧទាហរណ៍ យើងអាចលើកទិដ្ឋភាពជាក់ស្ដែង នៅមុនឆ្នាំ២០២០ នៅខាងមុខ ឬផ្នែកខាងលិចនៃប្រាសាទអង្គរ មានការលក់ដូរគ្មានរបៀបរៀបរយ គ្មានអនាម័យ ហើយដីបែកភក់នៅរដូវវស្សា ហើយហុយដីនៅរដូវប្រាំងដោយសារទីចំណតរៀបចំពុំទាន់បានល្អប្រសើរ។ ក្នុងរយៈពេលចាប់តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន បរិវេណមុខប្រាសាទអង្គរបានប្រែក្លាយជាតំបន់បៃតង មានដើមឈើទេសភាពល្អប្លែក ពុំមានការលក់ដូររញ៉េរញ៉ៃ ពុំមានការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ ពុំមានការដក់ទឹកនៅរដូវរស្សា ហុយដីនៅរដូវប្រាំងនោះទេ”។


គួរបញ្ជាក់ថា បន្ទាប់ពីស្ថានភាពបញ្ហាកូវីដ-១៩ បានធូរស្រាល ចរន្តភ្ញៀវទេសចរណ៍បានកើនឡើងជាលំដាប់ ក្នុងនោះសម្រាប់ខេត្តសៀមរាប រយៈពេល ៧ ខែដើម ឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១ ២៤២ ៨៥៤ នាក់ កើនឡើង ៨៩០% ប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១ ១៥៩ ០០០ នាក់ កើនឡើង ៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣ ៨៥៤ នាក់ កើនឡើង ១ ៣៥២%។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ