KPT+
សៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ត្រៀមបោះពុម្ព ៣ ភាសា
សៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» រៀបចំដោយគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅអគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង រាជធានីភ្នំពេញ។ សៀវភៅដែលផ្តល់ចំណារសេចក្តីផ្តើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះ នឹងចរាចរក្នុងទីផ្សារសៀវភៅ ទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាពីរភាសាតែម្តង គឺភាសាខ្មែរ និងអង់គ្លេស។ ចំណែកភាសាបារាំង គឺកំពុងតែត្រៀមរៀបចំផងដែរ។

សៀវភៅនេះគឺជាស្នាដៃដំបូងដែលនិពន្ធជាភាសាខ្មែរដោយ លោកបូជាចារ្យ គង់ វៀល សមាជិក នៃសមាគម បេសកជនសាសនាគ្រិស្ត នៃប្រទេសបារាំង ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៧ មកម៉្លេះ។ បន្ទាប់ពីរៀនភាសាខ្មែរអស់រយៈពេល ៣ឆ្នាំ ធ្វើដំណើរទៅស្ទើរតែគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រស់នៅខេត្តសៀមរាប ១ឆ្នាំពេញ ដើម្បីឈ្វេងយល់ពីបុរាណស្ថានក្នុងតំបន់អង្គរ និងសិក្សានៅបណ្ណាល័យ នៃមជ្ឈមណ្ឌលខេមរសិក្សា ស្ថិតក្នុងវត្តដំណាក់ លោកបានប្រមូលផ្តុំការឆ្លុះបញ្ចាំងរបស់លោកចេញពីប្រភពផ្សេងៗ ទាំងប្រពៃណី និងការសិក្សាឈ្វេងយល់ពីការដឹកនាំរបស់ខ្មែរពីដើម។

តើមានសៀវភៅណារៀបរាប់ពីភាពជាអ្នកដឹកនាំតាមបែបខ្មែរជាក់លាក់ទេ? ក្នុងចំណោម ប្រភេទផ្សេងៗជាច្រើន យើងឃើញមានច្រើន គឺប្រលោមលោកបែបមនោសញ្ចេតនា សៀវភៅរឿងកុមារ សៀវភៅស្រាវជ្រាវ ពីប្រវត្តិសាស្ត្រ គន្លឹះជោគជ័យ និងវត្តមានជាពិសេសនៅក្នុងបណ្ណាគារកម្ពុជា គឺសៀវភៅស្តីពី ភាពជាអ្នកដឹកនាំទូទៅ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត គំរូ នៃភាពជាអ្នកដឹកនាំដែលត្រូវបានបោះពុម្ពផ្សាយ ភាគច្រើនជាសៀវភៅ ដែលលើកយគំរូបរទេស រាប់ចាប់ពី លោក Elon Musk រហូតដល់ Barack Obama ឬពីលោក មហាត្មះ គន្ធី រហូតដល់ លោក ម៉ៅ សេទុង។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតរវាងការសិក្សាប្រវត្តិសាស្ត្រ និងការណែនាំ អំពីភាពជាអ្នកដឹកនាំ ខ្លឹមសារក្នុងសៀវភៅនេះ សិក្សាអំពីជីវិតរបស់ព្រះមហាក្សត្រខ្មែរទាំងប្រាំបីអង្គ ទាំងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រមុន និងក្រោយអាណាចក្រអង្គរដ៏រុងរឿង ហើយបានទាំងលើកឡើងពីកត្តារួមក្នុងការដឹកនាំ គឺគុណធម៌។

ក្សត្រិយៈ គឺមានប្រភពមកពីពាក្យសំស្ក្រឹត សំដៅលើវណ្ណៈមួយក្នុងចំណោមបួននៅក្នុងសង្គមឥណ្ឌាន័យកម្ម ដែលជាក្រុមអ្នកចម្បាំង។ ព្រះមហាក្សត្រ ដែលគេស្គាល់ ភាសាខ្មែរថា មហាកស្សបតិយ្យ ជាអ្នកចម្បាំងដ៏អស្ចារ្យ ជាអ្នកចម្បាំង នៃ សន្តិភាព «ជានិមិត្តរូបនៃឯកភាពជាតិនិងភាពអមតៈ» ដូចមានចែងក្នុងមាត្រា៨ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់មូលដ្ឋាន របស់ព្រះរាជាណាចក្រកម្ពុជា។ ស្តេចមួយអង្គៗ បង្ហាញពីទេពកោសល្យដ៏អស្ចារ្យផ្សេងៗគ្នា រាប់ចាប់ពីព្រះបាទ យសោវរ្ម័នទី១ ដល់ព្រះបាទអង្គឌួង ដែលមានគំនិតច្នៃប្រឌិត។ ព្រះបាទជ័យវរ្ម័នទី៧ ដ៏អស្ចារ្យ នៅតែមានឥទ្ធិពលឱ្យសិស្សានុសិស្សគ្រប់សាលាទាំងអស់ ក្នុងប្រទេសកម្ពុជាជ្រួតជ្រាបពីភាព ជាអ្នកដឹកនាំ ហើយតួលេខ នៃភាពជាអ្នកដឹកនាំបែបនេះ អាចត្រូវបានគេរកឃើញនិងណែនាំជាគំរូ នៃភាពជាអ្នកដឹកនាំ ដ៏យូរអង្វែងសម្រាប់កម្ពុជា។

ជាជាងនិក្ខេបបទ សៀវភៅនេះគឺជាការស្រាវជ្រាវដែលនៅតែបន្ត ហើយត្រូវតែមានការកែលម្អតាមរយៈ កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យកាន់តែមានវប្បធម៌ នៃការដឹកនាំប្រកបដោយ ភាពក្លាហាន និងគុណធម៌ ទាំងក្នុង និងក្រៅប្រទេស។ សូមអរគុណចំពោះការដឹកនាំបច្ចុប្បន្ន ដែលធានាបាននូវយុគសម័យដ៏យូរបំផុតមួយ នៃសន្តិភាពនៅកម្ពុជា ចាប់តាំងពីរបបរាជានិយមត្រឡប់មកវិញ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី