KPT+
បទយកការណ៍៖ សិស្សស្រី ៥ នាក់ ខ្លះក្រដល់ថ្នាក់គ្មានផ្ទះ តស៊ូជម្នះរៀនប្រឡងបាននិទ្ទេស A
“ចេះគឺជាប់” ជាពាក្យស្លោកដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តែងពោលដើម្បីជំរុញឱ្យសិក្សានុសិស្ស ពិសេសបេក្ខជនប្រឡងគ្រប់រូប ខិតខំសិក្សាត្រៀមខ្លួនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

“ចេះគឺជាប់” មិនមែនអាស្រ័យលើទ្រព្យ ឬភព្វសំណាងនោះទេ គឺពឹងលើសមត្ថភាពរបស់បេក្ខជនរៀងៗខ្លួន។ ជាក់ស្ដែង ក្នុងចំណោមបេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២នេះ ដែលទើបប្រកាសថ្មីៗនេះ មានយុវតី ៥នាក់ មានជីវភាពលំបាក ដល់ថ្នាក់អ្នកខ្លះគ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវ ប៉ុន្តែបានព្យាយាមសិក្សារហូតបាននិទ្ទេស ល្អប្រសើរ ឬ A។

ស្ថិតក្នុងជីវភាពលំបាក គ្មានផ្ទះរស់នៅ សិស្សនិទ្ទេស A ម្នាក់ មានឈ្មោះ ឆាំ ខែម៉ា ឪពុកម្ដាយបានសុខចិត្តលក់ផ្ទះយកប្រាក់ដើម្បីឱ្យកូនបានរៀនសូត្រ។ តាមបទសម្ភាសន៍អ្នកគ្រូ របស់ ឆាំ ខែម៉ា បានបង្ហាញទិដ្ឋភាព នាងពិតជាគ្មានផ្ទះរស់នៅពិតមែន ដោយមួយគ្រួសារមានគ្នា ៦នាក់ ត្រូវគេងលើគ្រែ ដែលគ្មានជញ្ចាំងបាំងជិត ឯផ្ទះបាយមានត្រឹមស័ង្កសីបាំងមួយសន្លឹកប៉ុណ្ណោះ។

យុវតី ឆាំ ខែម៉ា បានឱ្យដឹងថា ដំបូងនាងមានបំណងចង់រៀនពេទ្យ និងក្លាយជាគ្រូពេទ្យម្នាក់ តែដោយសារបញ្ហាជីវភាព នាងក៏ប្រែចង់រៀនផ្នែក គីមីចំណីអាហារ នៅឯ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិណូ) ដោយនាងនឹងស្វែងរកផ្ទះជួល និងរៀនត្រៀមនៅសាលា ជ័យថាវី។ កញ្ញា ឆាំ ខែម៉ា សូមអរគុណទុកជាមុនចំពោះម្ចាស់ផ្ទះជួល ដែលមានចិត្តមេត្តា ជួយបញ្ចុះតម្លៃផ្ទះដើម្បីឱ្យនាងបានស្នាក់នៅរៀនសូត្រ។ ជាមួយគ្នានេះ នាងសូមថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀននាង តាំងពីថ្នាក់ទី១ ដល់ទី១២។

កញ្ញា បូន រាក់សា មកពីវិទ្យាល័យកំពង់ក្ដី រស់នៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ នាងកំព្រាឪពុក មានជីវភាពខ្វះខាតខ្លាំង រស់នៅជាមួយជីដូន មានបងប្អូន ៣នាក់ ដោយម្ដាយទៅស៊ីឈ្នួលគេនៅភ្នំពេញ។

លោក ប៊ុន ណុច នាយករង វិទ្យាល័យកំពង់ក្ដី សូមសម្បុរសជនមេត្តាជួយឧបត្ថម្ភដើម្បីនាងមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យា។ ទូរសព្ទ កញ្ញា បូន រាក់សា លេខ ០៦៩ ២៣៨ ២៩៤ ។

កញ្ញា ឡៃ សុភន ជាសិស្សក្រីក្រ ឪពុកម្ដាយខ្វះខាតមុខក្រោយ ផ្ទះនៅដាច់ស្រយាលឆ្ងាយណាស់ពីសាលារៀន តែយុវតីប្រឹងប្រែងតស៊ូរៀនសូត្រ រហូតប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានទទួលនិទ្ទេស A ។ យុវតី រៀននៅវិទ្យាល័យកំពង់ក្ដី ដែរ ដោយនាងរស់នៅភូមិដុបត្នោត ឃុំពង្រលើ។

លោក ប៊ុន ណុច បានឱ្យដឹងថា ឡៃ សុភន ជាសិស្សតស៊ូអំណត់ព្យាយាមខិតខំរៀនសូត្រខ្លាំង ដោយសារតែផ្ទះឆ្ងាយពីសាលាខ្លាំងពេក នាងបានសុំឪពុកម្ដាយមកស្នាក់នៅរៀនសូត្រក្នុងសាលាតែម្ដង។ សប្បុរសជនអាចចូលរួមឧបត្ថម្ភ ដោយទូរសព្ទប្អូន កញ្ញា ឡៃ សុភន លេខ ០៨៨ ៨១០ ១២៦៧។

យុវតី ញ៉ែត សុធារ៉ា ជាសិស្សវិទ្យាល័យ ហ៊ុនសែន អង្គចក នាងមានទីលំនៅ ភូមិតាឥន ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ព្រោះតែភាពក្រលំបាក ថែមទាំងកំព្រាម្ដាយ មានតែឪពុក បន្សល់ទុកប្អូនស្រីពីរនាក់ទៀត រស់នៅជាមួយជីតាចាស់ជរា និងមីងម្នាក់។ ទាំងមើលថែប្អូន ទាំងខំរៀនគឺនឿយហត់ ប៉ុន្តែនាងតែនៅតែអំណត់ព្យាយាម រហូតទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ៩៩,៤៩៣។ អ្នកភូមិរំភើបគ្រប់ៗគ្នា ខ្លះហូរទឹកភ្នែក អាណិតអាសូរ ព្រោះនាងគ្មានកាដូលើកទឹកចិត្តពីម្ដាយដូចមិត្តភក្តិដែលគេមានម្ដាយ ឯឪពុកក៏ក្រទៀត។

អ្នកគ្រូ កែវ ស្រីពៅ បានបញ្ជាក់ឱ្យដឹងថា យុវតីខាងលើជាកូនកំព្រា រស់នៅតែជាមួយជីតាចាស់ជរាក្នុងខ្ទមតូចមួយជាប់ដី តែចង់ចេះចង់ដឹង និងការខិតខំប្រឹងប្រែងខ្លាំង។ អ្នកគ្រូ កែវ ស្រីពៅ បានអំពាវនាវឱ្យសប្បុរសជន ឬគ្រឹះស្ថានឧត្តមសិក្សា ជួយឧបត្ថម្ភ ដើម្បីយុវតីខាងលើបានបន្តការសិក្សាទៅមុខទៀត តាមលេខទូរសព្ទ៖ ០៩៦ ៨០៣ ៩៤៦៧។

គ្រួសារមានជីវភាពលំបាក ប៉ុន្តែកញ្ញា ភាព ស្រីណាត់ អាយុ ១៨ឆ្នាំ តស៊ូ អំណត់ បានធ្វើឱ្យក្មួយស្រី ប្រឡងសញ្ញាបត្រទុតិយភូមិជាប់បាន និទ្ទេស A ។ ភាព ស្រីណាត់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការរោងបុណ្យ ចំណែងនាងរៀនផង ស៊ីឈ្នួលលាងម៉ូតូផង រកចំណូលជួយលោកយាយ។

លោក ងៀម ស៊ីដារា នាយក វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា ស្រីណាត់ ជាសិស្សក្រីក្រ ព្រោះតែបញ្ហាលំបាក ក្នុងជីវភាពគ្រួសារ នាងស្ទើរតែលះបង់ការសិក្សា។ កន្លងមកធ្លាប់បានក្រុមការងារចុះជួយមូលដ្ឋាន ប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងសាលា រួមជាមួយសប្បុរសជនមួយចំនួនបានផ្តល់ជំនួយជាបន្តបន្ទាប់ គាំទ្រ និងលើកទឹកចិត្តមិនឱ្យបោះបង់ចោលការសិក្សា រហូតទទួលបាលលទ្ធផលបែបនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ នៅថ្ងៃទី ២៦ ខែធ្នូនេះថា គម្រោងជួបសិស្សនិទ្ទេស A លើកនេះ អាចនឹងត្រូវរៀបចំឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad ចែកជូនដល់សិស្សពូកែ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយបេក្ខជនប្រឡងជាប់សរុប ៩០ ៩៥០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ឆ្នាំ២០២២ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់, បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ