Connect with us

KPT+

រឿងរ៉ាវផ្ទាល់ខ្លួន ៥យ៉ាងពីជីវិតកីឡាករ Kylian Mbappe ម្ចាស់ពានស្បែកជើងមាស World Cup 2022

បានផុស

នៅ

កំពូលខ្សែប្រយុទ្ធ Kylian Mbappe ជា​កីឡាករ​វ័យ​ក្មេង​ដែល​មានតម្លៃខ្លួនថ្លៃបំផុតលើលោក និងត្រូវ​បាន​គេ​ចាត់​ទុក​​ជាបុរសដ៏មាន​ទេពកោសល្យ​​កម្រ​ក្នុងវិស័យ​បាល់ទាត់​បារាំង។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ដោយយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា កីឡាកររូបនេះទទួលបានប្រាក់បៀវត្សរ៍រហូតដល់ ១២០លានដុល្លារអាមេរិកឯណោះ សម្រាប់ការលេងនៅរដូវកាល ២០២២/២៣ ឱ្យក្លឹប PSG ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ​មានច្រើន​ជាង​តារា​បាល់ទាត់​ល្បី​ៗ​របស់​ពិភពលោកទាំង​ពីរ​រូប​គឺ Messi និង Ronaldo ទៅទៀត។ ដោយសារតែមិត្តរួមក្រុម PSG របស់ Mbappe គឺ Messi ទទួលបានប្រាក់ខែប្រហែល ១២០លានដុល្លារប៉ុណ្ណោះ ខណៈដែល Ronaldo ទទួលបាន ១០០លានដុល្លារ កាលពីពេលនៅលេងឱ្យ Manchester United ។

បច្ចុប្បន្ននេះ យោងតាមគេហទំព័រ caknowledge.com ទ្រព្យសម្បត្តិសុទ្ធរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ មានចំនួនប្រហែល ១៨០លានដុល្លារ។ ក្រៅពីទទួលបានប្រាក់បៀវត្សរ៍ដ៏ច្រើនពីកីឡាបាល់ទាត់ កីឡាករវ័យក្មេងរូបនេះក៏មានប្រាក់ចំណូលពីប្រភពជាច្រើនទៀតរួមមាន អាជីវកម្ម ការវិនិយោគ និងទូតសុឆន្ទៈតំណាងឱ្យម៉ាកយីហោល្បីៗលើពិភពលោក។

ខាងក្រោមជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន ៥យ៉ាង ​ពីកំពូលខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមមាន់គកបារាំង៖

 ១. Kylian Mbappe ជាកំពូលតារា ប៉ុន្តែប្រើជីវិតសាមញ្ញបំផុត

និយាយដល់ប្រាក់ចំណូលដ៏ខ្ពស់កប់ពពក ប្រិយមិត្តអាចនឹងគិតថា Mbappe ចូលចិត្តចាយជីវិតហាយសូរមិនខាន។ ផ្ទុយទៅវិញកីឡាកររូបនេះ មិនភ្លើតភ្លើនខ្ជះខ្ជាយប្រាក់ទៅលើរថយន្តទំនើប វីឡាប្រណីត ម៉ាកយីហោល្បីៗ ឬឧបករណ៍កីឡាផ្សេងៗឡើយ។

អ្នកគាំទ្រកម្រឃើញ Mbappe ថតរូបជាមួយរថយន្តទំនើប ឬអួតពីជីវិតដ៏ប្រណីតរបស់លោកនៅលើបណ្តាញសង្គមណាស់។ លោកផ្តោតពេលវេលាស្ទើរតែទាំងស្រុងលើការអភិវឌ្ឍជំនាញបាល់ទាត់ ហើយពេលទៅណាមកណា ហ្វេនៗឃើញលោកស្លៀកពាក់ធម្មតាៗប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនាមជាកំពូលកីឡាករបាល់ទាត់ពិភពលោក គេដឹងថា Mbappe មានរថយន្តទំនើបពីរបីគ្រឿងដែរ ហើយលោកធ្លាប់ចំណាយប្រាក់ ៧០០០ដុល្លារក្នុងមួយម៉ោង ដើម្បីជួលយន្តហោះឯកជន សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

២. Kylian Mbappe ជាមនុស្សស្រឡាញ់ស្បែកជើង និងនាឡិកាដៃ

Mbappe ជាមនុស្ស​គ្មាន​ចំណង់​ចំណូល​ចិត្ត​លើ​រថយន្ត​ស្ព័រដូចអ្នកមានៗផ្សេងនោះទេ ដែល​ជា​ហេតុ​នាំឱ្យលោក​កម្រ​ចែករំលែក​រូប​ថត​ជាមួយ​រថយន្ត​ទំនើប។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ ២៤​រូប​នេះ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​នាឡិកាដៃ និង​ស្បែក​ជើង។ លោកជាម្ចាស់បណ្តុំនៃនាឡិកាទាន់សម័យបំផុត ដែលគេតែងប្រទះឃើញលោកបង្ហាញវាញឹកញាប់។

រាល់ពេលដែលលោកបង្ហាញវត្តមាននៅពីមុខកាមេរ៉ា ខ្សែប្រយុទ្ធរូបនេះផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការតុបតែងខ្លួន ដោយលោកតែងតែផ្លាស់ប្តូរម៉ូដនាឡិកា និងស្បែកជើងផ្សេងៗគ្នាពីម៉ាកយីហោល្បីៗ និងមានតម្លៃថ្លៃក្នុងពិភពលោកដូចជា Sneakers, Hublot, Nike និង Rolex ​ជាដើម។ យ៉ាងណាមិញ ស្បែកជើង និងនាឡិការបស់លោកភាគច្រើនត្រូវបានឧបត្ថម្ភដោយម៉ាកយីហោដែលលោកតំណាងឱ្យ ដូច្នេះលោកមិនចាំបាច់ចំណាយលុយទិញវានោះទេ។

៣. Kylian Mbappe ជាវិនិយោគិនលើវិស័យអចលនទ្រព្យ

ពេលឆ្លើយនៅចំពោះមុខសារព័ត៌មានបារាំង Mbappe ធ្លាប់និយាយថា លោកយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគលំនៅដ្ឋាន ព្រោះលោកចង់ឱ្យ​គ្រួសារមានផ្ទះធំទ្រនំខ្ពស់ សម្រាប់ពួកគាត់រស់នៅយ៉ាងសុខស្រួល។

ក្រោយវិនិយោគជោគជ័យ គេបានដឹងថា Mbappe មានវីឡាដ៏ប្រណីតតម្លៃ ១០លានដុល្លារ នៅកណ្ដាលក្រុងប៉ារីស ដែលវាមានបន្ទប់គេង ១២បន្ទប់ ជាមួយនឹងទីលានបាល់បោះ បណ្ណាល័យ កន្លែងហាត់ប្រាណ និងបន្ទប់អាហារ។ លើសពីនេះលោកមានផ្ទះលំហែមួយនៅប្រទេស ម៉ូណាកូ (Monaco) ផងដែរ។

៤. Kylian Mbappe ចូលចិត្តដើរកម្សាន្តជាមួយធម្មជាតិ

ថ្វីត្បិតតែខ្លួនក្លាយជាសេដ្ឋីហើយក្ដី និងមានលុយចាយមិនខ្វះយ៉ាងណាក៏ដោយ ប៉ុន្តែ Mbappe មិនដែលចំណាយលុយលើការសប្បាយដើរលេងក្លឹបរាត្រី ឬសេពគ្រឿងស្រវឹងឡើយ។ ម្ចាស់ពានស្បែកជើងមាសរូបនេះ ហាក់នៅឆ្ងាយពីទម្លាប់អវិជ្ជមាន ហើយលោកតែងត្រូវគេកោតសរសើរនូវរបៀបរស់នៅដែលមានសុខភាពល្អ។ នៅពេលវិស្សមកាលម្ដងៗ លោកឧស្សាហ៍​ចំណាយ​ប្រាក់​​សម្រាក​លំហែ​​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ហើយជារឿយៗលោកតែងតែទៅលេងឆ្នេរសមុទ្រ និងរមនីយដ្ឋានធម្មជាតិ។

៥. Kylian Mbappe ចូលចិត្តធ្វើសប្បុរសធម៌

ទង្វើនេះ ជាទង្វើដែលធ្វើឱ្យហ្វេនៗរាប់លាននាក់រឹតតែស្រឡាញ់គាំទ្រ Mbappe ព្រោះបុរសរូបនេះមិនភ្លេចឡើយនូវសកម្មភាព​មនុស្សធម៌ ក្នុងការលើកស្ទួយកុមារក្រីក្រ។ ប្រហែលនេះជាចំណង់ចំណូលចិត្ត ដែលកើតចេញពីអតីតកាលរបស់ Mbappe ព្រោះកាលនៅវ័យកុមារ លោកមានជីវភាពក្រីក្រ និងលំបាក រកព្រឹកខ្វះល្ងាច។ យោងតាមកាសែតបារាំង L’Equipe កំពូលខ្សែប្រយុទ្ធរូបនេះធ្លាប់បានជួយកុមារពិការ កុមារឈឺរ៉ាំរ៉ៃ និងកុមារក្រខ្សត់ ដោយលោកតែងតែបរិច្ចាគប្រាក់រង្វាន់របស់ខ្លួនទាំងអស់ពីការប្រកួតបាល់ទាត់ពិភពលោកជូនមូលនិធិ។

ដោយឡែក ក្នុងព្រឹត្តិការណ៍ World Cup 2022 ថ្មីៗនេះ Kylian Mbappe ក៏បានប្រកាសយកប្រាក់រង្វាន់ទាំងអស់ ដែលមានតម្លៃប្រហែល ៤សែនដុល្លារ ផ្តល់ដល់កុមារក្រីក្រនៅអាហ្វ្រិកផងដែរ ហើយ Mbappe ​នឹងរក្សាទម្លាប់ប្រើប្រាស់ប្រាក់រង្វាន់ទាំងអស់នៅក្នុងក្លឹប និងការប្រកួតធំៗ ដើម្បីបរិច្ចាគដល់អង្គការសប្បុរសធម៌រហូតទៅ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះរឿងរ៉ាវទាំង ៥យ៉ាង របស់ Kylian Mbappe? សូមចែករំលែកជាមួយ កម្ពុជាថ្មី!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម