Connect with us

KPT+

កម្មវិធី “សម្តែងសិល្បៈនារដូវវស្សា” លើកទី២ សម្ដែងមិនគិតថ្លៃ ទាល់តែមានសំបុត្រ

បានផុស

នៅ

កម្មវិធី “សម្ដែងសិល្បៈនារដូវវស្សា” ធ្វើឡើងក្នុងន័យថែរក្សា អភិរក្ស និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយដល់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមស្រឡាញ់ និងបន្តអភិរក្ស។ ការសម្ដែងលើកទី១ ទទួលបានការគាំទ្រលើសពីការរំពឹងទុក ចំណែកការសម្ដែងលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ។ មហាជនអាចចូលរួមទស្សនាការសម្ដែងសិល្បៈវប្បធម៌ចម្រុះដោយមិនគិតថ្លៃ ដោយតម្រូវឱ្យមានសំបុត្រចូលទស្សនាជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ូខុន ច័ន្ទសិទ្ធការ្យ ប្រធានយុវជនល្ខោនខោលកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” រសៀលនេះថា កាលសម្ដែងលើកទី១នោះ មានមហាជនចូលរួមលើសការរំពឹងទុក។ សាលសម្ដែង អាចផ្ទុកមនុស្សចំនួន ៥០០ នាក់ ប៉ុន្តែមានទស្សនិកជនចូលទស្សនាជិត ១ ពាន់ និងមានអ្នកឈរណែនពេញរោងសម្ដែង ហើយនៅមានមហាជនជាងពាក់កណ្ដាលទៀត មិនអាចចូលបាន គឺនៅខាងក្រៅ ទស្សនាការតាំងពិព័រណ៍វិញ។

ប្រធានយុវជនល្ខោនខោលកម្ពុជា រូបនេះលើកឡើងថា ការសម្តែងលើកទី២ និងតាំងពិព័រណ៍ស្នាដៃសិល្បៈ នៃកម្មវិធី “សិល្បៈនារដូវវស្សា” នឹងចែកជូនសំបុត្រចូលរួមទស្សនា ចំនួន ៣០០ សន្លឹកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាមធ្យមវិចិត្រសិល្បៈ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល។ ទស្សនិកជនម្នាក់អាចទទួលសំបុត្របានចំនួន ២ សន្លឹក។

លោក ម៉ូខុន ច័ន្ទសិទ្ធការ្យ មានប្រសាសន៍ថា៖ “ទស្សនិកជនណាមិនមានសំបុត្រ យើងមិនអនុញ្ញាតឱ្យចូលរោងសម្ដែងសិល្បៈទេ ដើម្បីចៀសវាងហានិភ័យនានា។ យើងធ្វើដូចករណីទិញសំបុត្រអ៊ីចឹង តែអត់គិតថ្លៃទេ ហើយទាល់តែទស្សនិកជនមានសំបុត្រ ទើបយើងអនុញ្ញាតឱ្យចូល បើអត់សំបុត្រទេ អាចនៅទស្សនាពិព័រណ៍នៅខាងក្រៅ”។​

ប្រធានយុវជនល្ខោនខោលកម្ពុជា ខាងលើ បញ្ជាក់ថា ឆ្នាំនេះជាលើកទី១ ដែលមានការសម្ដែង ៤ ដង ដោយឆ្នាំមុនៗ កម្មវិធីសម្ដែងសិល្បៈធ្វើដែរដូចជា កម្មវិធីផ្ទះសិល្បៈ ការសម្ដែងល្ខោនខោលឈុតធំជាដើម ប៉ុន្តែលើកនេះ ក្រុមយុវជនល្ខោនខោលកម្ពុជា សហការជាមួយសាលាមធ្យមសិល្បៈជាថ្មី បន្ទាប់ពីបានបិទរោងល្ខោនជិត ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ហើយរៀបចំកម្មវិធីនៅរដូវវស្សា ទើបដាក់ឈ្មោះថា ការសម្ដែងសិល្បៈរដូវវស្សា។

លោក ម៉ូខុន ច័ន្ធសិទ្ធការ្យ មានប្រសាសន៍ថា៖ “កម្មវិធី សម្ដែងសិល្បៈរដូវវស្សាក្នុងរយៈពេល ៥ ខែ ត្រូវបានគ្រោងសម្ដែងចំនួន ៤ ដង ដោយលើកទី១ បានធ្វើនៅថ្ងៃទី៣០ ខែកក្កដាកន្លងនេះ ចំណែកលើកទី៣ នឹងសម្ដែងនៅថ្ងៃទី២៩ ខែតុលា និងលើកទី៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃរំលឹកខួប ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។

លោក ច័ន្ទសិទ្ធការ្យ បានឱ្យដឹងថា កម្មវិធីមិនមានអ្នកឧបត្ថម្ភធំទេ គ្រាន់បានទទួលការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពីសាលាមធ្យមសិល្បៈ ដោយមានការជួយឧបត្ថម្ភពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនមួយចំនួន។ បើទោះជាមិនមានការឧបត្ថម្ភមិនគ្រប់គ្រាន់ ក៏លោកនៅតែប្ដេជ្ញារៀបចំការសម្ដែងសិល្បៈវប្បធម៌ជាតិទាល់តែបាន។​

គួរបញ្ជាក់ថា ចំពោះមហាជនចង់ឧបត្ថម្ភគាំទ្រកម្មវិធី អាចចូលរួមតាមរយៈ គណនី ABA 002208308

Khon Chansithyka, Prm Putvisal​,​ Khon chansina, Sour Kimseng។

ទស្សនីយភាពសម្ដែងសិល្បៈមានដូចជា ការប្រគុំតន្ត្រីស្រាលរបស់សាលាដូរតន្ត្រី របាំក្បាច់បុរាណ របាំប្រពៃណី សៀក ល្ខោនខោល និងល្ខោននិយាយ ដែលមាន ​លោកគ្រូអ្នកគ្រូ និងសិស្សសិល្បៈចូលរួមប្រហែល ២៤០ នាក់។ គោលបំណង​កម្មវិធី គឺចង់ឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើន និងមានសកម្មភាពទាំងរដូងប្រាំង ទាំងរដូវវស្សា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម