KPT+
មិននឹកស្មាន ភាពយន្តខ្មែរ មានសំទុះអ្នកគាំទ្រ ដូចភាពយន្តហូលីវូដ ចំណាយរាប់លានដុល្លារ
ឧស្សាហកម្មភាពយន្តកម្ពុជា ដើរយឺតក្រោយគេ សូម្បីតែប្រៀបធៀបជាមួយប្រទេសដទៃក្នុងតំបន់អាស៊ីជាមួយគ្នា។ ខណៈមានភាពយន្តល្បីៗចម្រុះជាតិសាសន៍ ចាក់បញ្ចាំងតាមបណ្ដារោងភាពក្នុងស្រុក ទន្ទឹមនឹងភាពយន្តខ្មែរដែរនោះ ធ្វើឱ្យមហាជនគិតថា ទស្សនិកជនភាគច្រើនប្រាកដជាជ្រើសរើសចំណាយទិញសំបុត្រទស្សនាភាពយន្តបរទេសដែលចំណាយខ្ទង់លានដុល្លារ ជាជាងភាពយន្តខ្មែរ។ ប៉ុន្តែអ្វីៗមិនដូចការគិតពីចម្ងាយទាំងអស់ទេ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា លោកសូមនិយាយដោយមោទនភាពថា ប្រជាជនខ្មែរនៅតែគាំទ្រ និងពេញចិត្តភាពយន្តរបស់ជាតិខ្លួន និងនៅពេលណាផលិតករធ្វើបានតាមតម្រូវចិត្តរបស់ពួកគាត់។
លោក ប៉ុក បូរក្ស បញ្ជាក់ថា៖ “ភាពយន្តយើងខ្លះចំណាយលុយចន្លោះ ៣ ទៅ ៧ម៉ឺនដុល្លារ ប៉ុន្តែអាចមានអ្នកទៅទស្សនាស្មើរឿងហូលីវូដដែលផលិតអស់រាប់លានដុល្លារ។ មានន័យថា ភាពយន្តខ្មែរយើងក៏ទទួលបានការគាំទ្រច្រើន ប្រជាជនទស្សនិកជនខ្មែរនៅតែគាំទ្រ [ភាពយន្តខ្មែរ] ហ្នឹង ដរាបណា [ផលិតករ] យើងធ្វើបាន ដែលគាត់ [ទស្សនិកជន] ទទួលយកបាន កុំឱ្យតែ [ផលិតករ] យើងធ្វើទៅទាបពេក ព្រោះយើងមិនអាចទៅបង្ខំឱ្យគាត់ [ទស្សនិកជន] ហូបម្ហូបដែលគាត់មិនអាចហូបបាននោះទេ”។
លោក ប៉ុក បូរក្ស បន្ថែមថា៖ “នេះជាចំណុចដែលយើងសាទរប្រជាជនយើងនៅតែបន្តការគាំទ្រភាពយន្តខ្មែរ បើទោះជាមានការនិយមរឿងបរទេស ប៉ុន្តែរឿងខ្មែរមួយចំនួន ក៏ទទួលបានអ្នកទស្សនាខ្ពស់ផងដែរ”។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត រូបនេះមានប្រសាសន៍ថា នាយកដ្ឋានជួយជំរុញដោយបានផ្ដល់ និងបញ្ជ្រាបព័ត៌មានបន្ថែមដល់មហាជន តាមរយៈសកម្មភាពមួយចំនួនដែលបានរៀបចំជាបន្តបន្ទាប់ដូចជា ការប្រកួតប្រជែង មហោស្រពភាពយន្ត ការផ្សព្វផ្សាយស្នាដៃភាពយន្តតាមមជ្ឈដ្ឋាននានា ធ្វើឱ្យប្រជាពលរដ្ឋងាកមកស្រឡាញ់ចូលចិត្តចង់មើលកុនខ្មែរ។
លោក ប៉ុក បូរក្ស លើកឡើងថា ជាការពិត ឧស្សាហកម្មភាពយន្តកម្ពុជានៅក្មេងខ្ចីមែនទែន យើងដើរក្រោយគេឆ្ងាយទាក់ទងការអភិវឌ្ឍវិស័យនេះ។ ទី១ ធនធានមនុស្សជាកត្តាសំខាន់ ប៉ុន្តែយើងបណ្ដុះបណ្ដាលបានតិចតួចមិនទូលំទូលាយទេ ឯអ្នកផលិតភាពយន្ត សុទ្ធតែជាអ្នកមានទឹកចិត្តស្រឡាញ់តស៊ូផលិតក្នុងវិស័យនេះ។
លោក ប៉ុក បូរក្ស មានប្រសាសន៍បន្តថា៖ “ទី២ ទីផ្សារ ឬអតិថិជនភាពយន្តខ្មែរនៅតូច ខណៈរោងភាពយន្តទំនើបៗទើបកើតឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅតាមបណ្ដាខេត្តជាច្រើន មិនទាន់មានរោងភាពយន្តនៅឡើយទេ។ ទីផ្សារតូចនេះ គឺជាឧបសគ្គសម្រាប់ផលិតកររារែកក្នុងការបោះដើមទុនចំណាយផលិត ព្រោះផលិតករពិបាកប្រមូលដើមទុនមកវិញ ព្រោះបើមិនមានចំណូល ពួកគាត់នឹងខាតបង់”។
ទោះជាយ៉ាងណា លោក ប៉ុក បូរក្ស មើលឃើញថា ផលិតករភាពយន្តខ្មែរបាន និងកំពុងខិតខំកសាងគុណភាពភាពយន្តរបស់ខ្លួន ដោយមានការហ៊ានបង្កើនទុនចំណាយលើសពី ២០ ទៅ ៣០ម៉ឺន និងទទួលបានកម្រិតបច្ចេកទេសល្អ រូបភាពល្អ ខ្លឹមសារក៏ធ្វើបានល្អច្រើន រហូតដល់ ប្រទេសជិតខាងទទួលយកទៅចាក់បញ្ចាំង។ ជាក់ស្ដែងរឿង “នាឡិកា The Clock” ដែលទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តជាតិ បានយកទៅចាក់បញ្ចាំងដោយស្មើមុខមាត់ជាលក្ខណៈការធ្វើពាណិជ្ជកម្ម នៅប្រទេស សិង្ហបុរី នៅឥណ្ឌូនេស៊ី នៅម៉ាឡេស៊ី ខណៈប្រទេសឥណ្ឌា និងភូមា ក៏បានទាក់ទងយកទៅបញ្ចាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់