KPT+
និស្សិតទើបបញ្ចប់ការសិក្សានៅបរទេសម្នាក់ ចែករំលែកពីការរើសអើងអំឡុងសិក្សានៅទីនោះ
និស្សិតខ្មែរម្នាក់ ដែលទើបតែបញ្ចប់ការសិក្សានៅបរទេសបាននិយាយថា នៅពេលកំពុងបន្តការសិក្សានៅបរទេស បញ្ហាចម្បងដែលជួបប្រទះនោះ គឺ ការរើសអើងពណ៌សម្បុរ មើលងាយពីសមត្ថភាពសិក្សា ក៏ព្រោះតែរូបលោកមកពីប្រទេសក្រីក្រ ដែលធ្វើឲ្យរូបលោកគិតច្រើន អក់អន់ចិត្ត រហូតធ្វើឲ្យពិន្ទុរបស់លោកធ្លាក់ចុះដោយសារបញ្ហានេះ។
លោក គីម កែវប្រកប គឺជានិស្សិតខ្មែរបន្តការសិក្សានៅប្រទេសអូស្រ្តាលី ជំនាញចិត្តវិទ្យា។ លោកបាននិយាយថា៖ “នៅទីនោះ នៅពេលដែលយើងទៅដំបូង គឺគ្មាននរណាចង់និយាយជាមួយយើងឡើយ គេមើលងាយថា យើងល្ងង់ មិនចេះអី ទោះខំព្យាយាមទៅនិយាយជាមួយគេ ក៏គេធ្វីហីៗ មិនចាប់អារម្មណ៍ជាមួយយើងទេ។ យើងលើកដៃសួរគ្រូច្រើន គេថាយកមុខ យើងឆ្លើយជាមួយគ្រូច្រើនគេថាអួត យើងមិនមាត់គេថាល្ងង់។ បញ្ហាខ្ញុំជួបនោះ គឺការរើសអើងហ្នឹងតែម្តង ទីមួយអាចមកពីយើងមកពីប្រទេសក្រីក្រ ទីពីរ អាចមកពីពណ៌សម្បុររបស់យើង ព្រោះមុខវិទ្យានេះ មិនសូវមានជនជាតិអាស៊ីរៀនឡើយ ភាគច្រើនជាជនជាតិដើមរបស់គេ។ ដូច្នេះពិបាកខ្លាំងណាស់ ទម្រាំខ្ញុំអាចបញ្ចប់ការសិក្សាបាន”។
លោកបានបញ្ជាក់បន្តថា អំឡុងពេលសិក្សានៅទីនោះ គឺលោកធ្វើអ្វីតែម្នាក់ឯង សូម្បីតែកិច្ចការងារក្រុម ក៏មិនសូវមាននរណាចង់ឲ្យលោកចូលជាមួយដែរ ព្រោះយល់ថា រូបលោកអសមត្ថភាពនេះឯង។ មួយវិញទៀត កត្តាគ្រូបង្រៀនក៏ដូចគ្នា ចំពោះគ្រូមួយចំនួន នៅពេលដែលលោកមិនយល់នូវចំណុចមេរៀនមួយណា បានព្យាយាមសួរ ប៉ុន្តែគ្រូបានបដិសេដមិនឆ្លើយតប ដោយអះអាងថា ទាំងនេះ គឺស្មើនឹងលួចបន្លំមេរៀន (Cheat)។ បញ្ហាទាំងនេះ បានធ្វើឲ្យរូបលោកពិបាកចិត្ត ស្មុគស្មាញ រហូតធ្វើឲ្យការរៀនរបស់លោកមានការធ្លាក់ចុះបន្តិច។
ដោយមើលឃើញពីផលប៉ះពាល់លើការរៀនសូត្របែបនេះ ក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំទី២ លោកក៏បានគិតសារជាថ្មីម្តងទៀត គួរដោះស្រាយវិធីទាំងនេះដោយរបៀបណា? លោក គីម កែវប្រកប បានកែប្រែខ្លួនឯងពីមនុស្សម្នាក់ដែលគិតពីសម្តីអ្នកដទៃច្រើន ក្លាយជាមនុស្សម្នាក់ដែលក្លាហាន ឈប់ខ្វល់ខ្វាយពីបញ្ហាទាំងនោះទៀត។ លោកចាប់ផ្តើមរៀនសូត្រតាមអ្វីដែលលោកត្រូវធ្វើ មិនខ្លាច ហ៊ានប្រឈមមុខ សួរនាំគ្រូនៅក្នុងថ្នាក់ ធ្វើកិច្ចការសាលា ដើម្បីបង្ហាញពីសមត្ថភាពដែលលោកមាន និងពុះពាររៀនបានជោគជ័យ។ ទីបំផុតលោកតែងតែទទួលបានពិន្ទុល្អក្នុងថ្នាក់រៀន គឺពិន្ទុ ៦ លើ ៧ នៃពិន្ទុសរុប។
លុះនៅឆ្នាំទី៣ លោកបានផ្លាស់ទីលំនៅរបស់ខ្លួន ក៏បានស្កាល់គ្នាជាមួយនិស្សិតផ្សេងៗដែលរស់នៅជិតៗគ្នានោះ ក៏បានរាប់អានគ្នា យល់ចិត្តគ្នាទៅវិញទៅមក លោកក៏មានអារម្មណ៍កក់ក្តៅ ព្រោះបានរាប់អានជាមួយជនជាតិអូស្ត្រាលី ដែលមកពីសាកលវិទ្យាល័យខុសពីលោក ប៉ុន្តែមិនរើសអើយលោកឡើយ។ ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំនូវជំនាញដែលចេះចាំពីបរទេស មកបម្រើការងារក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។
លោក គីម កែវប្រកប បានលើកឡើងបន្ថែមថា មូលហេតុដែលនាំឲ្យលោកចង់បន្តការសិក្សាផ្នែកចិត្តវិទ្យា គឺមានកត្តាពីរជំរុញរូបលោក។ ទី១ លោកសង្កេតឃើញថា អំឡុងពេលលោកសិក្សានៅថ្នាក់វិទ្យាល័យ ម្តាយឳពុកលោក ឆាប់ខឹង និងឆេវឆាវច្រើន លោកចង់ដឹងពីមូលហេតុនៃអារម្មណ៍ទាំងនោះ តើមកពីកត្តាអ្វី? ទី២ អំឡុងពេលសិក្សាក្នុងកម្រិតដដែល លោកចាប់អារម្មណ៍ថា មិត្តភក្តិមួយចំនួនជួនកាល ទឹកមុខស្រពោន មិនសប្បាយចិត្ត និងមានអារម្មណ៍ថាស្រងូតស្រងាត់ទាំងមិនដឹងមូលហេតុ។ កត្តាទាំង២នេះ គួបផ្សំនឹងចិត្តស្រឡញ់ផងនោះ ក៏ជំរុញឲ្យលោកជ្រើសយកជំនាញចិត្តវិទ្យា ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ថ្នាក់បរិញ្ញាបត្រនៅទីនោះ ក៏ប៉ុន្តែ រូបលោកបន្តការសិក្សាតាមរយៈបង់ថ្លៃសិក្សាពេញលេញ មិនមានជាកញ្ចប់អាហារូបករណ៍អ្វីទេ។ ដូច្នេះ បញ្ហាហិរញ្ញវត្ថុ ក៏លោកត្រូវត្បិតត្បៀតផងដែរ។
សិក្សាពីចិត្តវិទ្យា គឺសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលមិនគួរមើលរំលង ព្រោះអាចនាំឲ្យពួកគេចេះគ្រប់គ្រងអារម្មរណ៍ខ្លួនឯងបាន កាត់បន្ថយភាពឆេវឆាវ មានហេតុផល និងផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួន។ ជាមួយគ្នានេះ ភាពតស៊ូ ក្លាហាន និងរឹងមាំដោយខ្លួនឯង ក៏ជាកត្តាមួយដែលជំរុញឲ្យមនុស្សម្នាក់ៗជម្នះបានរាល់ឧបសគ្គដែលខ្លួនជួបប្រទះ។ នេះបើតាមការលើកឡើងរបស់លោក។
គួររំលឹកថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែប្រឈមខ្លាំងចំពោះបញ្ហាបាក់ទឹកចិត្តដោយមិនដឹងមូលហេតុរបស់មនុស្សគ្រប់វ័យ ក្នុងករណីខ្លះ ឈានដល់ការសម្លាប់ខ្លួនក៏មាន។ ដូចនេះ ផ្លូវចិត្ត គឺជារឿងមួយដែលមនសុ្សគ្រប់រួចមិនគួរមើលរំលងដាច់ខាត ត្រូវឧស្សាហ៍ពិនិត្យសុខភាពផ្លូវចិត្តរបស់ខ្លួន និងការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ