KPT+
អត្ថន័យ និងប្រវត្តិខ្លះៗ ទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរ
ល្បែងប្រជាប្រិយខ្មែរ ថ្វីបើមិនមានការបញ្ជាក់ច្បាស់លាស់ ពីកាលវេលានៃការបង្កើតល្បែងទាំងនេះឡើងក៏ពិតមែន តែក្នុងឆ្នាំ១៩៦៤ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានប្រមូល និងចងក្រង ល្បែងដែលខ្មែរធ្លាប់លេងបានមួយចំនួនតូច ដែលក្នុងនោះរួមមាន ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល ជាដើម-ល-។

នៅរៀងរាល់រដូវកាលខិតជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងភូមិស្រុកខ្លះ កំលោះក្រមុំ ក្មេងចាស់ ប្រុសស្រី តែងមូលមីជួបជុំគ្នា លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ រហូតចូលដល់ថ្ងៃពិធីបុណ្យចូលឆ្នាំតែម្តង ប៉ុន្តែមិនសូវជាអ្នកបានដឹង ពីប្រវត្តិ ឬអត្ថន័យទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរទាំងនេះនោះទេ។
១. ល្បែងបោះអង្គញ់
បើតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ល្បែងបោះអង្គញ់ គឺជាល្បែងប្រជាប្រិយខ្មែរមួយ ដែលគេយកឈ្មោះតាម ផ្លែអង្គញ់ក្រៀមស្ងួត ដែលគេយកមកលេង ហើយគេលេងបានទាំងក្មេង-ចាស់ ប្រុស-ស្រី ។ អំឡុងខែនេះ នៅតាមទីផ្សារ នានា គឺចាប់មានគេលក់ផ្លែអង្គញ់ជាបណ្ណើរៗហើយ។ បើនិយាយពីរបៀបលេង គេចែកមនុស្សជាពីរក្រុមស្មើគ្នា ចាប់ពី ២នាក់ឡើងទៅ ហើយតម្រូវឲ្យដាំកោយ ៣-៥ និងចែកវេណគ្នាបោះម្ខាងៗទាល់តែដួលអង្គញ់អស់។

២. ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងកម្សាន្តមួយផ្សេងទៀត ដែលគេនិយមលេងនៅក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ មិនសូវជាខុសគ្នាពីការលេងបោះអង្គញ់ទេ គេចែកគ្នាជា ២ក្រុម (ស្រី ១ក្រុម ប្រុស ១ក្រុម) ដោយឈរជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ហើយយកក្រម៉ា ឬកន្សែង មកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិច ហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា ។

៣. ល្បែងលាក់កន្សែង
នេះជាល្បែងប្រជាប្រិយខ្មែរ ដែលគេនិយមលេងនារដូវចូលឆ្នាំខ្មែរ ដោយការលេង គឺមានគ្នាចាប់ពី ៦-៧នាក់ ឡើងទៅ ដោយតម្រូវឲ្យអ្នកលេង អង្គុយចោងហោងជារង្វង់ ហើយមានគ្នាម្នាក់ដើរជុំវិញ យកកន្សែង ឬក្រមាដែររុំតឹងណែន ដើរពីក្រោយខ្នងអ្នកអង្គុយ បញ្ឋោទអ្នកអង្គុយមិនឲ្យដឹងខ្លួនឡើយថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។
ទាក់ទងនឹងប្រវត្តិ គឺមិនទាន់មានឯកសារណាមួយបង្ហាញច្បាស់លាស់ពីប្រភពនៃល្បែងកម្សាន្តមួយនេះឡើយ តែចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឲ្យមានស្មារតីរឹងប៉ឹង និងរហ័សរហួន ពិសេសធ្វើឱ្យមានទម្លាប់ប្រុងស្មារតីជានិច្ច។

៤. ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង គេមិននិយមលេងតែក្នុងរដូវចូលឆ្នាំនោះទេ ឲ្យតែមានការជួបជុំ បើរកនឹកល្បែងប្រជាប្រិយខ្មែរ មកកម្សាន្ត គេច្រើនរើសយកល្បែងមួយប្រភេទនេះមកកម្សាន្ត។ ចំពោះអត្ថន័យនៃការលេងចាប់កូនខ្លែងនេះ គឺអាចបង្រៀនមនុស្សឲ្យប្រុងប្រយ័ត្នក្នុងការការពារខ្លួន និងក្រុមគ្រួសារ រីឯប្រវត្តិយ៉ាងណានោះ គឺមិនទាន់មាន ការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ចំពោះការលេងល្បែងចាប់កូនខ្លែង គឺគេចាត់មនុស្សម្នាក់ដែលមានមាឌធំ ឲ្យធ្វើជាមេហ្វូង ហៅថា «មេមាន់» ហើយអ្នកផ្សេងទៀតធ្វើជាកូនមាន់ និងជ្រើសរើសមនុស្សម្នាក់ទៀត ធ្វើជាខ្លែង ចាំចាប់កូនមាន់។

៥. ល្បែងស្តេចចង់
ល្បែងស្ដេចចង់ គឺជាល្បែងប្រពៃណីខ្មែរ ដែលក្មេងប្រុសស្រីក្នុងវ័យជំទង់ៗ ច្រើននាំគ្នាលេងកម្សាន្ត ដោយម្ខាងប្រុស រីឯម្ខាងទៀតស្រី និងមិនកំណត់ចំនួនឡើយ ហើយគេជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើតំណាងជា «ស្ដេច» ដែលអង្គុយ ចំកណ្ដាល។ ចំពោះរឿងរ៉ាវសាវតារល្បែងស្ដេចចង់នេះ មានសេចក្ដីដំណាលថា សម័យថ្ងៃមួយ ព្រះបាទឥន្រ្ទបត្ដបុរី ក្នុងឱកាសព្រះរាជពិធីមួយ ដែលមានក្រុមញាត្ដិវង្ស និងមហាមន្ដ្រីជាច្រើន ព្រះរាជា ទ្រង់ក៏បានប្រឌិតល្បែងនេះទ្បើង ដើម្បីជាការកម្សាន្តសប្បាយ ហើយក៏ត្រូវបានប្រជារាស្ត្រ លេងត្រាប់តាម រហូតមកដល់សព្វថ្ងៃនេះ។
ចំពោះអត្ថន័យនៃល្បែងនេះ លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានបញ្ជាក់ថា គឺបង្កប់នូវការអប់រំ ឲ្យយើងចេះជ្រើសរើសមេដឹកនំារបស់ខ្លួនឲ្យបានត្រឹមត្រូវ បង្ហាត់ចិត្ដមនុស្សឲ្យចេះប្រកាន់នូវពាក្យ «សច្ចៈ យុត្ដិធម៌ និងត្រឹមត្រូវ»។

៦. ល្បែងទាញព្រ័ត្រ
ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាព ដែលគេលេងជាទូទៅទាំងសាកលលោក ហើយមានទំនាក់ទំនង នឹងវប្បធម៌ប្រពៃណីខ្មែរ ដែលមានចម្លាក់ជាតឹកតាងស្រាប់ ទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹត នៅលើប្រាង្គប្រាសាទបុរាណនានា។

លោក ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា តាមរយៈកម្ពុជាថ្មី បានឱ្យដឹងថា ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងចង់បង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿង កូរសមុទ្រទឹកដោះយ៉ាងដូច្នេះដែរ ព្រោះថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ គឺត្រូវរួមកម្លាំងគ្នា។ ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលជា បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ