KPT+
បទយកការណ៍៖ ចំណុចពិសេស ដែលភាពយន្តខ្មែរអាចប្រជែង ជាមួយភាពយន្តបរទេស
បណ្ដាផលិតកម្មផលិតភាពយន្តខ្នាតធំ ឬភាពយន្តបញ្ចាំងរោងកម្ពុជា កំពុងប្រឹងវារលូនតោងហែលដណ្ដើមទីផ្សារក្នុងស្រុកជាមួយភាពយន្តបរទេស ខណៈភាពយន្តបរទេសទាំងនោះត្រូវបានជ្រើសរើស ឬជាភាពយន្តល្បីពីបរទេសស្រាប់។
ទន្ទឹមពេលវិស័យភាពយន្តកម្ពុជាមិនទាន់រីកចម្រើន ឬមិនអាចចំណាយប្រហែលពាក់កណ្ដាលនៃភាពយន្តប្រទេសជិតខាង តើភាពយន្តខ្មែរគួរមានចំណុចទាក់ទាញអ្វីដើម្បីប្រជែងលើសមរភូមិផ្ទាំងសំពត់សនេះ?
ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ និងជាកវីនិពន្ធឆ្នើមដែលធ្លាប់មានស្នាដៃសរសេរប្រលោមលោក ភាពយន្តភាគ ភាពយន្តអប់រំខ្លី ទទួលជ័យលាភីជាច្រើននោះ លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើម្បីប្រឡងប្រជែងជាមួយភាពយន្តបរទេស ជាពិសេសគឺប្រទេសថៃ ផលិតករខ្មែរយើងគួរតែផលិតរឿងមានលក្ខណៈបែបវប្បធម៌ ឆ្លុះបញ្ចាំងពីអ្វីដែលយើងមានប្រៀបលើជាតិគេ ហើយគេធ្វើមិនបាន ហើយពុំមានដូចជាយើង ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បឹងទន្លេសាប ជាពិសេសទឹកចិត្តដ៏ទូលាយរបស់ជនជាតិខ្មែរយើងដែលមិនរើសអើងចំពោះអ្នកជំងឺកូវីដដែលធ្វើដំណើរតាមកប៉ាល់នោះជាដើម។
លោក យូ សុភា មានប្រសាសន៍ថា៖ “ភាពយន្តមួយល្អត្រូវពឹងផ្អែកលើ៖ អត្ថបទរឿង ការដឹកនាំរឿង តួអង្គ ការចាប់ប្លង់ថត ការតុបតែងមុខ សម្លៀកបំពាក់ ការប្រើប្រាស់សំឡេងរបស់តួអង្គទៅតាមសាច់រឿង ការកាត់ត ការបញ្ចូលភ្លេងប្រកប បទចម្រៀងស្របតាមដំណើររឿង។ល។ ចំណែកអត្ថបទរឿងដុំមួយដែលល្អត្រូវមានឈុត៖ កម្សត់ កំប្លែង រន្ធត់ញាប់ញ័រ ការអប់រំ។ ការចំណាយទុនក៏ជាកត្តាសំខាន់មួយដែលអាចញ៉ាំងឱ្យភាពយន្តមានគុណភាពកាន់តែល្អដែរ ជាពិសេសត្រូវតែមានធាតុថ្មី ប្លែកភ្នែកមិនធ្លាប់មាន បង្កប់ក្នុងរឿងដើម្បីទាក់ទាញទស្សនិកជន”។
សាស្តាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះយល់ឃើញថា ភាពយន្តខ្នាតធំកម្ពុជាបច្ចុប្បន្ន ពុំសូវមានដំណើរការល្អទេ ព្រោះផលិតករពុំហ៊ានចំណាយទុនទៅលើវិស័យនេះ ដោយខ្លាចពុំទទួលបានផលចំណេញមកវិញសមតាមបំណង ជាពិសេសការមើលឃើញពីចំនួនអ្នកនិយមទស្សនាភាពយន្តតាមរោងមានចំនួនតិចតួច ក៏ជាឧបសគ្គដែលនាំឱ្យរាំងស្ទះដល់ឆន្ទៈរបស់ផលិតករ។ លើសពីនេះទៀត ការបែងចែកផលកម្រៃទៅឱ្យខាងរោងភាពយន្តក៏ជាបញ្ហាមួយដែលនាំឱ្យមានការកាន់តែថយចុះនៃផលចំណេញពីវិស័យនេះផងដែរ។
សព្វថ្ងៃយើងឃើញថា ទស្សនិកជន ជាពិសេសយុវជនខ្មែរ កាន់តែចាប់អារម្មណ៍ទស្សនាភាពយន្តកម្ពុជាជាបន្តបន្ទាប់ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ផលិតករខ្មែរ បង្កើនគុណភាពភាពយន្តរបស់ខ្លួន។
ចំណែក CEO ផលិតកម្ម Sastra Film អ្នកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ន លោកស្រីសង្កេតឃើញភាពយន្តភាគខ្មែរមានសំទុះគាំទ្រពីប្រជាជនច្រើន បើប្រៀបធៀបជាង ៥ ឆ្នាំមុន។ ប៉ុន្តែចំពោះភាពយន្តបញ្ចាំងរោង បរិមាណនៅមានចំនួនតិច ហើយគុណភាពមានការឡើងចុះ មិនទាន់ឋេរ ពោលមានរឿងខ្លះល្អ មានរឿងខ្លះគុណភាពនៅទាប។
លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ថា៖ “ភាពយន្តល្អ អាស្រ័យលើគុណភាពផលិត។ គុណភាពនៃការផលិតនេះ យើងមិនអាស្រ័យថាទាល់តែរឿងនោះចំណាយលុយច្រើនទេ គុណភាពគឺសំដៅភាពសមរម្យដែលអាចទទួលយកបាន ដូចជាគុណភាពរូបភាពដែលមានកម្រិតត្រជាក់ភ្នែក ការថតត្រូវក្បួនខ្នាតកុន Script (អត្ថបទភាពយន្ត) ដំណើររបស់រឿងមានភាពទាក់ទាញ តួសម្ដែងលេងមិនឆ្គង ការផលិតយកចិត្តទុកដាក់ខ្ពស់។ ជារួម ខ្ញុំចង់និយាយថា ធ្វើការដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៃភាពយន្ត វាអត់ទាក់ទងនឹងលុយទេ គឺវាទាក់ទងនឹងការយកចិត្តទុកដាក់ខ្ពស់ពីមនុស្សគ្រប់ផ្នែក”។
អ្នកនិពន្ធ និងជាម្ចាស់ក្រុមហ៊ុន Sastra Film រូបនេះ លើកឡើងថា ភាពយន្តខ្មែរមិនចាំបាច់ប្រជែងជាមួយភាពយន្តគេទេ ព្រោះបើយើងប្រជែងជាមួយគេ គឺពិបាក ប៉ុន្តែយើងគួរបង្កើតអ្វីជារបស់ខ្លួនឯង ហើយមានលក្ខណៈពិសេស។
លោកស្រី ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា៖ “យើងគួរគិតថា តើយើងអាចធ្វើអ្វីបាន? យើងមើលលើសមត្ថភាពយើង ហើយខ្ញុំគិតថា រឿងរបស់យើងមានអ្វីច្រើនដែលយើងអាចបញ្ចេញបាន ហើយមែនទែន មិនបាច់ចាំទាល់តែដូចគេទេ។ ខ្ញុំឧទាហរណ៍អ៊ីចេះ បើធ្វើឱ្យដូចគេ ទស្សនិកជនខ្មែរទៅមើលរឿងថៃហើយ អ៊ីចឹងយើងត្រូវធ្វើអ្វីដែលជារបស់ខ្មែរ ហើយយើងធ្វើឱ្យមានគុណភាពចេញពីការយកចិត្តទុកដាក់”។
ថ្វីដ្បិតការផលិតភាពយន្តកម្ពុជាមានការកើនឡើង ប៉ុន្តែគេសង្កេតឃើញថា និន្នាការនៃការផលិតកុនរបស់ផលិតករខ្មែរ ហាក់ដូចជាមិនមានភាពសម្បូរបែបនៅឡើយ។ ភាពយន្តខ្មែរដែលត្រូវបានផលិត និងដាក់បញ្ចាំងនៅតាមរោងកុន ភាគច្រើនគឺជារឿងខ្មោច និងរឿងកំប្លែង។
សមាគមផលិតករភាពយន្តខ្មែរ បង្កើតឡើងដោយមានគោលបំណង កែប្រែវិស័យភាពយន្ដកម្ពុជាឱ្យក្លាយទៅជាឧស្សាហកម្មភាពយន្ដ។ នៅក្នុងឱកាសប្រកាសបើកសមាគម លោក លៀក លីដា ប្រធានសមាគម បានថ្លែងថា ដើម្បីអាចកែប្រែវិស័យភាពយន្តកម្ពុជាបាន គឺត្រូវស្វែងរកទុនទៅដាក់ជាមួយផលិតករពិតប្រាកដ ឬអ្នកមានជំនាញផលិតភាពយន្ដច្បាស់លាស់។ លោកលើកឡើងថា ម្ចាស់ទុនដែលមានធនធានខ្លាំង គួរផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្ដខ្មែរឱ្យបានច្រើន។
លោក លៀក លីដា មានប្រសាសន៍ថា៖ “ដូចជាផលិតកម្មខ្ញុំ ចេញក្នុង ១ ឆ្នាំ ៣ ទៅ ៤ រឿង ហើយផលិតកម្មផ្សេងគេប្រហែលជាគិតថា អូហ៍! ម្ចាស់ផលិតកម្មដឹកទាំងអស់ហើយ។ តែអត់ទេ ក្រោយពីយើងសន្សំបាន យើងមានធនធាន យើងជឿជាក់លើផលិតករដទៃទៀត ហើយផ្ដល់់ឱកាសឱ្យគាត់ដឹកបានច្រើន”។
ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture និងជាសមាគមផលិតករភាពយន្តខ្មែរ រូបនេះ លើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំដំបូង សមាគមផលិតករភាពយន្តខ្មែរ មិនត្រូវឱ្យសមាជិកបង់ប្រាក់វិភាគទាននោះទេ តែតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប ដើម្បីរកយុទ្ធសាស្ដ្រថ្មី រុញឱ្យវិស័យភាពយន្ដខ្មែរដើរលឿនទៅមុខ។
ពិតណាស់បច្ចុប្បន្ន វិស័យភាពយន្តខ្មែរមានសំទុះឡើងជាងមុន ទាំងចំនួនអ្នកទស្សនា ព្រមទាំងចំនួនភាពយន្ត។ ប៉ុន្តែបើនិយាយពីគុណភាពវិញ គឺនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងភាពយន្តប្រទេសដទៃក្នុងតំបន់ ដូចជាភាពយន្តចិន កូរ៉េ និងថៃជាដើម។
ងាកមកជួប ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កត្តាចម្បងនៃគុណភាពភាពយន្តគឺ ការសរសេរ និពន្ធអត្ថបភាពយន្ត ឱ្យមានភាពទាក់ទាញ ធ្វើឱ្យទស្សនិកជនចង់មើល មានភាពចង់តាមដាន។ ដើម្បីសរសេរអត្ថបទភាពយន្តមួយល្អ មិនមែនសរសេរតែមួយខែ ឬពីរខែទេ គឺត្រូវការពេលច្រើនសរសេរ ត្រូវការកែសម្រួល ត្រូវការការប្រឹក្សាយោបល់ច្រើន រួមទាំងកត្តាដើមទុន។
លោក ប៉ុក បូរក្ស មានប្រសាសន៍ថា៖ “ការកសាងភាពយន្តមួយនៅក្នុងស្រុកបច្ចុប្បន្ននេះ [ទុន] មិនលើសទេពី ៦ ម៉ឺន ទៅ ៧ ម៉ឺន [ដុល្លារ] ឬអាចចន្លោះពី ៣ ម៉ឺន [ដុល្លារ] ទៅអីហ្នឹង។ អ៊ីចឹងយើងសួរទៅវិញថា រឿងគេចាយអស់ប៉ុន្មាន? រឿងខ្លះចាយអស់រាប់លានដុល្លារ សូម្បីតែប្រទេលជុំវិញយើងនៅក្នុងតំបន់ហ្នឹងគេចាយរាប់លានដុល្លារ។ តើកម្រិតគុណភាពនៃការផលិត ការផ្ចិតផ្ចង់គុណភាព គេប៉ុនណា? ទី២ តួអង្គក៏ដូចគ្នា គេចំណាយច្រើន គេខំជ្រើសរើសតួអង្គ សាកកាមេរ៉ា យកមកបណ្តុះបណ្តាលហាត់សមជាច្រើនដង។ តែខាងភាពយន្តកម្ពុជាយើងអត់ទេ ពេលខ្លះត្រូវការថត ជូនតែប៉ារ៉ូលទៅតួអង្គ ដល់ថ្ងែថត ក៏មកថតលេងតាមតែលទ្ធភាពទៅរួច”។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះមើលឃើញថា បច្ចុប្បន្នផលិតករភាពយន្តខ្មែរបាន និងកំពុងខិតខំ ផលិតកសាងគុណភាពភាពយន្តរបស់ខ្លួន ដោយមានការហ៊ានបង្កើនទុនចំណាយលើសពី ២០-៣០ ម៉ឺនដុល្លារ ហើយទទួលបានកម្រិតបច្ចេកទេសល្អ រូបភាពល្អ ខ្លឹមសារក៏ធ្វើបានល្អច្រើន រហូតដល់ ប្រទេសជិតខាងទទួលយកទៅចាក់បញ្ចាំង។
លោក ប៉ុក បូរក្ស មានប្រសាសន៍បន្ត៖ “ឥឡូវយើងឧទាករណ៍ដូចជារឿង The Clock របស់ផលិតកម្ម LD ចុះ ដែលជារឿងទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តជាតិ របស់យើង។ យើងបានយកទៅចាក់ដោយស្មើមុខស្មើមាត់ជាលក្ខណៈ Commercial (ការធ្វើពាណិជ្ជកម្ម) នៅប្រទេស សិង្ហបុរី នៅឥណ្ឌូនេស៊ី នៅម៉ាឡេស៊ី ហើយឥឡូវនេះឥណ្ឌាកំពុងទាក់ទង ភូមាក៏កំពុងទាក់ទង។ អ៊ីចឹងមានន័យថា វាអាស្រ័យលើដើមទុនហ្នឹងឯង គួបផ្សំនឹងសមត្ថភាពអ្នកផលិត ធ្វើឱ្យរឿងនឹងកាន់តែល្អ ហើយអាចងាយស្រួលក្នុងការពង្រីកទីផ្សារទៅក្រៅប្រទេសបាន”។
លោក ប៉ុក បូរក្ស លើកឡើងថា ភាពយន្តទាំងអស់ដែលបញ្ចាំងនៅបរទេសក៏ដូចកម្ពុជា គឺមានមួយភាពយន្តចំនួនក៏អត់មានទទួលការគាំទ្រដែរ មិនមែនភាពយន្តគេទាំងអស់ទទួលបានការគាំទ្រទេ។ ពេលខ្លះ ដល់ថ្នាក់ផលិតករនៅក្នុងតំបន់ប្រើពាក្យមួយថា ជោគជ័យនៃភាពយន្ត ដូច Lucky draw (ការចាប់ឆ្នោតផ្សងសំណាង) បើសំណាងគឺធ្វើទៅបានជោគជ័យ ជួនកាលផលិតករខ្លះធ្វើរឿងមួយមានខ្លឹមសារល្អ ប៉ុន្តែទស្សនិកជនអត់ទទួលយក ក៏មិនជោគជ័យដែរ។
ពិតណាស់ ភាពយន្តកម្ពុជាត្រូវការភាពរីកចម្រើនប្រកបដោយគុណភាពល្អបន្តទៀត ដើម្បីរក្សាវត្តមានរបស់ខ្លួន ក៏ដូចជាដណ្ដើមទីផ្សារក្នុងស្រុកជាមួយបណ្ដាភាពយន្តបរទេសល្បី។ ទស្សនិកជន គប្បីគាំទ្រ ជួយជាវសំបុត្រទស្សនា ដោយទុកឱកាស និងលទ្ធភាពដើម្បីភាពយន្តជាតិបានវិវឌ្ឍទៅមុខបន្ត គួរយោគយល់ពីភាពខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ផលិតករ កុំប្រៀបធៀបជាមួយភាពយន្តបរទេសដែលមានទីផ្សារធំ និងមានទុនផលិតលើសភាពយន្តខ្មែររាប់សិប ឬរយដង ឬត្រូវសួរថា តើបរទេសទាំងនោះអាចផលិតភាពយន្តបានពាក់កណ្ដាលខ្មែរទេ បើគេមានទុនផលិតដូចយើង? ត្រូវមោទភាពដែលខ្លួនជាខ្មែរ មានភាពយន្តខ្មែររសជាតិខ្មែរ ទស្សនា លើមាតុភូមិរបស់ខ្លួន។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធត្រូវជួយសម្រួលនូវតម្រូវការ និងបញ្ហាប្រឈមនានា ឯផលិតករភាពយន្តជំនាញត្រូវចែករំលែក រួមគ្នាបង្កើនការបណ្ដុះបណ្ដាលវិស័យភាពយន្ត ទៅផលិតករភាពយន្តនានាដែលនៅខ្វះខាត។ ចំណែកផលិតករភាពយន្តខ្មែរថ្មីៗក៏ត្រូវបើកចិត្ត ទទួលយកការកែលម្អ ការបណ្ដុះបណ្ដាលបន្ថែម ដើម្បីបង្កើនគុណភាពភាពយន្តរបស់ខ្លួន ក្នុងពិភពទីផ្សារសេរីសាកលភាវូបនីយកម្ម៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់