KPT+
៩ កន្លែងនៅភ្នំពេញ ជាមណ្ឌលសិក្សាដ៏សំខាន់ ទាក់ទងនឹងច្បាប់ ប្រវត្តិសាស្ត្រ និងចំណេះទូទៅ
សារមន្ទីរ និងបណ្ណាល័យ ត្រូវបានគេស្គាល់ថាជាមណ្ឌលផ្តល់ចំណេះដឹងដ៏សំខាន់ ដែលរួមមានទាំងផ្នែកចំណេះទូទៅ វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជាច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យសាធារណជនចូលអានបាន ដើម្បីសិក្សាស្វែងយល់។ ក្នុងចំណោមនោះ កន្លែងដែលអាចចាត់ទុកថាជាកន្លែងផ្តល់ចំណេះ និងបើកជាសាធារណៈ មានច្រើន ប៉ុន្តែកម្ពុជាថ្មី សូមលើកយកតែទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ចំនួន ៩ប៉ុណ្ណោះ ដែលជាមណ្ឌលសិក្សាស្រាវជ្រាវសម្រាប់សាធារណជន។

១. ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានលាបលំអដោយពណ៌លឿង ដែលតំណាងឱ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឱ្យព្រហ្មញ្ញសាសនា។ រាជវាំង ជាទីតាំងមួយដែលអនុញ្ញាតឱ្យទេសចរជាតិ និងអន្តរជាតិ មកទស្សនាពីវត្ថុបុរាណខ្មែរដ៏សម្បូរបែប ពិសេសគ្រឿងតុបតែងព្រះកាយក្សត្រា ក្សត្រីយ៍ មានព្រែ ស្បៃ គ្រឿងអលង្ការជាដើម និងវត្ថុជាច្រើនមុខទៀត។ ចំពោះគោលដៅទាក់ទាញទេសចរវិញ គឺព្រះវិហារព្រះកែវមរកត ឬ “ព្រះវិហារប្រាក់” ។


២. សារមន្ទីរជាតិ
ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់ កសាងឡើងនៅថៃ្ងទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយ «ព្រះបាទស៊ីសុវត្ថិ»។ សារមន្ទីរជាតិ មានរក្សាទុកវត្ថុបុរាណ និងរូបសំណាក តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត។ មណ្ឌលវត្ថុបុរាណដ៏វិសេសនេះ បានអនុញ្ញាតឱ្យកូនខ្មែរ និងបរទេស មកសិក្សាស្វែងយល់ពីតម្លៃដ៏ថ្លាថ្លៃនៃកេរដំណែល ដែលដូនតាខ្មែរបានបន្សល់ទុក។


៣. សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum
សារមន្ទីរមួយនេះ គឺជាទីតាំងបង្ហាញសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់កម្ពុជា តាំងពីសម័យកាលហ្វូណន ដែលមានពិព័រណ៍ ដល់ទៅ ១២ដំណាក់កាល ដោយក្នុងនោះ បង្ហាញពីប្រវត្តិនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងរូបិយវត្ថុជាតិចាប់ពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន រួមនឹងតួនាទីរូបិយវត្ថុ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។



៤. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស-២១)
មន្ទីរស-២១ ស្ថិតនៅក្នុងបរិវេណសាលា២ គឺសាលាបឋមសិក្សាទួលស្លែង និងវិទ្យាល័យទួលស្វាយព្រៃ សាងសង់ឡើ់ង នៅអំឡុងឆ្នាំ១៩៦២ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យ ព្រះពញ្ញាយ៉ាត។ សាលាទាំងពីរនេះ ត្រូវបានខ្មែរក្រហមកែប្រែទៅជាមន្ទីរសន្តិសុខ ដោយបានរៀបចំថ្នាក់រៀនឱ្យក្លាយទៅជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម ហើយបរិវេណមន្ទីរមានហ៊ុំព័ទ្ធដោយបន្លាលួសអគ្គិសនី និងសូម្បីតែអាគារតាមជាន់នីមួយៗ ក៏មានរៀបចំជារនាំងបន្លាលួស ដើម្បីការពារមិនឱ្យអ្នកទោសលោតសម្លាប់ខ្លួនបាន។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មន្ទីរស-២១ ត្រូវបានរៀបចំជាទីតាំងប្រវវត្តិសាស្ត្រ ដែលអាចឱ្យទេសចរជាតិ និងអន្តរជាតិ បានមកទស្សនានិងស្វែងយល់ពីបញ្ហាសង្គ្រាមសុីវិលនៅកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧មេសា ឆ្នាំ១៩៧៥ ដល់ ៧មករា ឆ្នាំ១៩៧៩)។

៥. សារមន្ទីរវាលពិឃាតជើងឯក
ជាទីពិឃាដជិវិតមនុស្សមួយរបស់ខ្មែរក្រហម ដែលសម្លាប់ជីវិតរាល់អ្នកទោសបញ្ជូនមកពីទួលស្លែង ឬមន្ទីរស២១ ដែលពួកខ្មែរក្រហមចោទថាខ្មាំងប្រឆាំងនឹងអង្គការ រួមមាន កសិករ មន្ត្រី ទាហាន បញ្ញាវន្ត អង្គទូត ជនបរទេស កុមារ និងស្ត្រីប្រមាណជិតពីរម៉ឺននាក់ ហើយរណ្តៅសពជាង១០០ ត្រូវបានរកឃើញ។ ទីតាំងប្រវត្តិសាស្ត្រនេះ ជាកន្លែងមួយដែលទេសចរជាតិ និងអន្តរជាតិ អាចចូលទៅទស្សនា និងបានយល់ពីអំពើដ៏យង់ឃ្នងក្នុងប្រវត្តិសង្គ្រាមនៅកម្ពុជា។

៦. បណ្ណាល័យជាតិ
បណ្ណាល័យជាតិកម្ពុជា កសាងឡើងនៅទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ដោយរដ្ឋាភិបាល អាណា និគម បារាំង នៅឥណ្ឌូចិន។ នៅឆ្នាំ១៩៥៤ ក្រោយពី ទទួលឯករាជ្យពីអាណានិគម បារាំងមក បណ្ណាល័យ នេះបានប្តូរឈ្មោះពីបណ្ណាល័យកណ្តាល មកបណ្ណាល័យជាតិកម្ពុជាវិញ។ នៅឆ្នាំ១៩៨០ បណ្ណាល័យនេះ បានបើកដំណើរការជាថ្មី ក្រោមការគ្រប់គ្រង របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគ្រាតស៊ូយ៉ាងលំបាក ដើម្បីរៀបចំដំណើរការសេវាកម្មនានាឡើងវិញ។
ឯកសារសំខាន់ៗជាច្រើន ត្រូវបានរក្សាទុកបានយ៉ាងល្អ និងធនធាន សៀវភៅដ៏មានតម្លៃ តាំងពីឆ្នាំដំបូងៗនៃជំនាន់អាណានិគមបារាំង បើទោះបីជាមានការបំផ្លាញធ្ងន់ធ្ងរ ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។ សាធារណជន អាចចូលមកអានសៀវភៅនៅទីនេះ និងថែមអាចខ្ចីសៀវភៅពីទីនេះបានថែមទៀតផង ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌរបស់បណ្ណាល័យជាតិប៉ុណ្ណោះ។

៧. បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ
ជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលអាចឱ្យសាធារណជន សិក្សា ស្រាវជ្រាវ ដែលផ្តោតលើ អក្សរសាស្ត្រ ភាសាបាលី សាស្ត្រាស្លឹករឹត និងប្រមូលចងក្រងឯកសារជាច្រើនផ្សេងទៀត។ ទីនេះក៏ជាកន្លែងមួយ ដែលអនុញ្ញាតឱ្យសាធារណជន មកសិក្សាស្វែងយល់ផងដែរ។

៨. បណ្ណាល័យ ហ៊ុន សែន
បណ្ណាល័យហ៊ុន សែន ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាបណ្ណាល័យដ៏ពេញនិយម ដែលនិស្សិតនៃសាកលវិទ្យាល័យនេះផ្ទាល់ តែងតែមកអាននិងសិក្សាស្រាវជ្រាវ។ បណ្ណាល័យនេះមានទីធា្លធំទូលាយ និងផ្តល់កន្លែងសម្រាប់អានច្រើន ពិសេសសម្បូរដោយសៀវភៅចម្រុះ រួមមានសៀវភៅចំណេះដឹងទាក់ទងនឹងមុខវិជ្ជាសិក្សា ទស្សនវិជ្ជា វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចជាដើម។
បណ្ណាល័យ ហ៊ុន សែន មានសៀវភៅចំនួនជាង ១ម៉ឺនក្បាល ដែលក្នុងនោះមានជាភាសាខ្មែរ អង់គ្លេស និងបារាំង ហើយមានឯកសារជាច្រើនទៀតដែលបានកត់ត្រាជាភាសា ជប៉ុន ថៃ ចិន និងវៀតណាមផងដែរ។ក្រៅពីនិស្សិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ត្តាល័យ ហ៊ុន សែន ក៏បើកជាសាធារណៈសម្រាប់សាធារណជនចូលមកអានផងដែរ (អ្នកអានតម្រូវឲ្យធ្វើកាតចុះឈ្មោះជាសមាជិករបស់បណ្ណាល័យ)។

៩. បណ្ណាល័យព្រឹទ្ធសភា
ជាបណ្ណាល័យរបស់រដ្ឋ ដែលផ្តល់សេវាឯកសារគ្រប់ប្រភេទ រួមមានសៀវភៅចំណេះដឹងទូទៅ ព័ត៌មានវិទ្យា ឯកសារទាក់ទងនឹងការគ្រប់គ្រងដឹកនាំ សារព័ត៌មានប្រចាំថ្ងៃ និងទស្សនាវដ្ដីនានា ពិសេសផ្តោតលើ ឯកសារសំខាន់ៗស្តីពីច្បាប់ ដែលបំពេញតម្រូវការការងារសិក្សាស្រាវជ្រាវ សិស្សនិស្សិត។ បណ្ណាល័យនេះ ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម បើកចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ និងបន្តចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច សម្រាប់ថ្ងៃ ច័ន្ទ-សុក្រ ឯថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ ១១:០០ ថ្ងៃត្រង់។ សិស្សនិស្សិត អាចខ្ចីសៀវភៅបាន លុះត្រាតែមានកាតសមាជិក ដែលស្នើធ្វើពុំមានគិតថ្លៃទេ៕


អត្ថបទ ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ