KPT+
កម្រងជីវិត៖ ដូនវ័យ ៨៣ឆ្នាំ ស៊ូដើរលក់ផ្លិតក្រោមកម្ដៅថ្ងៃ មិនលើកដៃដើរសុំទាន
ក្រោមកម្ដៅសូរ្យសែងហួតហែងនារដូងប្រាំង ខណៈមនុស្សម្នានាំគ្នាចូលជ្រកម្លប់ ដែលសូម្បីតែដំណើររង់ចាំភ្លើងស្តុប ក៏រកឈប់នៅក្រោមម្លប់ឈើ ប៉ុន្តែប្លែកអីតែស្ដ្រីវ័យចំណាស់មួយរូប ជួតក្បាលក្រមា មានអំរែកផ្លិតស្លឹកត្នោតលើស្មា នៅបន្តចរយាត្រាទៅមុខយ៉ាងស្មាហាប់ស្វែងរកអតិថិជនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ពេលឃើញដូនចាស់ ពិតណាស់ ធ្វើឱ្យយើងនឹកឃើញដល់ម្ដាយ ឬជីដូនរបស់យើង ដែលវេលាដូចគ្នានេះ ពួកគាត់កំពុងនៅផ្ទះ មានកូនចៅនៅបម្រើមើលថែ ឬក៏កំពុងរក្សាឧបោសថសីលនៅទីអារាម ឬបូជនីដ្ឋាននានា។

ឆ្លើយដោយសម្ដីមួយៗ តូចឆ្មារ តែច្បាស់ ស្ត្រីចំណាស់រូបនេះបានឱ្យដឹងថា ដូនមានឈ្មោះ ម៉ៅ សាមួន ជាស្ត្រីមេម៉ាយ តាំងពីសម័យ ប៉ុល ពត ទីលំនៅបច្ចុប្បន្ននៅ ស្រុកស្វាយអន្ទរ ខេត្តស្វាយរៀង មានវ័យ ៨៣ឆ្នាំ។ គ្រាន់តែលឺតួលេខអាយុដូន ធ្វើឱ្យយើងនឹកដល់សមាជិកគ្រួសារខ្លួនដែលអ្នកខ្លះមានវ័យខ្ទង់ ៥០ ៦០ឆ្នាំ ក៏ហាក់ទារុញទារា ដើរទ្រីមទ្រោម ទប់ខ្លួនសឹងមិននឹងទៅហើយ។

តើកូនចៅលោកយាយនៅឯណា? លោកយាយចាស់ហើយ ហេតុអ្វីមិនឱ្យកូនចៅចិញ្ចឹម?
ខ្ញុំមានកូនប្រុស២នាក់ កូនច្បងមកគិតដល់ឥឡូវអាយុ៦៥ឆ្នាំ តែបានស្លាប់បាត់ហើយ ឯកូនប្រុសពៅ អាយុ ៥៣ឆ្នាំ គេមានគ្រួសាររស់នៅស្រុកឆ្ងាយ។ សុំទានគេ មិនថោកទាបទេ កុំឱ្យតែយើង លួចប្លន់ បោកប្រាស់គេ តែខ្ញុំមិនដើរសុំទានគេទេ ខ្ញុំនៅមានកម្លាំង នៅរកបាន ចេះតែរកទៀតទៅ ដើម្បីបានលុយធ្វើបុណ្យ ទៅវត្តខ្លួនឯង។
លោកយាយដើរលក់ផ្លិតរាល់ថ្ងៃហត់ទេ? មានចុករោយស្រពន់ដៃជើងទេ?
វាស៊ាំទៅហើយ។ ខែធ្វើស្រី ខ្ញុំធ្វើស្រែ ពេលច្រូតស្រូវហើយ ទំនេរពីធ្វើស្រែ ខ្ញុំដើរលក់ផ្លិតស្លឹកត្នោតនៅភ្នំពេញ។ បើហត់ ហើយក្ដៅខ្លាំងរកឈប់ជ្រកម្លប់ ហើយបើចុករោង ច្របាច់ប្របល់លាបប្រេងកូឡាខ្លួនឯងទៅ។

លោកយាយមកលក់ម្ដង មានរយៈពេលប៉ុន្មានថ្ងៃ? ចំណេញប្រហែលប៉ុន្មាន? យាយដេរខ្លួនឯង មែនទេ?
មកម្ដង ២ ៣ថ្ងៃ ដើរលក់ហើយ មកស្នាក់នៅមុខផ្ទះគេ នៅច្បារអំពៅ ម្ចាស់ផ្ទះគេអត់ថាអីទេ។ បើកាត់ថ្លៃឈ្នួលឡាន ៣៥ ០០០ [ រៀសល] ចំណេញបានជាង ១២ ម៉ឺន [ រៀសល]។ ផ្លិតហ្នឹងគឺខ្ញុំទិញពីគេទេ ផ្លិតមួយតម្លៃ ៣០០០ [ រៀសល] លក់វិញ មួយ ៤០០០ [ រៀសល]។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតមជ្ឈមណ្ឌលគាំពារមនុស្សចាស់ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ថែទាំមនុស្សចាស់។ ប៉ុន្តែការបង្កើតមជ្ឈមណ្ឌលនេះ មិនមានគោលដៅចិញ្ចឹមមនុស្សចាស់ទេ។ រដ្ឋាភិបាលមិនទាន់បង្កើតមជ្ឈមណ្ឌលចិញ្ចឹមមនុស្សចាស់ទេ ខណៈកម្ពុជាមានមជ្ឈមណ្ឌលជាច្រើន ហើយនិន្នាការរបស់អង្គការសហប្រជាជាតិ គឺមិនចង់ឱ្យបង្កើតមណ្ឌលមនុស្សចាស់។ ប៉ុន្តែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជារដ្ឋាភិបាល ជំរុញឱ្យវិស័យឯកជន ឬក៏ដៃគូរអភិវឌ្ឍន៍ ចូលរួមបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់។ បច្ចុប្បន្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងបន្តអនុវត្តគោលនយោបាយជាតិស្ដីពី មនុស្សវ័យចាស់ ឆ្នាំ២០១៧ ដល់ ២០៣០ ឱ្យមានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច បានបង្កើតសមាគមមនុស្សចាស់ចំនួន ១ ៦៤៦ ឃុំ សង្កាត់ នៅក្នុងរាជធានី ខេត្តទូទាំងប្រទេស សំដៅជួយដោះស្រាយការលំបាករបស់មនុស្សវ័យចាស់ និងជួយគ្នាទៅវិញទៅមក។

នៅឆ្នាំ ២០១៥ ប្រជាជនវ័យចាស់ ក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង មានចំនួន ១,៣ លាននាក់ ឬស្មើនឹង ៨, ៣ ភាគរយនៃប្រជាជនសរុប ហើយចំនួននេះ នឹងកើនឡើងដល់ ១១,០១ ភាគរយ នៅឆ្នាំ ២០៣០ ព្រមទាំងកើនឡើងដល់ ២១ ភាគរយ នៅឆ្នាំ ២០៥០៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ