KPT+
ប្រយ័ត្នអស់សំបុត្រ! លើកទី១ ល្ខោននិយាយរឿង “ផ្កាស្រពោន” នឹងអង្រួនចិត្តភ្នំពេញ ចាប់ពីល្ងាចនេះ
“ផ្កាស្រពោន” ជាចំណងជើង នៃប្រលោមលោកមួយ ដែលមានភាពល្បីល្បាញ និងទទួលការគាំទ្រខ្លាំងពីមហាជន តាំងពីទសវត្សរ៍ឆ្នាំ៥០ ដែលបង្ហាញគូស្នេហ៍យុវវ័យស្ម័គ្រស្មោះកម្សត់ គឺតួអង្គ ប៊ុនធឿន និងនាងវិធាវី។ ស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនេះ ត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសម្ដែងជាល្ខោនវិទ្យុ និងភាពយន្តផងដែរ។

នៅពេលនេះ “ផ្កាស្រពោន” ត្រូវបាន នាយកដ្ឋានសិល្បៈទស្សនីយភាព រៀបចំដំឡើងជាទស្សនីយភាពទម្រង់ ល្ខោននិយាយ ជាលើកដំបូង ដែលមហាជនអាចទស្សនាការសម្ដែងផ្ទាល់ រយៈពេល ២ថ្ងៃ នៅសាលសន្និសីទចតុម្មុខ ភ្នំពេញ។

កម្មវិធីសម្ដែង ចាប់ផ្ដើមសម្ដែងពីថ្ងៃនេះ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ៦ ល្ងាច។ ចំណែកថ្ងៃទី១៦ ខែឆ្នាំដដែល នឹងសម្ដែងចំនួន ២លើក លើកទី១ នៅវេលាម៉ោង ៣រសៀល និងលើកទី២ នៅវេលាម៉ោង ៦ ល្ងាច។

នាយកដ្ឋានសិល្បៈទស្សនីយភាព ខិតខំដំឡើងទស្សនីយភាពនេះ គឺមានបំណងដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្ស។

ប្រជាពលរដ្ឋខ្មែរ ពិសេសសិស្សនិស្សិតទាំងអស់អាចអញ្ជើញទៅទស្សនា ក៏ដូចជាចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ ទីតាំងស្ថិតតាមបណ្ដោយ មហាវិថីព្រះសុីសុវត្ថិ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កន្លែងមានកំណត់ សូមរួសរាន់ ប្រយ័ត្នអស់សំបុត្រ។ ព័ត៌មានបន្ថែម ឬចង់កក់សំបុត្រ លោកអ្នកអាចទាក់ទងក្រុមការងារលក់សំបុត្រតាមទូរសព្ទលេខ៖ 096 394 39 48, 070 882 498 ឬ 089 570 777 ។

ប្រលោមលោក រឿង “ផ្កាស្រពោន” ជាស្នាដៃនិពន្ធ របស់លោក នូ ហាច បានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូប នៅខេត្តបាត់ដំបង បណ្តាលមកពីការរើសអើងវណ្ណៈ ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស។ មានការលើកឡើងថា រឿងនេះ គឺយកតាមលំនាំរឿងពិត នៃអ្នកនិពន្ធផ្ទាល់។

គួររំលឹកថា ល្ខោននិយាយមានលំហូរចូលមកពីប្រទេសបារាំងនៅសម័យអាណានិគមបារាំងនៅចន្លោះឆ្នាំ១៩៤០ តាមរយៈជនជាតិបារាំងម្នាក់ ដោយជនជាតិបារាំងនោះបានបង្រៀននៅក្នុងសាលាគរុកោសល្យរបស់គ្រូដើម្បីជួយសម្ដែងរឿងខ្លីពាក់ព័ន្ធនឹងប្រទេសបារាំង។ បន្ទាប់មកបន្តិចម្ដងៗល្ខោននិយាយក៏បានអភិវឌ្ឍន៍ទៅមុខល្អប្រសើរ ទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាជននៅក្នុងសម័យសង្គមរាស្ត្រនិយម។ ល្ខោននិយាយមានការអភិវឌ្ឍជាខ្លាំង ដោយសារមានព្រឹទ្ធាចារ្យល្បីដូចជា ព្រឹទ្ធាចារ្យ ហុង គឹមហាក់ បានធ្វើការជាខ្លាំងទៅលើល្ខោននិយាយនេះ និងសម្ដេច សីហនុ ជាប្រមុខក៏បានគាំទ្រល្ខោននិយាយនេះខ្លាំងដែរ។

នៅក្នុងសម័យសារណៈរដ្ឋកម្ពុជាឆ្នាំ១៩៨០ និងឆ្នាំ១៩៨១ ក៏បានចាប់ផ្ដើមប្រមូលអ្នកចេះដឹងផ្នែកល្ខោននិយាយនេះ មកជុំគ្នាវិញ បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ ដោយក្នុងពេលនោះមានគ្នាតែ ៣ទៅ ៤នាក់ប៉ុណ្ណោះ។ ដូច្នោះនៅឆ្នាំ១៩៨១ ក៏ចាប់ផ្ដើមបើកសាលាថ្នាក់ល្ខោននៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជ្រើសរើសសិស្សចូលរៀន ដែលមានលោកគ្រូ ហួត ស៊ីថន ជាសិស្សជំនាន់ទី១ ក្នុងសាលាល្ខោនប្រទេសកម្ពុជា។ ល្ខោននិយាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលសិស្សរៀនជារៀងរាល់ឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ