KPT+
គ្រឿងអលង្ការទាំង ៦ ធ្លាប់ល្បីល្បាញទូទាំងពិភពលោក តែជាប់ប្រវត្តិយ៉ាងអាថ៌កំបាំង
និយាយដល់គ្រឿងអលង្ការប្រណីតៗ និងមានតម្លៃនាពេលបច្ចុប្បន្ន ពិតជាមានមិនខ្វះនោះទេ។ ក្រុមហ៊ុនពេជ្រធំៗលើលោក កំពុងប្រជែងគ្នាយ៉ាងសស្រាក់សស្រាំក្នុងការច្នៃគ្រឿងអលង្ការរបស់ខ្លួនឱ្យមានភាពទាក់ទាញ ប្រណីត ថែមទាំងមានតម្លៃខ្ពស់ ដើម្បីឱ្យសក្តិសមទៅនឹងតម្រូវការនៃក្រុមអភិជន។
ប៉ុន្តែបើក្រឡេកទៅមើលគ្រឿងអលង្ការដែលថ្លៃ ប្រណីត និងមានប្រវត្តិគួរប្លែកៗផងនោះ ពិតជាកម្រមានខ្លាំងណាស់។ បច្ចុប្បន្នគ្រឿងអលង្ការមិនច្រើននោះទេ ដែលជាប់មកជាមួយនូវប្រវត្តិដ៏យូរលង់ ព្រមទាំងលាក់អាថ៌កំបាំងជាច្រើន ដែលមនុស្សជំនាន់ក្រោយពុំដឹងការពិត ឬពិបាកនឹងបកស្រាយ។ តួយ៉ាងគ្រឿងអលង្ការទាំង ៦ ខាងក្រោម៖
១. ខ្សែកត្បូងមរកតរបស់ម្ចាស់ក្សត្រីម៉ារី

នៅខែធ្នូ ឆ្នាំ២០២២ ព្រះនាងម្ចាស់ Kate Middleton នៃប្រទេសវេលស៍ បានពាក់ខ្សែកត្បូងមរកតមួយខ្សែ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុង Boston សហរដ្ឋអាមេរិក។ ខ្សែកត្បូងមរកតមួយខ្សែនេះ គេធ្លាប់ឃើញព្រះនាង Diana បានពាក់ពីមុន ប៉ុន្តែម្ចាស់ពិតប្រាកដរបស់វាគឺម្ចាស់ក្សត្រី ម៉ារី (Mary)។ ខ្សែកនេះដើមឡើយជាអំណោយពីប្រទេសឥណ្ឌាដល់ម្ចាស់ក្សត្រីម៉ារី ក្នុងឆ្នាំ១៩១១។ លុះនៅឆ្នាំ១៩៨៥ ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលព្រះនាង Diana ពាក់វានៅលើព្រះនលាតរបស់ទ្រង់ទៅវិញ។ យ៉ាងណាមិញ ខ្សែកត្បូងមរកត ធ្លាក់មកដល់ព្រះហស្តព្រះនាងម្ចាស់ Kate ដោយរបៀបណា គ្មាននរណាច្បាស់ឡើយ។
២. ត្បូងពេជ្រ Tiffany ពណ៌លឿង
ត្បូងពេជ្រពណ៌លឿងដ៏ធំ និងល្អបំផុតមួយនៅក្នុងពិភពលោកមួយនេះ មានទម្ងន់ដល់ទៅ ២៨៧.៤២ការ៉ាត់ ត្រូវបានរកឃើញ កាលពីឆ្នាំ១៨៧៧ នៅអាហ្វ្រិកខាងត្បូង។ ក្រោយមកវាត្រូវបានទិញដោយស្ថាបនិកនៃក្រុមហ៊ុនគ្រឿងអលង្ការ Tiffany គឺលោក Charles Lewis Tiffany ។ ពួកគេបានកាត់ឆិតត្បូងដើម្បីធ្វើឱ្យពណ៌របស់វាភ្លឺចែងចាំងជាងមុន ខណៈបច្ចុប្បន្នវានៅសល់ទម្ងន់ ១២៨.៥៤ការ៉ាត់ប៉ុណ្ណោះ។

ថ្វីត្បិតតែត្បូងពណ៌លឿងមួយនេះមានភាពស្រស់ស្អាត ប៉ុន្តែគេបែរជាហៅវាថា “ត្បូងលោហិត” ព្រោះវាជាប់ទាក់ទងនឹងរឿងសោកនាដកម្មរបស់កម្មករស្បែកខ្មៅពីការជីករកត្បូងពេជ្រ នៅអាហ្វ្រិកខាងត្បូង។

រហូតមកដល់ពេលនេះ មានស្ត្រីតែ ៤នាក់ប៉ុណ្ណោះដែលធ្លាប់ពាក់គ្រឿងអលង្ការដ៏មានតម្លៃមួយនេះ។ ជាលើកដំបូងដែលត្បូងពេជ្រពណ៌លឿង Tiffany & Co បង្ហាញខ្លួនជាសាធារណៈគឺនៅឯពិធី Tiffany Feather Ball ក្នុងឆ្នាំ១៩៥៧ ដោយពេលនោះអ្នកស្រី Lady Mary Whitehouse ដែលជាសកម្មជនសង្គមជនជាតិអង់គ្លេស បានពាក់វានៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅឆ្នាំ៩៦១ តារាស្រី Audrey Hepburn បានពាក់ពេជ្រនេះសម្រាប់ថតរូបផ្សព្វផ្សាយខ្សែភាពយន្តរឿង “Breakfast at Tiffany’s” ។

ក្នុងឆ្នាំ២០១៩ តារាប៉ុប Lady Gaga បានពាក់វានៅលើកម្រាលព្រំក្រហម Oscars។ នៅឆ្នាំ២០២១ នៅក្នុងយុទ្ធនាការថ្មីមួយដោយក្រុមហ៊ុន Tiffany & Co តារាចម្រៀង Beyoncé បានក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលពាក់ត្បូងព្រេងនិទានមួយនេះ។
៣. ខ្សែដៃខ្លារខិនរបស់អ្នកស្រី Wallis Simpson

ខ្សែដៃខ្លារខិនមួយខ្សែនេះជាកម្មសិទ្ធិរបស់អ្នកស្រី Wallis Simpson ដែលជាអ្នកសង្គមនិយមអាមេរិក និងជាអតីតមហេសីស្តេច Edward ទី៨ ។ គេមិនដឹងច្បាស់ថា អ្នកស្រី Wallis Simpson បានខ្សែដៃប្រណីតនេះមកពីអតីតស្វាមី ឬពីណាឱ្យប្រាកដឡើយ ប៉ុន្តែក្រោយលែងលះជាមួយស្តេច Edward ទី៨ អ្នកស្រីយកវាដាក់ដេញថ្លៃ។
ក្រោយដាក់ដេញថ្លៃខ្សែដៃរបស់ម៉ាកយីហោ Cartier មួយនេះ បានលក់ក្នុងតម្លៃបំបែកកំណត់ត្រាគឺចំនួន ៧លានដុល្លារ។ វាជាគ្រឿងអលង្ការ Cartier ដែលរកចំណូលបានខ្ពស់បំផុតនៅពេលនោះ។
៤. ត្បូង Hope

ពេជ្រពណ៌ខៀវទំហំ ៤៥.៥២ការ៉ាត់មួយនេះ ត្រូវបានបង្កើតឡើងប្រហែល ១.១ពាន់លានឆ្នាំមុន។ យោងតាមអ្នកជំនាញប្រវត្តិសាស្រ្ត វាបានរកឃើញនៅក្នុងប្រទេសឥណ្ឌាក្នុងសតវត្សទី១៧។ តាំងពីរកឃើញវា ត្បូងនេះបានបន្តផ្លាស់ប្តូរដៃមនុស្សជាច្រើន ហើយថែមទាំងត្រូវគេលួចទៀតផង។ វាធ្លាប់ធ្លាក់ដល់ដៃមនុស្សនៅក្នុងប្រទេសឥណ្ឌា បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នវាត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិនៃប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ទេវកថា និងអបិយជំនឿជាច្រើនជុំវិញពេជ្រនេះ និយាយថា មនុស្សណាដែលពាក់ព័ន្ធជាមួយវា នឹងជួបនូវសំណាងអាក្រក់មិនស្រាកស្រាន្តនោះទេ។
៥. ខ្សែកពេជ្រ L’Incomparable

ខ្សែកពេជ្រ Mouawad L’Incomparable ត្រូវបានគេចាត់ទុកថាជាខ្សែកថ្លៃបំផុតមួយនៅក្នុងពិភពលោក។ ជាមួយនឹងតម្លៃ ៥៥លានដុល្លារ វាបានបំបែកឯកទគ្គកម្មពិភពលោកក្នុងឆ្នាំ២០១៣ (យោងតាមកំណត់ត្រាពិភពលោក Guinness) ។ ខ្សែកនេះច្នៃឡើងពីបន្ទះពេជ្រពណ៌ស ២២៩.៥២ការ៉ាត់ និងត្បូងពេជ្រពណ៌លឿង ៤០៧.៤៨ការ៉ាត់។ គែមនៃខ្សែកត្រូវបានលម្អជាមួយពេជ្រដែលមានរាង និងទំហំខុសៗគ្នា។
៦. ក្រវិលគុជខ្យងរបស់ម្ចាស់ក្សត្រី Marie Antoinette

ក្រវិលនេះមានអាយុកាល តាំងពីសតវត្សទី១៨មកម្ល៉េះ ហើយធ្លាប់ជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Marie Antoinette ។ គេជឿថា ក្រវិលនេះជាគ្រឿងអលង្ការមួយក្នុងចំណោមគ្រឿងអលង្ការដែលម្ចាស់ក្សត្រី Marie Antoinette និងស្ដេច Louis ទី១៦ នាំយកទៅជាមួយ នៅពេលពួកទ្រង់ចាកចេញពីវាំង។ គ្រឿងអលង្ការមួយនេះត្រូវបានខ្ចប់យ៉ាងប្រុងប្រយ័ត្ន រួចបញ្ជូនទៅកាន់ទីក្រុងវីយែន ដើម្បីប្រគល់ឱ្យព្រះរាជនត្តារបស់ម្ចាស់ក្សត្រី Marie Antoinette រក្សាទុក។ ក្នុងឆ្នាំ២០១៨ ក្រវិលគុជនេះត្រូវបានលក់ដេញថ្លៃ ក្នុងតម្លៃ ៣៦ លានដុល្លារ ហើយបានបង្កើតកំណត់ត្រា Guinness ជាគុជថ្លៃជាងគេតែមួយគត់នៅលើលោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
ចុចអាន៖ ព្រះនាងម្ចាស់វ័យក្មេង ៥អង្គ នឹងក្លាយជាស្ដេចស្រី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ