ព័ត៌មានជាតិ
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
ភាសាអង់គ្លេស គឺជាចំណេះដឹងមួយសំខាន់ណាស់ ក្នុងពេលបច្ចុប្បន្នមិនថា សម្រាប់ទំនាក់ទំនងក្នុងអាជីពការងារ ឬក្នុងវិស័យធុរកិច្ច។ បើអ្នកចេះភាសានេះបានច្បាស់លាស់ វានឹងងាយស្រួលសម្រាប់អ្នក ទាំងការសិក្សាស្រាវជ្រាវ ការបំពេញការងារ និងក្នុងទំនាក់ទំនងប្រចាំថ្ងៃ ហើយចំពោះអ្នកបំពេញការងារឲ្យគេវិញ គឺអាចរីកចម្រើនបានលឿន និងទទួលបានប្រាក់បៀរវត្សរ៍ខ្ពស់។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនទាន់ដឹងច្បាស់ថា តើត្រូវធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ និងឆាប់រហ័សនោះ?

លោក សុខ ចាន់ស៊ី គ្រូបង្រៀនភាសាអង់គ្លេស ក្នុងក្រុមជំនួយភាសាអង់គ្លេស (ELSU) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ប្រាប់សារព័ត៌មានកម្ពុជាថ្មីថា តាមបទពិសោធន៍ផ្ទាល់ កាលលោករៀនភាសាអង់គ្លេសដំបូងនាឆ្នាំ ២០០៤ នាពេលនោះមិនមានបណ្ដាញផ្សព្វផ្សាយ ឬបណ្ដាញសង្គមទូលំទូលាយនៅឡើយទេ។ លោក សុខ ចាន់ស៊ី បន្តថា កាលនោះ លោករៀននៅពុទ្ធិកសិក្សាជាមួយសាមណេរមួយអង្គ ហើយការសិក្សានោះ គឺជាការសិក្សាបែបបុរាណ ពោលគឺ កត់ អាន និងទន្ទេញតាមគ្រូ។

សម្រាប់ពេលបច្ចុប្បន្ន ក្នុងបរិបទសម័យឌីជីថល និងសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ឬ សម័យកំណើនបច្ចេកវិទ្យាបញ្ញានិម្មិត សិស្ស-និស្សិត មានឱកាសច្រើនក្នុងការរៀន ភាសាអង់គ្លេស បែបទំនើបកម្ម។ ជំនាញទាំង ៤ នៃការរៀនភាសាអង់គ្លេសនេះ គឺចាប់ផ្ដើមចេញមកពី ឫសគល់សំខាន់ ២ រួមមាន ១.ឆន្ទៈចង់រៀន, ២.ដឹងរបៀបរៀន ដើម្បីអនុវត្តការអាន វាជាជំនាញមួយដែលទាមទារឲ្យសិស្សមានមូលដ្ឋាន ខ្លះដែរ។ ជំនាញនេះ តម្រូវឲ្យសិស្ស ចេះរកសៀវភៅអានឲ្យបានត្រឹមត្រូវ ផងដែរ។

លោក សុខ ចាន់ស៊ី បន្ថែមទៀតថា «ខ្ញុំចង់ណែនាំឲ្យសិស្សប្រើប្រាស់បណ្ដាញអ៊ីនធឺណិត ស្វែងរកអត្ថបទសៀវភៅ នៅតាមអ៊ីនធឺណិត ឬក៏ទិញនៅបណ្ណាគារ ទៅតាមកម្រិតនៃភាសាអង់គ្លេសរបស់ខ្លួន ពិសេសនោះ គឺជ្រើសរើសសៀវភៅដែលចំជំនាញ ឬអ្វីដែលយើងចូលចិត្តអាន»។

ក្រៅពីនេះទៀត ការនិយាយ ដើម្បីបង្កើនវា គឺទាមទារឲ្យយើងស្ដាប់ផង និងរៀននិយាយជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើនផង។ គន្លឹះសំខាន់ គឺបំបាត់ភាពភ័យខ្លាច និងអៀនខ្មាស ព្រោះមានសិស្ស-និស្សិតខ្លះ មិនហ៊ាននិយាយទេព្រោះខ្លាចខ្មាសគេ ហើយខ្លះទៀតមានអារម្មណ៍ថា អៀន និយាយខ្លាចខុស និយាយខ្លាចគេស្ដាប់មិនយល់។

លោក សុខ ចាន់ស៊ី បានបញ្ជាក់ច្បាស់ថា «បើខ្ញុំវិញ កាលរៀន គឺនិយាយមុខកញ្ចក់តែឯងម្ដង ជំនាញនិយាយនេះ ក៏ពិបាកក្នុងការបង្រៀនដែរសម្រាប់ខ្ញុំជាគ្រូ ព្រោះម៉ោងសិក្សាពេលខ្លះគេខ្លីពេក ហើយកាន់តែពិបាកបង្រៀនបើចំនួនសិស្សច្រើនពេក។ ក្នុងការបង្រៀន គឺទាមទារការអត់ធ្មត់ និងបណ្ដុះសកម្មភាព ឲ្យសិស្សហ្វឹកហាត់និយាយឲ្យបានច្រើន ដែលមានដូចជាការដាក់ឲ្យឡើងធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម ការធ្វើសន្ទនាខ្លីៗអំឡុងម៉ោងរៀន»។

លោក សុខ ចាន់ស៊ី សម្រាប់ការសរសេរវិញ ជំនាញនេះសម្រាប់លោក គឺពិបាកជាងគេ។ ការសរសេរគឺពិបាកជាងការនិយាយឆ្ងាយណាស់ ព្រោះអីការនិយាយមិនសូវខ្វល់ខ្វាយពីរឿងវេយ្យាករណ៍ទេ។ ការសរសេរទាមទារឲ្យយើងប្រើប្រាស់ពាក្យ និងសំណង់ប្រយោគបានត្រឹមត្រូវ។ ម្ល៉ោះហើយទាំងការរៀន និងការបង្រៀនជំនាញសរសេរគឺពិបាក។ សិស្សត្រូវតែចេះ ពាក្យបានច្បាស់លាស់ សរសេរប្រយោគតាមទម្រង់ត្រឹមត្រូវ និងចេះរៀបចំគំនិត ទើបសាច់អត្ថបទអានទៅរលូន និងត្រឹមត្រូវតាមក្បូនវេយ្យាករណ៍។
ចំណែកឯជំនាញស្ដាប់វិញ នៅក្នុងយុគ្គសម័យអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយបានផ្ដល់ឱកាសហើយសិស្សស្ដាប់បានយ៉ាងទូលំទូលាយ។ សិស្សនិស្សិតអាចស្ដាប់តាមផតខាស យូធូប ទស្សនាខ្សែភាពយន្តបរទេសជាភាសាអង់គ្លេស បានយ៉ាងងាយស្រួល។ ការស្ដាប់ចម្រៀង ឬទស្សនាខ្សែភាពយន្តបរទេសទាំងអស់នោះ វាចូលរួមចំណែកបង្កើនសមត្ថភាពស្ដាប់ដល់សិស្ស។
លោក សុខ ចាន់ស៊ី ណែនាំសិស្សឲ្យជាវ ឬ subscribe YouTube channel ក្នុងការឡើងវេទិកានិយាយជាសាធារណៈ ដូចជា Ted Talks ជាដើម ដើម្បីស្ដាប់ ក៏ដូចជារៀនពីវិធីសាស្រ្តក្នុងការនិយាយផងដែរ។
សរុបមក យើងចង់ចេះអ្វីមួយ គឺមានឆន្ទៈតស៊ូពុះពារ រៀនសូត្រ។ លោកគ្រូអ្នកគ្រូបង្រៀន បានត្រឹមតែមួយចំណែកតូចប៉ុណ្ណោះ ការខិតខំនឹងការស្វះស្វែងរកវិធីសាស្រ្តរៀន ដែលសមជាមួយសមត្ថភាពរបស់យើង គឺជារឿងចាំបាច់ដែលត្រូវបំពេញបន្ថែម ដើម្បីពន្លឿនការរៀនភាសាអង់គ្លេស។
ឧទាហរណ៍ថា៖ ខ្ញុំចង់ចេះកាលឲ្យច្បាស់ ខ្ញុំអាចទៅរកលំហាត់អនុវត្តនៅក្នុងអ៊ីនធឺណិតបានជាច្រើន ទាំង IELTS, TOEFL ក៏ដូចជាគេហទំព័រល្បីៗជាច្រើនទៀតសម្រាប់អនុវត្តលំហាត់។ ទន្ទឹមនឹងការរៀនភាសាអង់គ្លេសនេះដែរ លោក សុខ ចាន់ស៊ី ក៏បានបង្ហាញផ្លូវ និងប្រាប់ពីឧបសគ្គក្នុងការរៀនភាសាអង់គ្លេស ដែលរួមមានដូចជា៖
ប្រការទី១ គឺសិស្សរៀនគ្មានគោលដៅពិតប្រាកដ។ រៀនតាមអារម្មណ៍ រៀនតាមឪពុកម្ដាយបង្ខំ រៀនតែមិត្តភក្តិ រៀនដោយគ្មានគោលដៅ ថានឹងយកទៅប្រើដើម្បីអ្វី។ ការដែលមិនយល់ពីតម្លៃនូវអ្វីដែលយើងបានរៀន ការដាក់ចិត្តកាយក្នុងការរៀនក៏មិនបានល្អ លទ្ធផលគឺបោះបង់ការសិក្សាកណ្ដាលទី ហើយប្រើប្រាស់មិនកើត។
ប្រការទី ២ គឺការជ្រើសរើសសាលា ដែលគ្មានគុណភាព។ ជាក់ស្ដែងសាលាឯកជនមួយចំនួន ជ្រើសរើសយកគ្រូដែលមិនមានគរុកោសល្យច្បាស់លាស់ យកមកបង្រៀន។ ផលប៉ះពាល់មានច្រើន គឺគាត់មិនមានសមត្ថភាពបង្រៀន ឲ្យចំគោលដៅ និងពេលខ្លះគឺបង្រៀនខុសតែម្ដង។ ពិសេសគឺការបញ្ចេញសំឡេង។
ប្រការទី ៣ គឺបញ្ហាមួយទៀតគឺសាលាខ្លះដាក់សិស្សច្រើនពេក។ ជាលទ្ធផលសកម្មភាពមួយចំនួនត្រូវបានកាត់បន្ថយដោយសារម៉ោងរៀងខ្លី ហើយសិស្សច្រើនពេក។
ប្រការទី ៤ គឺគ្រូកាន់ថ្នាក់ច្រើនពេក។ បញ្ហានេះគឺធ្វើឲ្យ លោកគ្រូមិនបានយកចិត្តទុកដាក់បង្រៀនសិស្សបានគ្រប់ជ្រុងជ្រោយ ដោយសារគាត់មានការងារច្រើនដើម្បីបំពេញ ម្ល៉ោះហើយសិស្សខ្លះអាច ត្រូវបានលោកគ្រូអ្នកគ្រូទុកចោល។
ប្រការទី ៥ គឺលោកគ្រូអ្នកគ្រូខ្លះក៏មិនបានប្រើប្រាស់ វិធីសាស្រ្តឬគរុកោសល្យបង្រៀនបែបសម័យថ្មី ក្នុងសតវត្សទី២១ ដែលគាត់តែងតែប្រើគ្រូមជ្ឈមណ្ឌល ជាជាងសិស្សមជ្ឈមណ្ឌល៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?