KPT+
បេក្ខជនបំពេញវិជ្ជា លើកទឹកចិត្តដល់បេក្ខជនទូទៅ កុំបាក់ទឹកចិត្ត ត្រូវខំអស់ពីសមត្ថភាព
បេក្ខជនបំពេញវិជ្ជា ដែលប្រឡងបាក់ឌុបធ្លាក់កាលពីឆ្នាំ ២០២១ បានលើកទឹកចិត្ត និងជំរុញឱ្យបេក្ខជនផ្សេងទៀត ត្រូវខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ជាពិសេសអ្នកដែលបានធ្លាក់បាក់ឌុបឆ្នាំមុន ត្រូវមានការខិតខំ និងកុំបាក់ទឹកចិត្តកំឡុងពេលនេះ។

បេក្ខជនឈ្មោះ អន អេនឌី ដែលមកពីសាលាអន្តរទ្វីប អាមេរិកកាំង ធ្លាប់បរាជ័យក្នុងការប្រឡងបាក់ឌុប កាលពីឆ្នាំ២០២១កន្លងទៅ ត្រូវប្រឡងនៅមណ្ឌល វិទ្យាល័យ ឥន្ទ្រទេវី ថ្នាក់វិទ្យាសាស្ត្រសង្គម បានថ្លែងមកកាន់ “កម្ពុជាថ្មី” ថា កាលពីឆ្នាំ២០២១ លោកប្រឡងបាក់ឌុបធ្លាក់ ព្រោះជាសម័យជួបវិបត្តិកូវីដ-១៩ តម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញ ធ្វើឱ្យលោកពិបាកក្នុងការផ្តោតអារម្មណ៍រៀន ព្រោះមិនអាចរៀនគួរបន្ថែមជាមួយគ្រូផ្ទាល់បាន ធ្វើឱ្យការសិក្សារបស់លោកធ្លាក់ចុះទៅតាមនោះ។

យុវជន អន អេនឌី បានបន្ថែមថា ទោះបីជាលោកធ្លាប់បរាជ័យម្តងរួចមកហើយ ក៏លោកមិនបោះបង់ការប្រឡងនេះឡើយ។ ដោយឡែកនៅឆ្នាំ២០២២នេះ ករណីកូវីដ-១៩ បានធូរស្បើយជាងមុនច្រើន អាចឱ្យលោកសិក្សាក្នុងថ្នាក់ជាមួយគ្រូ និងមិត្តភក្តិបានច្រើន ធ្វើឱ្យការផ្តោតលើមេរៀនរបស់លោកក៏បានល្អប្រសើរ។ មួយវិញទៀត លោកបានមើលមេរៀន ទៅលើមុខវិជ្ជាដែលត្រូវប្រឡងបាក់ឌុបបានតាំងពីដើមឆ្នាំនៃការប្រឡង ធ្វើឱ្យលោកមានជំនឿចិត្តច្រើនជាងមុន។
លោក អន អេនឌី បាននិយាយថា៖ “ខ្ញុំសូមសំណូមពរដល់អ្នកប្រឡងទាំងអស់ ជាពិសេសអ្នកបំពេញវិជ្ជាដូចខ្ញុំ កុំបាក់ទឹកចិត្ត ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ និងបរិភោគអាហារដែលមានថាមពល សម្រាប់ការប្រឡងថ្ងៃស្អែក។ ខ្ញុំជឿជាក់ថា ឆ្នាំនេះ យើងធ្វើបានទាំងអស់គ្នា”។
ចំណែក កញ្ញា អ៉ិន គីមហេង មកពីសាលាអន្តរទ្វីប អាមេរិកកាំង ជាបេក្ខជនបំពេញវិជ្ជា ត្រូវប្រឡងនៅ មណ្ឌល វិទ្យាល័យ ឥន្រ្ទទេវី ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រាប់មក “កម្ពុជាថ្មី” ថា កាលពីឆ្នាំ២០២១ កញ្ញាបានជ្រើសរើសយកប្រឡងថ្នាក់វិទ្យាសាស្ត្រពិត ដែលឆ្នាំនោះ កញ្ញាប្រឡងធ្លាក់ ព្រោះមិនបានស្គាល់ខ្លួនឯងថា ស្រឡាញ់មុខវិជ្ជាមួយណាប្រាកដ។ ក្រោយពីបទពិសោធប្រឡងធ្លាក់ម្តងរួចមក ទើបកញ្ញា បានដឹងពីទំនោរ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងប្តេជ្ញាធ្វើឱ្យបាន សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥ ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។

កញ្ញា អ៉ិន គីមហេង បានផ្តាំផ្ញើដល់បេក្ខជនប្រឡងគ្រប់រូប ត្រូវបន្ធូរអារម្មណ៍ឱ្យបានល្អ កុំបង្ខំខ្លួនឯងឱ្យមើលមេរៀនច្រើនពេក ជាពិសេស មុនមួយថ្ងៃ នៃការប្រឡង ត្រូវមើលថែសុខភាពផ្លូវចិត្ត និងរាងកាយឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងថ្ងៃស្អែក។
រីឯ លោក អុន បញ្ញារិទ្ធ ជាសិស្សបំពេញវិជ្ជាដូចគ្នា មកពីវិទ្យាល័យ ឥន្រ្ទទេវី នឹងត្រូវប្រឡងនៅមណ្ឌល វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានលើកឡើងថា សម្រាប់អ្នកដែលធ្លាក់កាលពីឆ្នាំមុន ពួកគេច្បាស់ជានៅមានអារម្មណ៍ពិបាកចិត្ត តឹងតែង និងបន្ទោសខ្លួនឯងជារឿយៗ។ ដូច្នេះនៅឆ្នាំនេះ បេក្ខជនទាំងអស់គ្នា គួរទុកអារម្មណ៍សោកសៅទាំងនោះមួយឡែកសិន រួចមករំលឹកមេរៀនដែលត្រូវប្រឡង ក្នុងកម្រិតល្មមឱ្យខួរក្បាលបានសម្រាក និងបានត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបខាងមុខបានល្អ។

លោកសង្ឃឹមថា លោក ព្រមទាំងបេក្ខជនឯទៀត អាចប្រឡងបាក់ឌុបឆ្នាំ២០២២នេះជាប់ ជាមួយនឹងនិទ្ទេសល្អគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង