KPT+
ទស្សនៈប្រជាពលរដ្ឋនៅភ្នំពេញ ចំពោះករណីស្ទះចរាចរណ៍បច្ចុប្បន្ន
ស្របពេលកំណើនប្រជាពលរដ្ឋកាន់តែច្រើនបានមកស្នាក់នៅ និងបំពេញការងារ បន្តការសិក្សានៅរាជធានីភ្នំពេញ កកស្ទះចរាចរណ៍ក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាបញ្ហាចម្បងមួយសម្រាប់ការធ្វើដំណើរ។ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានការលើកឡើងស្រដៀងៗគ្នាទាក់ទងនឹងបញ្ហាកកស្ទះ ដោយការធ្វើដំណើរទៅបំពេញការងារកាន់តែពិបាក ស្ទះសឹងផ្លូវ ពិសេសនៅតាមបណ្ដោយផ្លូវ២៧១ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវម្ដុំច្បារអំពៅ ជាដើម។

កញ្ញា អ៊ី ដារី បុគ្គលិកបម្រើការនៅក្រុមហ៊ុនឯកជនមួយ បានប្រាប់ “កម្ពុជាថ្មី” ថា ការធ្វើដំណើរទៅបំពេញការងារសព្វថ្ងៃនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមានការពិបាក ពេលខ្លះយឺតយ៉ាវ និងខាតពេលវេលា។

កញ្ញា អ៊ី ដារី លើកឡើងបន្តថា៖ “ចំពោះបញ្ហាដែលនាំឱ្យកកស្ទះនោះ ទី១ ដោយសារតែកំណើនប្រជាពលរដ្ឋច្រើនមកកាន់រាជធានីភ្នំពេញ ទី២ ប្រជាពលរដ្ឋប្រើយានជំនិះផ្ទាល់ខ្លួន ដោយមិនជិះរថយន្តក្រុងសាធារណៈ និងទី៣ ការមិនគោរពច្បាប់ចរាចរណ៍”។

លោក សំណាង គ្រូបង្រៀនសាលាឯកជន បានឱ្យ “កម្ពុជាថ្មី” ដឹងថា លោកឃើញថា ចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការមមាញឹកមែនទែន ហើយជះឥទ្ធិពលអាក្រក់ខ្លះដែរ។ កត្តាដែលសំខាន់នាំឱ្យស្ទះចរាចរណ៍នេះ គឺទី១ កំណើនសិស្ស និស្សិត កម្មករ កម្មការនី, ទី២ កំណើនយានយន្ត ទី៣ ការបើកបរខុសគន្លងផ្លូវ និងទី៤ ការយកចំណីផ្លូវជាកន្លែងលក់ដូរផ្ទាល់ខ្លួន។ល។

លោក សំណាង មានប្រសាសន៍បន្តថា៖ “តាមពិតទៅ ក្នុងក្រុងភ្នំពេញយើង មិនមែនស្ទះគ្រប់ផ្លូវ ឬគ្រប់ម៉ោងនោះទេ។ តាមអ្វីដែលជាបទពិសោធន៍ខ្ញុំផ្ទាល់ ករណីស្ទះគឺពេលប្រជាពលរដ្ឋយើងទៅធ្វើការ ឬចេញពីធ្វើការ និងពេលមានបុណ្យទានម្ដងៗ។ វាពិតជាប៉ះពាល់ដល់ការងារយើង ដូចជាទៅយឺតម៉ោង ឬណាត់ជួបគ្នាទាក់ទងនឹងការងារផ្សេងជាដើម។ ការទៅធ្វើការរបស់បងប្អូនយើង បើនៅជិតៗផ្ទះ គួរជិះកង់ ឬដើរវិញវាអាចជួយសម្រួលបញ្ហាចរាចរណ៍បានខ្លះ និងដើម្បីសុខភាពផង”។
ចំណែក កញ្ញា តន់ មរកតរចនា ជាបុគ្គលិកក្រុមហ៊ុន បានឱ្យ “កម្ពុជាថ្មី” ដឹងថា បញ្ហាស្ទះចរាចរណ៍តែងកើតមាន ពិសេសមុនម៉ោងចូល និងចេញធ្វើការ និងរៀន កំឡុងម៉ោងមុនម៉ោង៧ព្រឹក ម៉ោង១១ថ្ងៃ និងម៉ោង៥រសៀលទៅ។

កញ្ញា តន់ មរកតរចនា បញ្ជាក់ថា៖ “តាមពិតទៅបញ្ហាស្ទះចរាចរណ៍នេះយើងសុទ្ធតែបានដឹងទាំងអស់គ្នារួចហើយ។ ការកកស្ទះបច្ចុប្បន្នជារឿងរំខានខ្លាំងសម្រាប់ការធ្វើដំណើរទៅបំពេញការងារមានពេលខ្លះ ខ្ញុំបានខកម៉ោងការងារ រហូតត្រូវមេស្ដីឱ្យក៏មានដែរ”។
គួរបញ្ជាក់ថា ដើម្បីសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋាភិបាលបានផ្សព្វផ្សាយឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់គ្នា។ រដ្ឋាភិបាលសាងសង់ស្ពានអាកាសជាបន្តបន្ទាប់ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្តុបផ្សារដីហុយ, ស្ពានអាកាសចោមចៅ, និងស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦។

ជាមួយគ្នានេះ ស្ពានអាកាសថ្មីចំនួន២ទៀត កំពុងសាងសង់ គឺទី១ សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងទី២ ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ីមហាវិថី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)៕
អត្ថបទ៖ ហ៊ិន ស៊ីថា


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល