ជីវិតកម្សាន្ដ
ផលិតករភាពយន្ត “ខោល” ឆ្លើយតបដោយត្រជាក់មុត ទៅមហាជនលើកថា ចម្លងតាមថៃ
“ខោល” ជាភាពយន្តភាគទូរទស្សន៍សម័យបច្ចុប្បន្នលាយសម័យលង្វែក ផ្សារភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងមានឈុតឆាកអាថ៌កំបាំង មនោសញ្ចេតនា វាយតប់បាញ់ប្រហារ ស៊ើបអង្កេតក្នុងសំណាញ់ច្បាប់។ ខណៈភាពយន្តនេះ ទើបចាក់បញ្ចាំងបាន ២ ថ្ងៃ បានចំនួន ២ ភាគ ដោយទទួលបានការគាំទ្រពីទស្សនិកជនទូទៅនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងពីភាពយន្តនេះចម្លងតាមភាពយន្តថៃ។ ក្នុងនោះមានអ្នកខ្លះបញ្ចេញមតិថា៖ “ភ្លេង និងចម្រៀងលំនាំបទថៃ ការ៉ាកេត, រឿងថៃ ឬក៏ខ្មែរ របៀបរបបមើលទៅដូចថៃអ៊ីចឹង, លេងរឿងបុរាណខ្មែរ តែធ្វើម៉ូតសក់បែបថៃ, ល្អមើលមែន! រឿងខ្មែរលេងតែក្រោយគេ តុងតែងដូចគេអ៊ីចឹង បើថារបស់ខ្លួន ម៉េចមិនតែងមុនគេទៅ?…”។


ទាក់ទងការលើកឡើង និងសំណួរទាំងនេះ “កម្ពុជាថ្មី” បានសម្ភាស ផលិតករភាពយន្តផ្ទាល់ ដើម្បីស្រាយបញ្ជាក់ការពិត។
លោក ខាំ ភូរិ ជាអ្នកនិពន្ធ និងដឹកនាំរឿង “ខោល” មានប្រសាសន៍នៅថ្ងៃនេះថា កន្លងមកទស្សនិកជនបានចាប់អារម្មណ៍ច្រើនចំពោះសាច់រឿងនេះ ហើយក្រោយពីការចាក់ផ្សាយ ២ ភាគមក មានការជជែកវែកញែករឿងសំលៀកបំពាក់ ទម្រង់សក់តួអង្គជាដើម។ លោកបន្ថែមថា លោកមិនទាន់បានបកស្រាយផង ប៉ុន្តែឃើញមាន គេហទំព័រ (Page) ផ្សេងៗដែលយល់ដឹងពីទំនៀមទម្លាប់ វប្បធម៌ បានបកស្រាយជំនួសលោកបាត់ទៅហើយ ដែលការណ៍នេះលោកចាត់ទុកថា ជាប្រការល្អ។

លោក ខាំ ភូរិ មានប្រសាសន៍បន្តថា៖ “យើងក៏អត់មានខឹងទោមនស្សជាមួយពួកគាត់មួយចំនួនដែលអត់ដឹងពីវប្បធម៌ សំលៀកបំពាក់របស់ខ្មែរដែរ។ មូលហេតុ ការផ្សព្វផ្សាយយើងនៅមានកម្រិត ហើយយើងដឹងហើយថា ប្រទេសថៃមានការផ្សព្វផ្សាយបានល្អ ទូលំទូលាយជាងយើងខ្លាំង។ រឿង “ខោល” ជាការបញ្ជ្រាបមួយចំណែកតូច ហើយសង្ឃឹមថា បន្ទាប់ពីរឿងនេះ នឹងមានរឿងរបស់រៀមច្បង និងប្អូនៗយើងច្រើនទៀត ព្យាយាមធ្វើស្នាដៃរឿងបុរាណខ្មែរឱ្យបានច្រើន”។

អ្នកនិពន្ធ និងជាអ្នកដឹកនាំការសម្ដែងភាពយន្តចម្រៀង និងភាពយន្តរូបនេះ បញ្ជាក់ថា តាំងពីការចាប់ផ្ដើមដំបូង លោក និងក្រុមការងារបានប្រឹងប្រែងធ្វើការស្រាវជ្រាវជាច្រើន ដើម្បីផលិតភាពយន្តនេះ ទោះជាជួបឧបសគ្គច្រើនក៏ដោយ ក៏ព្យាយាមរហូតបានជោគជ័យ។ លោកបន្ថែមថា ប្រជាជនខ្មែរមួយចំនួនអត់បានដឹងថា ខ្មែរមានការវិវត្តសំលៀកបំពាក់ជាច្រើនតាំងពីសម័យអង្គរ ក្រោយសម័យអង្គរ និងចូលដល់សម័យលង្វែក ដែលយើងចាត់ទុកថាជា សម័យកណ្ដាល។

លោក ខាំ ភូរិ មានប្រសាសន៍បន្តថា៖ “យើងគិតថា ប្រជាជនប្រទេសខ្មែរ ថៃ ឡាវ មានការស្លៀកពាក់មិនខុសគ្នាប៉ុន្មានដែរ។ ចង់មិនចង់ ប្រទេសទាំង ៣ អាចទទួលឥទ្ធិពលគ្នា ដូចសម័យឥឡូវ ជឿនលឿនទៅ យើងស្លៀកខោបារាំង។ គ្រាន់តែយើងដឹងច្បាស់នោះ ក្បិន ការចងក្បិន សំពត់សម្លុយ ហើយនិងស្បៃគឺ យើងមានតាំងពីសម័យអង្គរមក ហើយឯកសារបរទេសជាច្រើនក៏បានបញ្ជាក់ ហើយយើងក៏មានចម្លាក់នៅប្រាសាទ និងរូបគំនូរនៅវត្តបុរាណនានា ជាក់ស្ដែងមានរូបថតកាលពីជាង ១០០ ឆ្នាំមុន បង្ហាញពីការស្លៀកពាក់ខ្មែរ។ បើបងប្អូនយើងបន្តការសិក្សា និងស្រាវជ្រាវ ពួកគាត់នឹងដឹងយល់ច្បាស់ពីសំលៀកបំពាក់ខ្មែរតាមសម័យនីមួយៗ”។

ផលិតករធ្លាប់មានស្នាដៃឆ្នើមរូបនេះ លើកឡើងថា កំហុសធំបំផុតរបស់យើង គឺយើងមិនសូវបានផលិតរឿងបុរាណ ហើយការផ្សព្វផ្សាយរបស់យើងនៅមានកម្រិត ហើយយើងដើរក្រោយប្រទេសថៃ ២ ៣ ជំហានរហូត។ លោកបានបន្ថែមថា ខោល ជាភាពយន្តបុរាណទី១ ដែលលោកផលិត ដោយបុព្វហេតុដំបូង ពេលលោកចុះស្រាវជ្រាវឯកសារខ្លះៗ លោកមានអារម្មណ៍ស្រណោះ ដោយសារខ្មែរយើងបានបាត់បង់ឯកសារភាគច្រើន ហើយទំនៀមទម្លាប់មួយចំនួនក៏ស្ទើរតែបាត់បង់អស់។

លោក ខាំ ភូរិ មានប្រសាសន៍បន្តថា៖ “ខ្ញុំបានព្យាយាមស្រាវជ្រាវ ២ ឆ្នាំ ដើម្បីផលិតរឿង ខោល ហ្នឹង។ ដំបូងបំផុត គិតថាធ្វើរឿងបុរាណធម្មតាទេ ប៉ុន្តែ ៤ ឆ្នាំមុន នៅពេលស្រាវជ្រាវ យើងគិតថា គួរធ្វើរឿងពីខោល ដោយសារល្ខោនខោលយើងទើបចុះបញ្ជីបេតិកភណ្ឌពិភពលោក ហើយម៉្យាងទៀត បើយើងធ្វើត្រង់ពេក ក៏មិនមានអ្នកមើលដែរ។ អ៊ីចឹងយើងមានតែធ្វើភាពយន្តទៅ ហើយបង្កប់អត្ថន័យពីខោល ដោយនិយាយពីប្រវត្តិដើមនៃការកកើតល្ខោនខោល និយាយពីទម្រង់ ពីសំលៀកបំពាក់ជាដើម ហើយយើងក៏មានបង្កប់អត្ថន័យអប់រំ បញ្ចូលសិល្បៈវប្បធម៌មួយចំនួន”។

លោក ខាំ ភូរិ មានប្រសាសន៍បន្ថែមថា៖ “សំលៀកបំពាក់ ក៏ខ្ញុំបានស្រាវជ្រាវច្រើន ហើយខ្ញុំបានសួរអ្នកគ្រូ លោកគ្រូ និស្សិតបុរាណវិទ្យារៀនសំលៀកបំពាក់បុរាណ។ ខ្ញុំបានបញ្ចូលផ្ការាក់របស់ខ្មែរយើង ដែលថៃរាល់ថ្ងៃក៏ប្រើជាហូរហែ តែការពិតផ្កាហ្នឹងក៏ជាទំនៀមទម្លាប់របស់ខ្មែរ។ យើងមិនហ៊ានថា ថៃយកពីយើងទេចំពោះការប្រើផ្ការាក់ ដោយកាលសម័យបុរាណ ទឹកដីខ្មែរយើងទូលំទូលាយ ក្រោយមកយើងបានបាត់បង់ទឹកដីស្ទើរតែពាក់កណ្ដាល អ៊ីចឹងទំនៀមទម្លាប់បែបហ្នឹងស្ថិតក្នុងប្រទេសថៃបច្ចុប្បន្នហើយ អ៊ីចឹងយើងអត់និយាយថា គេយកយើង យើងយកគេទេ”។

លោក បញ្ជាក់បន្ថែមថា នៅមានទំនៀលទម្លាប់ខ្មែរមួយចំនួនទៀតដែលលោកបានបញ្ចូលក្នុងភាពយន្តនេះ ទាំងផ្ទាល់ និងប្រយោល ដោយលោកមានបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរបានទាំងការទស្សនាកម្សាន្ត បានទាំងចំណេះដឹង និងការអប់រំផ្សេងៗបន្ថែមទៀត។

គួរបញ្ជាក់ថា ភាពយន្តភាគរឿង ខោល មានចំនួន ៥០ ភាគ បានចាប់ផ្តើមគិតផលិតនៅឆ្នាំ ២០១៧, ចាប់ផ្ដើមសរសេរនៅឆ្នាំ ២០១៨ និងចាប់ផ្តើមថត ២០២០។ និពន្ធ និងដឹកនាំរឿងដោយ លោក ខាំ ភូរិ, និពន្ធអត្ថបទភាពយន្តដោយ លោកស្រី ប៉ាល់ វណ្ណារីរក្ស លោក ទឹម ចិត្រា លោក នួន ម៉ូលីន, ជំនួយការនិពន្ធដោយ លោក ប៊ុន ពិសី លោក ឃី ហួយអ៊ាង, ទីប្រឹក្សាផ្នែកសំលៀកបំពាក់ដោយ លោកជំទាវ ចាន់ ធី (រដ្ឋលេខាធិការ ក្រសួងព័ត៌មាន) លោកជំទាវ សុទ្ធ សុម៉ាលី (សាស្ត្រាចារ្យរបាំព្រះរាជទ្រព្យ និង នាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌), ទីប្រឹក្សាផ្នែកទម្រង់ល្ខោនខោលដោយ ព្រឹទ្ធាចារ្យ ព្រឿង ឈាង លោក ហង់ ភូមិរ៉ា លោក ស៊ុប ស័ក្ខរា, ទីប្រឹក្សាផ្នែកបុរាណវិទ្យាដោយ លោក លាក់ ស៊ីផាន់ណា លោក យី សុយឹម គូរសំលៀកបំពាក់ដោយ លោក រិទ្ធ ធារ៉ា ព្រមទាំងក្រុមការងារផលិតភាពយន្តជាច្រើនរូបទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?