ព័ត៌មានជាតិ
មកស្គាល់តំបន់ការពារធម្មជាតិទាំង ៩កន្លែងនៅខេត្តកោះកុង
ខេត្តកោះកុង ជាខេត្តមួយដែលមិនត្រឹមតែមានភាពល្បីល្បាញផ្នែកកោះ ឆ្នេរក៏ដូចជាទីតាំងទេសចរណ៍ច្រើនប៉ុណ្ណោះទេ តែខេត្តមួយនេះ ក៏មាននៅតំបន់ការពារធម្មជាតិចំនួន ៩កន្លែងផ្សេងទៀត ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅលេងកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើនកុះករផងដែរ។

តំបន់ការពារធម្មជាតិទាំង ៩កន្លែងនៃខេត្តកោះកុងនោះ មានផ្ទៃដីសរុបប្រមាណជាង ១លានហិកតា។
ខាងក្រោមនេះ ជាតំបន់ការពារធម្មជាតិទាំង ៩កន្លែងនៃខេត្តកោះកុង៖
១. ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩.អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ គ្របដណ្ដប់លើខេត្តទាំង ៤ គឺ កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និង ព្រះសីហនុ ដែលមានផ្ទៃដីសរុប ៤១០ ៣៩២ ហិតា។ ក្នុងនោះវាបានគ្របដណ្ដប់លើខេត្តកោះកុងទំហំផ្ទៃដី ៣៦០ ៥៩៤ ហិតា។



នៅទីនោះផងដែរ មានជីវចម្រុះដ៏សម្បូរបែប និងក្រឡ មឈូស ដែលមានអាយុកាលរាប់រយឆ្នាំ ព្រមទាំងមានទេសភាពសមុទ្រឈើ ព្រៃស្រោង ដែលមានខ្យល់អាកាសបរិសុទ្ធ និងទឹកធ្លាក់ជាច្រើនកន្លែងទៀតផងដែរ។
២. ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
ឧទ្យានជាតិ មួយកន្លែងនេះ បានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨១.អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលគ្របដណ្ដប់លើ ០៣ខេត្ត មានខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដីសរុប ៤០១៣១៣ ហិតា និងបានគ្របដណ្ដប់ខេត្តកោះកុង ផ្ទៃដីប្រមាណ ២៣១៦០៧ ហិតា។


ជាមួយគ្នានេះ បើតាមក្រសួងបរិស្ថានបន្ថែមបានឱ្យដឹងថា ទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ជាតំបន់ដែលមានសក្ដានុពលមួយកន្លែង និងសាកសមសម្រាប់ទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបលក្ខណៈផ្សងព្រេង ហើយក៏នៅមានទឹកធ្លាក់ សត្វព្រៃជាច្រើនប្រភេទ មានទាំងក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ រួមទាំងការកែច្នៃស្រាចេកជាដើម។
៣. ដែនជម្រកសត្វព្រៃតាតៃ
ដែនជម្រក សត្វព្រៃតាតៃ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨០.អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ គ្របដណ្ដប់លើ ០៤ស្រុក និង ០១ក្រុង នៃខេត្តកោះកុងគឺ កោះកុង, បុទុមសាគរ, មណ្ឌលសីមា, ថ្មបាំង និង ក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប ១៤៤២៧៥ ហិតា។


នៅដែនជម្រកសត្វព្រៃតាតៃ មាននៅទីកន្លែងដើម្បីលេងកម្សាន្តជាច្រើន ដោយក្នុងនោះរួមមានស ទឹកជ្រោះ ទឹកជ្រោះ ទេសភាពព្រៃភ្នំ ការជិះទូកកម្សាន្តតាមដងព្រែក សត្វព្រៃ ក៏ដូចជាទេសភាពព្រៃភ្នំយ៉ាងស្រស់ត្រកាលផងដែរ។
៤.របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ)
របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ) បានបង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ មានផ្ទៃដីសរុប ១៦៩៤៦៩ ហិតា និងគ្របដណ្ដប់លើខេត្តកោះកុងទំហំដី ១៣១២១ហិតា ហើយតំបន់នេះ ក៏ត្រូវបានគេចាត់ទុកវា ជាតំបន់មួយដែលស្ថិតនៅក្នុងតំបន់ ជីវៈចម្រុះទាំង ៣៥នៅលើផែនដី និងគ្រប់ដណ្ដប់ទៅដោយធនធានធម្មជាតិដ៏សម្បូរបែបផងដែរ។

៥.ឧទ្យានជាតិសមុទ្រកោះរុង
ឧទ្យានជាតិសមុទ្រកោះរុង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានគ្របដណ្ដប់លើខេត្តចំនួន ០២ មានខេត្តកោះកុង និង ខេត្តព្រះសីហនុ និងមានផ្ទៃដីសរុប ៥២៤៤៨ ហិតា ហើយទីនេះ ក្រៅពីមានឆ្នេរខ្សាច់ នៅលើកោះក៏មានកន្លែងទាក់ទាញជាលក្ខណៈអេកូទេសចរណ៍បែបធម្មជាតិមាន ទឹកជ្រោះ ព្រៃកោងកាង ឧទ្យានសមុទ្រ ផ្កាថ្មជាដើម។


៦.ឧទ្យានជាតិបុទុមសាគរ
ឧទ្យានជាតិបុទុមសាគរ បង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ យ៉ាងណមិញ វាត្រូវបានគ្របដណ្ដប់លើស្រុក ០៣នៃខេត្តកោះកុងគឺ គីរីសាគរ កោះកុង និងបុទុមសាគរ មានផ្ទៃដី សរុប ១៧១២៥០ ហិតា។ ទន្ទឹមនេះ វាក៏ជាដែនជម្រកនៃសត្វព្រៃ និងមច្ឆាគ្រប់ប្រភេទ ក៏ដូចជាការធ្វើដំណើរបែបផ្សងព្រេង ទៅកាន់ទឹកជ្រោះ និងមើលទេសភាពព្រៃភ្នំជាដើម។


៧. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង
ដំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ក្នុងនោះវា បានគ្របដណ្ដប់លើ ០២ស្រុកនៃខេត្តកោះកុងគឺ ស្រែអំបិល និងបុទុមសាគរ ព្រមទាំងមានផ្ទៃដីសរុប ២៧៧០០ ហិតា។


៨. ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះការពិ
តំបន់នេះ បានបង្កើតឡើងដោយព្រះ រាជក្រឹត្យ ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះការពិ បានគ្របដណ្ដប់លើ ០២ស្រុក និង ០១ក្រុង នៃខេត្តកោះកុងគឺ មណ្ឌលសីមា កោះកុង និង ក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប ២៣៧៥០ ហិតា។ បន្ថែមជាមួយគ្នានេះ ដែនជម្រកសត្វព្រៃពាមក្រសោប ជាតំបន់ព្រៃកោងកាងធំជាងគេនៅកម្ពុជា គួបផ្សំទាំងជាតួអង្គដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់សត្វសមុទ្រច្រើនប្រភេទដូចជា ត្រីក្តាម បង្គារ ខ្យង ងាវ គ្រុំ ជាដើម។


៩. ដែនជម្រកសត្វព្រៃភ្នំសំកុស
ដែនជម្រកសត្វព្រៃភ្នំសំកុស បង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ តំបន់មួយនេះ បានគ្របដណ្ដប់លើ ០២ខេត្តគឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដែលបានគ្របដណ្ដប់ផ្ទៃដី លើខេត្តកោះកុងសរុបប្រមាណជា ១៦៦៧០ហិតា។ នៅទីនេះ វាអាចទាក់ទាញភ្ញៀវទេសចរណ៍បានតាមរយៈតំបន់ជាច្រើនកន្លែង ដោយក្នុងនោះ អាចបោះតង់នៅក្នុងតំបន់ធម្មជាតិ ដើម្បីចាំមើលសត្វព្រៃ ទេសភាពព្រៃភ្នំ និងជាជម្រកសត្វបក្សីផងដែរ៕
អត្ថបទ៖ ថារី



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត