KPT+
យុវនិស្សិតមានកាយសម្បទាពេញលេញប៉ុន្មាននាក់ អាចធ្វើបានដូច កញ្ញា ផូ ម៉ារី?
កញ្ញា ផូ ម៉ារី ជានិស្សិតនៃសាកលវិទ្យាល័យ ស្វាយរៀង។ រស់ក្នុងពិការភាពតាំងពីវ័យ ៧ឆ្នាំ នាងតែងសកម្ម និងពុះពារគ្រប់ឧបសគ្គចំពោះមុខមិនរាថយ ខំប្រឹងសិក្សា និងធ្វើការពីព្រឹកដល់យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យ៉ាងស្វិតស្វាញ។
កញ្ញា ផូ ម៉ារី បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ ដោយសិក្សាវេនព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៧ និង ០០នាទី ដល់ម៉ោង ១១ និង ៣០នាទីព្រឹក។ ជាមួយគ្នានេះ នាងក៏កំពុងរៀនជំនាញភាសាអង់គ្លេស បរិញ្ញាបត្ររង សិក្សាវេនយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៥ និង៣០ នាទីរសៀល ដល់ ម៉ោង ៨ និង ៣០នាទីយប់ ព្រមទាំងធ្វើការហាត់ការមួយទៀត។
កញ្ញា ផូ ម៉ារី បញ្ជាក់បន្ថែមថា៖ “នៅសាកលវិទ្យាល័យ ស្វាយរៀង ខ្ញុំក៏បានចូលធ្វើជានិស្សិតហាត់ការនៅ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ១ ដល់ ម៉ោង ៥រសៀល និងសៅរ៍-អាទិត្យ ធ្វើទាំងព្រឹកល្ងាច”។
ចំពោះការរៀនផង ធ្វើការផង ពីព្រឹក រសៀល ដល់យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ត្រូវបាន កញ្ញា ម៉ារី លើកឡើងថា ពេលខ្លះ នាងមានអារម្មណ៍ថា មានសម្ពាធ ដោយសារតែមានកិច្ចការច្រើនដែលត្រូវធ្វើក្នុងពេលតែមួយ និងអត់មានពេលសម្រាក។ យ៉ាងណានាងនៅតែខំដោះស្រាយ។
កញ្ញា ផូ ម៉ារី បញ្ជាក់បន្ថែមថា៖ “ចំពោះដំណោះស្រាយគឺខ្ញុំតែងតែព្យាយាមធ្វើកិច្ចការម្ដងមួយៗបន្តបន្ទាប់គ្នា ពេលខ្លះស្ដាប់ចម្រៀងកំដរអារម្មណ៍ពេលធ្វើលំហាត់ មើលវីដេអូកំប្លែងខ្លី ឬខលទៅលេងម៉ែ ពេលបាននិយាយជាមួយពុកម៉ែក្មួយៗ ខ្ញុំក៏មានអារម្មណ៍ល្អ មានអារម្មណ៍សប្បាយចិត្ត ហើយអាចរៀនបន្តទៀត។ រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ពេលល្ងាចទំនេរពីការងារ ខ្ញុំតែងតែអានសៀវភៅលើកទឹកចិត្តរយៈពេលពីរម៉ោង”។
ផូ ម៉ារី បានឱ្យដឹងថា ចាប់តាំងពីថ្នាក់ទី៧ ដល់ទី១០ នាងតែងតែរៀនបានចំណាត់ថ្នាក់លេខ១ រៀងរាល់បំណាច់ឆ្នាំ រហូតជាប់អាហារូបករណ៍មករៀននៅសាកលវិទ្យាល័យស្វាយ។ ចំពោះការសិក្សានៅសាកលវិទ្យាល័យ នាងទទួលបានលទ្ធផលល្អ ដោយនាងអាចរៀនបាន GPA ពិន្ទុ ៣,៨៥ លើពិន្ទុសរុប ៤,០០ ។
កញ្ញា ផូ ម៉ារី បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នាងបានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទយុវជន រៀបចំដោយ សសយក ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នាងបានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជ័យលាភីលេខ១ ជាម្ចាស់មេដាយមាស។
ជាមួយគ្នានេះ នាងធ្លាប់ធ្វើ វាគ្មិន តំណាងសាកលវិទ្យាល័យស្វាយរៀង ក្នុងការបង្ហាញអំពីទស្សនៈយុវជន ក្នុងកម្មវិធី “ចូលរួមជាចរន្តជាតិតែមួយឆ្ពោះទៅបញ្ចប់អេដស៍ នៅឆ្នាំ២០២៥” រៀបចំដោយកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
កញ្ញា ផូ ម៉ារី បង្ហាញចំណាប់អារម្មណ៍ថា៖ “អ្វីដែលខ្ញុំចង់សំណូមពរទៅកាន់អ្នកទាំងអស់គ្នា សូមកុំឱ្យមានការរើសអើងទៅលើជនពិការ សូមបំបាត់ការរើសអើងចេញពីផ្នត់គំនិត ចេញពីបេះដូងរបស់អ្នកទាំងអស់គ្នាដោយស្មោះត្រង់ ដោយស្មោះអស់ពីចិត្ត។ សូមកុំឱ្យប្រយោគ “យើងមិនរើសអើងជនពិការ” មួយឃ្លានេះ មានតែនៅលើក្រដាសសរសេរ ឬមានតែនៅលើបបូរមាត់របស់អ្នក ខ្ញុំចង់បានអត្ថន័យ នៃប្រយោគនេះចេញពីបេះដូងរបស់អ្នកទាំងអស់គ្នា”។
គួរបញ្ជាក់ថា កញ្ញា ផូ ម៉ារី មានបងប្អូន ៧នាក់ ក្នុងនោះមានស្រី ៣នាក់ នាងជាកូនទី៦ ក្នុងគ្រួសារ។ ឪពុកឈ្មោះ ម៉ុម ប៉ូរ៉ា មុខរបរជាគ្រូបង្រៀន ម្តាយឈ្មោះ ចាន់ ម៉ារ៉ា មុខរបរជាគ្រូបង្រៀនអក្ខរកម្ម នៅមូលដ្ឋាន និងជាអ្នកលក់ដូរ។ ស្ថានភាពគ្រួសាររបស់ ម៉ារី បច្ចុប្បន្នមានភាពខ្វះខាតមួយចំនួន ដោយសារពុកម៉ែចាស់ ហើយត្រូវទំនុកបម្រុងដល់នាងសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ។ ពេលរៀនចប់ នាងមានបំណងប្រាថ្នាចង់ធ្វើការជាមន្រ្តីពន្ធដារមួយរូប៕
សូមរង់ចាំតាមដានព័ត៌មានបន្ត៖ មូលហេតុធ្វើឱ្យ ផូ ម៉ារី ពិការ និងការតស៊ូក្នុងជីវិតសិក្សា!
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?