Connect with us

KPT+

ធ្វើដូចម្ដេចទើបអាចទទួល គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា?

បានផុស

នៅ

គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ គ្រឿងឥស្សរិយយសទាំងនោះ ត្រូវបានបង្កើតឡើង និងរៀបរៀងតាមប្រភេទ និងតាមឋានានុក្រម សម្រាប់ជូនបុគ្គលដែលបានពលី មានស្នាដៃបម្រើ និងសាងប្រយោជន៍ជូនជាតិមាតុភូមិ ដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រភេទ មាតុប្រទេស៖ សម្រាប់ផ្ដល់ជូនវរជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងបុព្វហេតុ សាមគ្គីភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងសន្ដិភាពជូនជាតិ។ មេដាយនេះមាន៣ដូចខាងក្រោម៖

ក. មេដាយជាតូបការ ជាមេដាយថ្នាក់ខ្ពស់បំផុត មានតែ ១ថ្នាក់។

ខ. មេដាយព្រះរាជាណាចក្រកម្ពុជា មាន ៥ថ្នាក់ គឺ មេដាយ មហាសេរីវឌ្ឍន៍ មេដាយមហាសេនា មេដាយមហាធិបឌិន្ទ មេដាយសេនា និង មេដាយអស្សឫទ្ធិ។

គ. មេដាយឯករាជជាតិ មានតែ ១ថ្នាក់។

២. ប្រភេទ រាជបល្ល័ង្ក៖ សម្រាប់ផ្ដល់ជូនវរជនដែលមានគុណបំណាច់ចំពោះរាជបល្ល័ង្ក ព្រះមហាក្សត្រផ្ទាល់ ព្រះរាជវង្សានុវង្ស ព្រះមហាក្សត្រ ជាពិសេសជូនជាអនុស្សាវរីយ៍ពីព្រះមហាក្សត្រ។

មេដាយនេះមាន ៣ ៖ មេដាយរាជសម្បត្តិ មេដាយរជ្ជកាល (មាន ៣ គឺ មាស ប្រាក់ និងសំរឹ​ទ្ធ) និង មេដាយអនុស្សារា។

៣. ប្រភេទ ការពារជាតិ៖ សម្រាប់ផ្ដល់ជូនពលទាហាន នាយទាហានរង នាយទាហាន កងកម្លាំងប្រដាប់អាវុធ ឬនគរបាល ក្នុងកិច្ចការពារព្រំដែន និងសន្ដិសុខជូនប្រទេសជាតិ​ក្នុងពេលសង្រ្គាម។

មេដាយនេះមាន ២ ៖ មេដាយសេនាជ័យសិទ្ធ និង មេដាយការពារជាតិ មាន ៣ ថ្នាក់គឺ មាស ប្រាក់ សំរឹទ្ធ។

៤. ប្រភេទចម្រុះ មាន ៧ ៖

៤.១ មេដាយសហមេត្រី សម្រាប់បំពាក់ជូនអង្គទូត ឬតំណាងប្រទេសជាមិត្ត បានបំពេញភារកិច្ចបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ មេដាយនេះមាន ៣ ប្រភេទ៖ មេដាយធិបឌិន្ទ មេដាយសេនា និង មេដាយអស្សឫទ្ធិ។

៤.២ មេដាយសុវត្ថារា សម្រាប់បំពាក់ជូនអ្នកមានស្នាដៃខាងកសិកម្ម សេដ្ឋកិច្ច។ មេដាយនេះមាន ៣ ប្រភេទ៖ មេដាយធិមេដាយធិបឌិន្ទ មេដាយសេនា និង មេដាយអស្សឫទ្ធិ។

៤.៣ មេដាយមុនីសារភ័ណ្ឌ សម្រាប់បំពាក់ជូនអ្នកដែលមានស្នាដៃក្នុងវិស័យអប់រំ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬវិស័យផ្សេងៗទៀត។ មេដាយនេះមាន ៣ ប្រភេទ៖ មេដាយធិបឌិន្ទ មេដាយសេនា និង មេដាយអស្សឫទ្ធិ។

៤.៤ មេដាយការងារ សម្រាប់បំពាក់ជូនអ្នកមានស្នាដៃការងារល្អ ក្នុងការបំពេញភារកិច្ច លើវិស័យរដ្ឋបាល ឬវិស័យឯកជន។ មេដាយនេះមាន ៣ ប្រភេទ៖ មេដាយមាស មេដាយប្រាក់ និង មេដាយសំរឹទ្ធ។

៤.៥ មេដាយស្ថាបនាជាតិ សម្រាប់ប្រគល់ជូនសប្បុរសជន ឬបុគ្គលទាំងឡាយ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ឬសម្ភារៈក្នុងការជួយកសាងជាតិ និងស្ថាបនាសមិទ្ធិផលជាប្រយោជន៍សាធារណៈ។ មេដាយនេះមាន ៣ប្រភេទ៖ មេដាយមាស មេដាយប្រាក់ និង មេដាយសំរឹទ្ធ។

៤.៦ មេដាយខេមរាកីឡាឫទ្ធិ សម្រាប់បំពាក់ជូនកីឡាករមានស្នាដៃឆ្នើមក្នុងវិស័យកីឡាជាតិ ឬអន្តរជាតិ ដែលបាននាំកិត្តិយសដល់ប្រទេសជាតិ។ មេដាយនេះមាន ៣ ប្រភេទ៖ មេដាយមាស មេដាយប្រាក់ និង មេដាយសំរឹទ្ធ។

៤.៧ មេដាយស្រ្ដីវឌ្ឍនា សម្រាប់បំពាក់ជូនស្ត្រី ឬបុរស មានគុណបំណាច់ខ្ពង់ខ្ពស់ ក្នុងការលើកកម្ពស់ និងតម្លៃរបស់ស្ត្រី។ មេដាយនេះមាន ៣៖ មេដាយមាស មេដាយប្រាក់ និង មេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម