KPT+
មូលហេតុជ្រាលជ្រៅ នៃការយក ការបត់ក្រដាសបេះដូង ទៅបំបែកកំណត់ត្រាពិភពលោក
ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងនេះ កម្ពុជា នឹងយកយុទ្ធនាការពីរដើម្បីបំបែកកំណត់ត្រាពិភពលោកគឺ រាំម៉ាឌីហ្សុន ៣០០០នាក់ និងបត់បេះដូងក្រដាសចំនួន ១លាន ដោយកម្ពុជាធ្លាប់ទទួលាបានជោគជ័យម្ដងរួចទៅហើយ នូវការរាំម៉ាឌីហ្សុនបំបែកកំណត់ត្រាពិភពលោកនេះ។ ពាក់ព័ន្ធការលើកយក ការបត់បេះដូងក្រដាស ទៅបំបែកកំណត់ត្រាពិភពលោកវិញ ធ្វើឱ្យសាធារណជនមួយចំនួនងឿងឆ្ងល់ ហេតុអ្វីកម្ពុជាជ្រើសរើសយកវិញ្ញាសានេះ ខណៈកម្ពុជាមានសម្បត្តិវប្បធម៌ល្អជាច្រើនផ្សេងទៀត។

បណ្ឌិត សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ ៤៤កម្មវិធីប្លែកៗថ្មីៗ ក្នុងនោះនឹងមានការបំបែកឯតទគ្គកម្មពិភពលោកចំនួន២ទៀត គឺការរាំម៉ាឌីសុន ដែលមានអ្នកចូលរួមច្រើនជាងមុន បត់ក្រដាសធ្វើរូបបេះដូងដែលច្រើនជាងគេលើពិភពលោក ដែលលោកសង្ឃឹមថា នឹងបានជោគជ័យបន្តទៀត។

ទាក់ទងទៅនឹងចម្ងល់ថា ហេតុអ្វីកម្ពុជាមានសម្បត្តិវប្បធម៌ជាច្រើន បែរជាយក ការបត់ក្រដាសរូបដូងទៅ បំបែកកំណត់ត្រាពិភពលោកទៅវិញ លោក សោម រតនា ឆ្លើយតបថា គ្រប់យ៉ាងតែងមានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ប៉ុន្តែអ្វីដែលជាចេតនាជំរុញឱ្យបត់ក្រដាសរូបបេះដូង បង្ហាញការគាំទ្រ។

បណ្ឌិត សោម រតនា មានប្រសាសន៍បន្តថា៖ “សូមបញ្ជាក់ថា នេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំស៊ីហ្គេម ខណៈកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ដោយយើងចង់ឱ្យមានការគាំទ្រមែនទែន ទៅលើកីឡាករ កីឡាការិនី ដែលការរៀបចំធ្វើបេះដូងនេះ គឺយើងចង់បង្ហាញការស្រឡាញ់ ការគាំទ្រទៅលើកីឡាករ កីឡាការិនី ថាពួកយើង នៅពីក្រោយអ្នក សូមអ្នកនាំកិត្តិយសសម្រាប់ជាតិ”។

បណ្ឌិត សោម រតនា លើកឡើងថា រឿងមួយទៀតដែលសាធារណជនធ្លាប់ដឹងហើយថា កម្ពុជាធ្លាប់បំបែកកំណត់ត្រាក្រមាវែងជាងគេលើពិភពលោក។ លទ្ធផលនេះជារឿងមួយ ប៉ុន្តែអ្វីដែលយើងចង់បានបំផុត គឺដំណើរការ ក្នុងដំណើរការនេះមានភាពជោគជ័យច្រើនណាស់។

បណ្ឌិត សោម រតនា មានប្រសាសន៍បន្តថា៖ “ខ្ញុំលើកឧទាហរណ៍កាលយើងបំបែកកំណត់ត្រាក្រមា តើមានឱកាសណា ដែលយើងឱ្យក្មេងអាយុ៤ឆ្នាំ រហូតមនុស្សចាស់វ័យរហូតជាង ៩០ឆ្នាំ មកជុំគ្នាក្នុងការធ្វើរឿងតែមួយរួមគ្នា? តើមានឱកាសណាទេ ដែលយើងឱ្យអ្នកមានកម្រិតឧកញ៉ា ជាមួយបងប្អូនពលរដ្ឋក្រីក្រ មកធ្វើរឿងមួយរួមគ្នាបានទេ? នេះជាឱកាសដែលយើងឱ្យបងប្អូនខ្មែរយើង អ្នកណាក៏ដោយ ឋានៈណាក៏ដោយ តួនាទីអ្វីក៏ដោយ គឺពួកគាត់បានមកជុំគ្នា បង្កើតសមិទ្ធផលមួយរួមគ្នា ដែលយើងបង្ហាញបេះដូងខ្មែរតែមួយ បង្ហាញពីការសាមគ្គីភាពខ្មែរ”។

បណ្ឌិត សោម រតនា មានប្រសាសន៍បន្តថា៖ “អ៊ីចឹងបើយើងនិយាយមែនទែន ភាពសុខសាន្តរបស់យើង ដែលយើងនិយាយពីសន្តិភាពនេះ គឺកើតពីការរួមគ្នារបស់យុវជនជំនាន់មុនដែរ ដាក់ចោលផលប្រយោជន៍រៀងៗខ្លួនដាច់ដោយឡែក និយាយគ្នាតែរឿងមួយ គឺរំដោះប្រទេស ចេញមកដល់ឥឡូវ យើងបានសន្តិភាព។ អ៊ីចឹង យើងចង់ឱ្យក្មេងៗជំនាន់ក្រោយរួមគ្នា ទោះបីមានកាលៈទេសៈណាមិនល្អក៏ដោយ តែយើងរួមគ្នាជាធ្លុងមួយដែលមិនអាចបំបែកបាន។ នេះហើយដែលយើងនិយាយថា ដំណើរការនេះជាដំណើរការសំខាន់ ហើយក្នុងដំណើរការនេះ មនុស្សបានរៀនពីការចូលរួមរបស់គាត់ ក្នុងតួនាទីផ្សេងៗគ្នាទាំងក្ដៅ ទាំងត្រជាក់ ទាំងតូចទាំងធំដែលបានឆ្លងកាត់។ នេះហើយដែលយើងយល់ថា ជារឿងសំខាន់ ហើយការងារនេះក៏មិនត្រូវការចំណាយលុយជាតិអីទេ គឺយើងអាចធ្វើរៀងៗខ្លួនដើម្បីចូលរួម នាំកម្ពុជាបំបែកកំណត់ត្រាពិភពលោកទាំងអស់គ្នា”។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥កន្លងទៅ កម្ពុជាបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង ៤តោន ហើយនៅឆ្នាំដដែលនេះក៏មានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន ២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។ ជាមួយគ្នានេះ កម្ពុជាបានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស ទាញព្រ័ត្រយក្ស ចាប៉ីដងវែងយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស និងសំបុកមាន់យក្សជាដើម៕





-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?