KPT+
ដឹងលម្អិត ថ្ងៃទទួលសញ្ញាបត្រ ម្ដាយឪពុកមកទទួលជំនួសកូន ជានិស្សិតឆ្នើម ក្មេងល្អក្នុងភូមិ
“កូនអើយ គេមកទទួលទាំងអស់ បាត់តែកូនម៉ែ! កូនអើយ ម៉ែមកទទួលសញ្ញាបត្រឱ្យកូនហើយ! ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឱ្យកូន ធាអើយ…”។ នេះជាសម្ដី ម្ដាយដង្ហោយហៅវិញ្ញាណក្ខន្ធកូន ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រ ខណៈកូនជានិស្សិសពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ដែលត្រូវឡើងទទួលសញ្ញាបត្រផ្ទាល់ពីគណៈអធិបតី ប៉ុន្តែសាមីជនបានលាចាកលោកមុនបាត់ទៅហើយ។
ពិធីចែក និងទទួលសញ្ញាបត្រនេះ ប្រារព្ធឡើងនៅ សាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ បណ្ដាញសង្គម បានបង្ហាញភាពក្ដុកក្ដួល និងចែករំលែកបន្តគ្នានូវរឿងគួរឱ្យអនិច្ចាមួយនេះ។ បន្ថែមពីខ្លឹមសារខ្លីពីម្ចាស់ Facebook ឈ្មោះ Sam Ath Houy ដែលមហាជនបានចែករំលែកបន្តគ្នានោះ “កម្ពុជាថ្មី” នឹងលម្អិតព័ត៌មាន ព្រមទាំងស្រាយចម្ងល់មហាជន ខណៈពេលដឹងការពិត ចិត្តកាន់តែសង្វេគ។
និយាយដោយសម្ដីអួលដើមកតែខំទប់ លោក នេត យ៉ឹងរដ្ឋា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលនេះថា លោកជាមិត្ត របស់ លោក ឆាន សន្ធា តាំងពីសាលាបឋម ដល់វិទ្យាល័យ លុះចូលសាកលវិទ្យាល័យ ទើបរៀនជំនាញផ្សេងគ្នា គឺ លោក សន្ធា រៀនគណិត ចំណែក លោកផ្ទាល់រៀនផ្នែកគ្រប់គ្រងទូទៅ។ លោក រដ្ឋា បានឱ្យដឹងបន្តថា លោក សន្ធា បានបាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់។
លោក នេត យ៉ឹងរដ្ឋា បញ្ជាក់ថា៖ “ឆក់នៅស្រុក ពេលសម្រាកពីការងារ។ [សន្ធា] បានទៅស្រុក ជួយជំនួសឱពុកទៅធ្វើសំណង់ផ្ទះគេ ទៅផ្សារដែក។ ទំនេរការងារ១ថ្ងៃ ក៏ទៅជួយ ហើយឱ្យឪពុកទៅធ្វើស្រូវនៅវាលស្រែ គាត់ទៅធ្វើតែម្នាក់ឯង ហើយឆក់ធ្លាក់ពីលើផ្ទះ”។
លោក នេត យ៉ឹងរដ្ឋា បានឱ្យដឹងថា នៅក្នុងភូមិអ្នកណាក៏ទទួលស្គាល់ថា លោក សន្ធា ជាមនុស្សស្លូតបូត ហើយស្គាល់ចាស់ទុំ មិនចេះដើរដូចគេ ឆ្លៀតពីពេលទំនេរការងារតែងជួយការងារឱពុកម្ដាយនៅផ្ទះ ហើយប្រឹងរៀនតាំងពីតូច។
លោក រដ្ឋា បញ្ជាក់បន្ថែមថា៖ “ដោយសារគាត់ជាកូនច្បង ការរៀនក៏ប្រឹងប្រែង ឯការងារក៏ចេះធ្វើច្រើន អ្វីក៏ចេះ ទាំងការងារស្រែចម្ការ រកត្រីសាច់ម្ហូបចេះទាំងអស់ ហើយឆ្លៀតបង្រៀនប្អូនៗទៀត”។
លោក រដ្ឋា បានឱ្យដឹងថា មុនបាត់បង់ជីវិត លោក សន្ធា បានខំស្រាវជ្រាវមេរៀនដើម្បីចូលប្រឡងការងារក្របខណ្ឌមន្ត្រីរាជការ។ លោកក៏ខំរៀនត្រៀមចូលសិក្សាថ្នាក់អនុបណ្ឌិតជាបន្ត ព្រោះលោកចង់រៀនដល់ថ្នាក់បណ្ឌិត ដើម្បីជួយលើកស្ទួយជីវភាពកិត្តិយសគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
តាម គណនី Facebook ឈ្មោះ Sam Thavy បានរៀបរាប់ថា៖ វាជាអារម្មណ៍ខ្លោចផ្សារសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្តឈរជើងនៅគោលដៅលានជល់ដំរី មកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធាអាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង។ ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំ និងរួមការងារជាមួយ សន្ធា មិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ…”។
គួរបញ្ជាក់ថា លោក ឆាន សន្ធា បានបាត់បង់ជីវិតកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ឪពុកម្ដាយ ជាកសិករ ហើយ ឪពុក ខំធ្វើជាងសំណង់បន្ថែមទៀត ដើម្បីរកចំណូលទប់ភាពខ្វះខាត និងទំនុកបម្រុងកូនទាំង ៦នាក់។ ទីលំនៅ ភូមិចន្រ្ទា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច