KPT+
រាជវង្ស កាតា គ្រងរាជសម្បត្តិដល់ទៅ ៣៣៥ ពាន់លានដុល្លារ តើទ្រង់ចំណាយលើអ្វីខ្លះ?
ស្របពេលដែល FIFA World Cup 2022 ធ្វើនៅកាតា ពិភពលោកបានចាប់អារម្មណ៍ នឹងប្រទេសនៅមជ្ឈិមបូព៌ានេះជាខ្លាំង។ ជាពិសេសនោះគឺសែររាជវង្ស House of Thani ល្បីល្បាញថា ទ្រង់គ្រងរាជសម្បត្តិដល់ទៅ ៣៣៥ ពាន់លានដុល្លារ ខណៈមនុស្សជាច្រើនចង់ដឹងថា តើទ្រង់ចំណាយលើអ្វីខ្លះសម្រាប់ប្រាក់វាលលាន់?
បើយោងតាម Bloomberg រាយការណ៍ថា រាជវង្សនេះហ៊ានចំណាយប្រាក់ ៣០០ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងកីឡដ្ឋានក្នុងរយៈពេល១២ឆ្នាំ ដើម្បីត្រៀមរៀបចំសម្រាប់ World Cup ហើយវាក៏ជាតម្លៃថ្លៃបំផុតមិនធ្លាប់មានដែរ។ ប្រទេសកាតាត្រូវបានគេស្គាល់ថា ជារាជវង្សានុវង្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ជាមួយនឹងសមាជិក៨ពាន់នាក់ និងទ្រព្យសម្បត្តិសរុបប្រហែល ៣៣៥ ពាន់លានដុល្លារអាមេរិក ពីលំហូរសាច់ប្រាក់ជាច្រើន ក្រៅពីធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងការវិនិយោគលើអចលនទ្រព្យដូចជាអគារ Shard របស់ទីក្រុងឡុងដ៍, Olympic Village ហាងលក់ទំនិញ Harrods និងអគារ Empire State ទីក្រុងញូវយ៉ក និងភាគហ៊ុន នៅក្នុងធនាគារ Barclays, ក្រុមហ៊ុនអាកាសចរណ៍ British Airways និងក្រុមហ៊ុនរថយន្ត Volkswagen ផងដែរ។
យ៉ាងណាមិញ បើតាមការប៉ាន់ស្មានរបស់ Traveler’s Top ក៏បញ្ជាក់ដែរថា សែស្រឡាយរាជវង្ស House of Thani ក៏មានវិមានមាស និងអចលនទ្រព្យស្ថិតនៅទីក្រុងឡុងដ៍ចំនួនបី ខណៈព្រះរាជវង្សានុវង្សរបស់កាតារស់នៅក្នុងព្រះបរមរាជវាំង Doha ដែលស្រោបដោយមាស ខណៈសែស្រឡាយក្សត្រនេះ មានព្រះបរមរាជវាំងចំនួន១៥ផ្សេងគ្នា និងចំណតរថយន្តសម្រាប់រថយន្តជាង ៥០០ គ្រឿង ដែលចំណាយថវិកាសាងសង់ប្រហែល ១ ពាន់លានដុល្លារអាមេរិក ឯណោះ។ ដោយឡែកនៅឆ្នាំ ២០១៩ ព្រះចៅកាតាក៏បានសាងសង់វិមានពណ៌សមួយទៀត នៅក្នុងប្រទេសអូម៉ង់ដែលមានសម្ភារៈស្រដៀងគ្នា ហើយក៏ធ្លាប់បានប្រើសម្រាប់ព្រះបរមរាជវាំង Doha។ លើសពីនោះ នៅក្នុងឆ្នាំ ២០១៣ មហាក្សត្រី Sheikha Mozah bint Nasser Al Missned ដែលជាមហេសីមួយក្នុងចំណោមមហេសីទាំងបីរបស់ព្រះចៅកាតា បានទិញផ្ទះចំនួនបីនៅ Cornwall Terrace ក្នុង Regent’s Park ទីក្រុងឡុងដ៍ ក្នុងតម្លៃប្រហែល ១៤០ លានដុល្លារអាមេរិក ហើយបានបំប្លែងទៅជាវិមានដ៏អស្ចារ្យមួយដែលមានបន្ទប់គេង ១៧កន្លែងទទួលភ្ញៀវចំនួន ១៤ រោងកុន បារ និងអាងហែលទឹក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានបញ្ជាក់។
ព្រះចៅកាតាត្រូវបានគេរាយការណ៍ថា ជាម្ចាស់ The Katara ដែលជានាវាកម្សាន្តធំជាងគេបំផុត និងថ្លៃបំផុតរបស់ពិភពលោក ជាមួយនឹងតម្លៃជិត ៤០០លានដុល្លារអាមេរិក វាមានប្រវែង ១២៤ម៉ែត្រ ជាមួយនឹងបន្ទះឧទ្ធម្ភាគចក្រ និងជាន់ជាច្រើនដែលអាចផ្ទុកភ្ញៀវបានរហូតដល់៣៥ នាក់ និងសមាជិកនាវិក ៩០នាក់ ហើយនោះមិនមែនជានាវាកម្សាន្តតែមួយរបស់រាជវង្សកាតាឡើយ។ ត្រលប់ទៅឆ្នាំ ២០១៩ សារព័ត៌មាន Megayacht News បានរាយការណ៍ថា អគ្គីភ័យនៅឯកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Doha បានបំផ្លាញនាវាកម្សាន្តចំនួន ៣ ដែលជាកម្មសិទ្ធិរបស់ព្រះរាជវង្សានុវង្ស ដែលមានតម្លៃរាប់សិបលានក្នុងមួយគ្រឿង។ នៅឆ្នាំ ១៩៧៧ ព្រះចៅកាតាបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ផ្ដាច់មុខមួយគឺ Qatar Amiri Flight ដែលបម្រើតែសមាជិកគ្រួសាររាជវង្ស និងបុគ្គលិករដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសប៉ុណ្ណោះ។ យោងតាម Plane Spotters ក្រុមហ៊ុនអាកាសចរណ៍បច្ចុប្បន្នមានយន្តហោះចំនួន ១៤ គ្រឿង រួមទាំងយន្តហោះ Boeing 747-8 ចំនួន ៣ គ្រឿង ដែលជាយន្តហោះពាណិជ្ជកម្មថ្លៃបំផុតរបស់ម៉ាកយីហោដែលមានតម្លៃជាង៤០០ លានដុល្លារអាមេរិកក្នុងមួយគ្រឿង។ ខ្លះទៀតគឺជាម៉ូដែលផ្សេងៗរបស់ Airbus រួមទាំងយន្តហោះ Airbus A340-300 ដែលមានតម្លៃចន្លោះពី ៣៥០ លានដុល្លារទៅ ៥០០លានដុល្លារអាមេរិក ខណៈនៅសល់ចន្លោះពី ១០០ លានដុល្លារទៅ ៣០០ លានដុល្លារអាមេរិក តាមរយៈ Simple Flying ។
ទន្ទឹមនោះ គ្រួសាររាជវង្សក៏មានកងនាវាដ៏ធំនៅលើផ្លូវ ព្រមជាមួយនឹងរថយន្តដែលមានយីហោថ្លៃបំផុតដូចជា៖ Bugattis, Divo, Veyron , Chiron , LaFerrari Aperta, coupe ពណ៌ក្រហម; Lamborghini Centenario ពណ៌ស , Centenario Roadster; Mercedes AMG 6×6; Rolls-Royce Phantom, Select Car Leasing និង Qatar Just។ នៅមិនអស់នោះទេ ក្រៅពីនាវាកម្សាន្តដ៏ធំ រថយន្តទំនើប និងយន្តហោះឯកជន ព្រះចៅកាតាក៏សព្វព្រះរាជហឫទ័យខ្លាំងលើសិល្បៈ ដែលចំណូលចិត្តផ្សេងទៀតរបស់គ្រួសារ។ ទ្រង់បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើផ្ទាំងគំនូរ និងប្រមូលផ្ដុំ វត្ថុរាប់ពាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ក្នុងនោះមានគំនូរខ្លះចំណាយអស់រាប់សិបលានដុល្លារ ដូចជា Mark Rothko White Center តម្លៃ ៧២.៨លានដុល្លារអាមេរិក ឬ Andy Warhol’s Men in Her Life តម្លៃ ៦៣.៤ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១១ ទ្រង់បានទិញគំនូរCézanne’s The Card Players ក្នុងតម្លៃ ២៥០ លានដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជាគំនូរថ្លៃបំផុតរបស់ពិភពលោក ត្រូវបានលក់នៅពេលនោះ ។ សព្វថ្ងៃនេះ វានៅតែជាផ្ទាំងគំនូរថ្លៃបំផុតទីបីបន្ទាប់ពី Willem de Kooning’s Interchange ត្រូវបានលក់ក្នុងតម្លៃ ៣០០ លានដុល្លារក្នុងឆ្នាំ ២០១៥ និង Salvator Mundi របស់ Leonardo da Vinci ដែលមានតម្លៃ ៤៥០ លានដុល្លារក្នុងឆ្នាំ២០១៧
ទោះយ៉ាងណា មិនមែនជារឿងចម្លែកនោះទេដែលស្ដេច Sheikh Abdullah Bin Nasser Al-Thani ហ៊ានចំណាយលុយវាលលានទិញអ្វីដែលទ្រង់ចង់បាន។ ជាក់ស្ដែងរាជវង្សកាតាក៏ចូលចិត្តកីឡាខ្លាំងដូចវត្ថុប្រណីត។ ប្រទេសនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះជើងឯកអន្តរជាតិជាច្រើនដូចជា Asian Games ឆ្នាំ ២០០៦ ជើងឯកប្រដាល់ពិភពលោក AIBA ឆ្នាំ ២០១៥ និងបច្ចុប្បន្ន FIFA World Cup 2022 ។ ក្នុងចំណោមកីឡាទាំងអស់ បាល់ទាត់ជាចំណូលចិត្តរបស់គ្រួសាររាជវង្ស។ ព្រះចៅកាតាបានបង្កើតក្រុមហ៊ុន Qatar Sports Investments នៅឆ្នាំ ២០០៤ ហើយទីបំផុតបានក្លាយជាម្ចាស់ក្លឹប Paris Saint-Germain ក្នុងឆ្នាំ ២០១១។ នៅខែតុលា ទ្រង់ក៏បានទិញភាគហ៊ុន ២១.៧ ភាគរយនៃ SC Braga ដែលជាក្លឹបបាល់ទាត់ឈានមុខគេមួយនៅក្នុងប្រទេសព័រទុយហ្គាល់ ។ រាជាអង្គនេះក៏បានទិញក្លឹបអេស្ប៉ាញ Málaga ក្នុងឆ្នាំ ២០១០ ខណៈដែលព្រះអង្គម្ចាស់ Khalid Faleh al Thani ក៏ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយកពាន Serie A Sampdoria របស់អ៊ីតាលី នេះបើយោងតាម Football Italia បានបញ្ជាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រៅពីបាល់ទាត់ ព្រះចៅកាតា សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាមួយប្រភេទទៀត
ចុចអាន៖អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»