KPT+
រមណីយដ្ឋាន និងវត្ត ៤កន្លែងនៅបាត់ដំបង ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា
បាត់ដំបង ជាទឹកដីដ៏ចំណាស់មួយ ដែលមានរមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើន ដោយក្នុងចំណោមកន្លែងទាំងអស់នោះ មានទីតាំងសំខាន់ៗមួយចំនួន រួមមានទាំងវត្តអារាម ក៏ត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ នាអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/Battambang-Tourist-1024x614.jpg)
ទីតាំងសំខាន់ៗទាំង ៤ ដែលជាប់ទាក់ទិននឹងសោកនាដកម្មនៃរបបយង់ឃ្នង រួមមាន៖
១. ល្អាងក្បាលខ្មោច
ល្អាងក្បាលខ្មោច មានឈ្មោះដើមថា ល្អាងល្ខោន ដែលមានប្រវត្តិទាក់ទិនទៅនឹងរឿងព្រេងចៅរាជកុល និងនាងរំសាយសក់ ជាទីកន្លែងសម្រាប់ក្រុមល្ខោន របស់ព្រះបាទរាជកុលស្នាក់នៅ អំឡុងពេលចូលមកដណ្តឹងព្រះនាងរំសាយសក់ នេះបើតាមការដំណាលតៗគ្នាមក។ ល្អាងល្ខោន មានទីតាំងស្ថិតនៅទឹកដីនៃខេត្តបាត់ដំបង លើភ្នំសំពៅ ផ្នែកខាងត្បូង។ ក្រោយមកល្អាងនេះត្រូវបានឱ្យឈ្មោះថ្មីថា “ល្អាងក្បាលខ្មោច” ដោយសារតែ នាអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ទីនេះបានប្រែក្លាយជាទីពិឃាតមនុស្សយ៉ាងព្រៃផ្សៃ រួមមានទាំងទារក និងមនុស្សពេញវ័យ សុទ្ធតែត្រូវបានខ្មែរក្រហមយកមកសម្លាប់យ៉ាងអយុត្តិធម៌ជាទីបំផុត។
ល្អាងក្បាលខ្មោច ជាភស្តុតាងប្រវត្តិសាស្ត្រមួយ ក្នុងចំណោមមណ្ឌលប្រល័យពូជសាសន៍ដទៃផ្សេងទៀត នៃការសម្លាប់រង្គាលជីវិតពលរដ្ឋខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយបច្ចុប្បន្នល្អាងនេះ ត្រូវបានទុកជាតំបន់រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្ត ដែលមានដាក់តម្កល់ឆ្អឹង និងលលាល៍ក្បាលមនុស្ស ដើម្បីឲ្យអ្នកជំនាន់ក្រោយបានមើលឃើញអំពីអតីតកាលដ៏ឈឺចាប់។
ដោយសារតែល្អាងក្បាលខ្មោច មានទីតាំងនៅលើខ្នងភ្នំសំពៅ ដូច្នេះហើយក្រៅពីការទស្សនាល្អាងមួយនេះ ទេសចរអាចបន្តកម្សាន្តកន្លែងជាច្រើនផ្សេងទៀតដូចជាល្អាងប្រចៀវ ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងគក់ទ្រូងជាដើម-ល-។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/ល្អាងក្បាលខ្មោច-1024x614.jpg)
២. អាងទឹកកំពីងពួយ
“អាងទឹកកំពីងពួយ” ជាអតីតការដ្ឋានទំនប់របស់ខ្មែរក្រហមដែលបង្ខំយកជីវិតរាស្ត្រខ្មែរច្រើនរាប់មិនអស់ មានទីតាំងស្ថិតនៅចន្លោះភ្នំពីរ ទឹកដីនៃឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
នាអំឡុងឆ្នាំ១៩៧៦ ខ្មែរក្រហមមានផែនការលើកទំនប់នេះឡើង ក្នុងគោលបំណងស្ដុកទឹកទុក ដើម្បីផ្គត់ផ្គង់ការស្រោចស្រពក្នុងវិស័យកសិកម្ម។ មូលហេតុដែលខ្មែរក្រហមជ្រើសយកតំបន់នេះ គឺដោយសារតែទីតាំងនេះ មានភ្នំព័ទ្ធជុំវិញ ដែលអំណោយផលខ្លាំងដល់ការកសាងទំនប់នៃអាង។
ទីនេះ ជាកន្លែងប្រមូលផ្ដុំក្តីឈឺចាប់របស់រាស្ត្រខ្មែរ ដែលមិនអាចបំភ្លេចបាន ជាការដ្ឋានទំនប់ដែលបង្ខំមនុស្ស ពលកម្មទាំងយប់ ទាំងថ្ងៃ លំបាកវេទនាគ្រប់បែបយ៉ាង ទម្រាំសាងសង់បានជាអាងដ៏ធំល្វឹងល្វើយនេះបាន។
បច្ចុប្បន្ន ទីតាំងនេះបានប្រែក្លាយជាតំបន់ទេសចរណ៍កែច្នៃ រមណីយដ្ឋានធម្មជាតិអាចឱ្យទេសចរជាតិ និងអន្តរជាតិមក កម្សាន្តអារម្មណ៍ជាមួយទេសភាពព្រៃភ្នំ ទឹកធំល្វឹងល្វើយ ទទួលទានអាហារ ជិះទូកគយគន់ថ្ងៃលិច និងស្ទូចត្រីជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/អាងទឹកកំពីងពួយពេលបច្ចុប្បន្ន-930x1024.jpg)
៣. វត្តសំរោងក្នុង
ព្រះវិហារចំណាស់មួយស្ថិតក្នុងបរិវេណ វត្តសំរោងក្នុង ដែលកសាងឡើងនាអំឡុងពុទ្ធសករាជ ២២៥០ ត្រូវនឹងគ្រិស្តសករាជ ១៧០៧ នៅលើទឹកដីនៃខេត្តបាត់ដំបង ត្រូវបានក្លាយជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
- ប្រវត្តិរបស់វត្តសំរោងក្នុង
ដើមឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាន ដែលរៀបចំដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ» ប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើអំពីឈើ និងបន្តសាងសង់អំពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយថែមទាំងបានកសាងប្រាសាទផងដែរ។ សំណង់ទាំងនេះ សុទ្ធសឹងតែមានបន្សល់ទុក នៅក្នុងបរិវេណ វត្តសំរោងក្នុង ។ នាសម័យ លោកម្ចាស់ អ្នកស្រុកតំបន់នោះ តែងតែនិយមទៅកម្សាន្តរាល់ពេលចូលឆ្នាំម្តងៗ ដោយសារតែទីនេះ មានទីធ្លាធំទូលាយ ម្លប់ឈើធំៗ និងប្រាង្គប្រាសាទបុរាណ។
- ក្រោយមក ទីនេះបានក្លាយជាគុករបស់ខ្មែរក្រហម
គួរឲ្យសង្វេគ ទីអារាមដែលធ្លាប់តែមានការជួបជុំពុទ្ធបរិស័ទអ៊ូអរមួយនេះ ត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ហើយគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តសំរោងក្នុង ក៏ត្រូវបានបំផ្លាញទាំងស្រុង។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អារាមនេះ ត្រូវបានគេរៀបចំឡើងវិញ ដើម្បីបន្តទុកជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ ដោយបានរៀបចំអណ្តូងខាងជើងវត្ត ជាបូជនីយដ្ឋាន និងរក្សាទុកអគារសួរចម្លើយមកដល់បច្ចុប្បន្ន ដើម្បីអាចឱ្យទេសចរ និងពុទ្ធបរិស័ទ បានមកទស្សនាស្វែងយល់។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/វត្តសំរោងក្នុង-1024x614.jpg)
៤. វត្តវិបុលត្ថារាម ហៅវត្តកណ្តាល
អារាមដ៏ចំណាស់ដែលអាយុកាលជាង ២០០ឆ្នាំនេះ ត្រូវបានខ្មែរក្រហមកែប្រែធ្វើជាកន្លែងឃុំឃាំងអ្នកទោស និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បន្ទាប់ពីស្ថានភាពកម្ពុជា បានធ្លាក់ចូលក្នុងវិបត្តិសង្គ្រាម។
វត្ត វិបុលត្ថារាម ហៅវត្តកណ្តាល ត្រូវបានកសាងឡើងអំឡុងឆ្នាំ១៨១៣ ដោយព្រះគ្រូចៅអធិការមួយអង្គ និងអ្នកភូមិ នាំគ្នាកាប់ឆ្ការព្រៃ និងសង់សាលាបុណ្យមួយខ្នង ធ្វើអំពីឈើប្រក់ស្លឹក និងកុដិតូចៗ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពុទ្ធសករាជ ២៤៦២ ដែលត្រូវនឹងគ្រិស្តសករាជ ១៩១៨ ព្រះវិហារមួយ ក៏ត្រូវបានកសាងបន្ថែមទៀត ក្នុងបរិវេណវត្តនេះ និងមានការស្ថាបនាសាង់សង់ជាបន្តបន្ទាប់នូវ កុដិ សាលាបាលី សាលាឆាន់-ល-។
បន្ទាប់ពីស្ថានភាពកម្ពុជា បានផុងខ្លួនចូលក្នុងវិបត្តិសង្គ្រាម ក្រោមការដឹកនាំរបស់ ប៉ុល ពត អារាមនេះ ក៏ត្រូវរងការបំផ្លិចបំផ្លាញ ហើយកន្លែងមួយចំនួនក្នុងបរិវេណវត្ត ក៏ត្រូវបានប្រែក្លាយជាកន្លែងឃុំឃាំងសួរចម្លើយ និងធ្វើទារុណកម្មរបស់ខ្មែរក្រហម។ បើតាមប្រភពរដ្ឋបាលខេត្តបាត់ដំបង ក្រោយថ្ងៃរំដោះ ១៣មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់កងរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ទទួលបានជ័យជំនះលើកងកម្លាំងខ្មែរក្រហម ទីនេះក៏កែប្រែជាទីអារាមវិញ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/11/វត្តវបុលត្ថារាម-1024x614.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត