ព័ត៌មានអន្ដរជាតិ
ត្រួសៗពីប្រទេសកាន់របបកុម្មុយនីស្តទាំង ៥ លើលោកក្នុងសតវត្សទី២១
ប្រទេសកុម្មុយនីស្តជាប្រទេសដែលមានការគ្រប់គ្រងរដ្ឋបាលតាមប្រព័ន្ធបក្សតែមួយ ដោយផ្អែកតាមឫសគល់ទស្សនៈ ម៉ាក់ហ្ស៊ីស-លេនីន (មនោគមវិជ្ជាប្រភពមកពីអតីតសហភាពសូវៀត) ។ គោលដៅនៃរដ្ឋកុម្មុយនីស្តនីមួយៗ គឺដើម្បីទទួលបានលទ្ធភាពស្មើៗគ្នាលើភាពជាម្ចាស់នៃផលិតកម្ម មិនថាថ្នាក់អ្នកធ្វើការ (កម្មករ) ឬមូលធន (ថៅកែ) នោះទេ ។

យ៉ាងណាមិញ ប្រទេសមួយចំនួនដែលប្រកាន់យករបបកុម្មុយនីស្តនៅលើពិភពលោកនេះ ក៏ចាប់យកនូវប្រព័ន្ធមិនពេញលេញដែរ ពោលងាកមកប្រើប្រាស់ប្រព័ន្ធសេដ្ឋកិច្ចបែបសេរី ដើម្បីភាពរីកចម្រើនរបស់ប្រទេស ។ ខាងក្រោមនេះ នឹងបង្ហាញពីព័ត៌មានគោលនយោបាយមួយចំនួនពីប្រទេសដែលប្រកាន់យករបបកុម្មុយនីស្តនានាលើពិភពលោក៖
១-ចិន (កាន់របបកុម្មុយនីស្តពីឆ្នាំ ១៩៤៩)
ទោះបីប្រទេសកាន់របបកុម្មុយនីស្ត ប៉ុន្តែចិនគឺជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចខ្លាំងមួយនៅលើពិភពលោក។ ប្រទេសចិន ប្រកាសជារដ្ឋកុម្មុយនីស្តក្នុងឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់ លោក ម៉ៅ សេទុង។ ចាប់ពីនោះមករហូតដល់បច្ចុប្បន្ន ចិននៅបន្តប្រកាន់យកលទ្ធិកុម្មុយនីស្ត ដែលគេហៅថា “ចិនក្រហម” សម្តៅលើការគ្រប់គ្រងដោយបក្សកុម្មុយនីស្ត។ ក្នុងប្រទេសចិនបានបើកចំហរសេដ្ឋកិច្ច ដែលប្តូរពីរបបផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី ដោយនៅឆ្នាំ២០០៤ ចិនបានវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលទទួលស្គាល់មូលធនទ្រព្យសម្បត្តិរបស់វិស័យឯកជន។

តែយ៉ាងណា ឧស្សាហកម្មសំខាន់ៗ និង វិស័យមួយចំនួនត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋចិន។ មកទល់បច្ចុប្បន្ននេះ ចិនក្រោមការដឹកនាំរបស់លោក Xi Xinping រក្សាបានយ៉ាងរឹងមាំនូវឥទ្ធិពលលើពិភពលោក មិនត្រឹមតែផ្នែកសេដ្ឋកិច្ច ពោលគឺថែមទាំងរីកចម្រើនខ្លាំងទៅលើវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្ម ទំនាក់ទំនងការទូត និងអំណាចឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកទៀតផង ។
២–ប្រទេសគុយបា (សាធារណរដ្ឋគុយបាពីឆ្នាំ១៩៥៩)
បដិវត្តនៅក្នុងឆ្នាំ១៩៥៣ របស់លោក Fidel Castro និងក្រុមរបស់លោក បានកាន់កាប់អំណាចលើប្រទេសគុយបាចាប់ពីពេលនោះមក។ ត្រឹមឆ្នាំ១៩៦៥ គុយបាបានក្លាយជារដ្ឋប្រកាន់របបកុម្មុយនីស្តពេញលេញ និងមានចំណងទំនាក់ទំនងជិតស្និទ្ធជាមួយអតីតសហភាពសូវៀត។ ហើយនោះក៏ជាពេលដែលសហរដ្ឋអាមេរិកស្នើឲ្យបិទគ្រប់ផ្លូវពាណិជ្ជកម្មទាំងអស់ជាមួយគុយបា។ នៅឆ្នាំ២០០៨ លោក Fidel Castro បានលាលែងពីតំណែងដឹកនាំ ដោយផ្ទេរទៅប្អូនប្រុសរបស់លោក គឺ Raul Castro។ ក្រោយអាណត្តិលោក Fidel Castro ចំណងការទូតរវាងគុយបា-អាមេរិក រួមនឹងប្រទេសផ្សេងៗហាក់ធូរស្រាល។

ប៉ុន្តែយ៉ាងណា គុយបានៅប្រកាន់ខ្ជាប់ខ្ជួននៅគណបក្សកុម្មុយនីស្តតែមួយ និងមានផែនការតឹងរឹងលើវិស័យសំខាន់ៗ ដូចជាអប់រំ សុខាភិបាល គមនាគមន៍ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋ មិនតែប៉ុណ្ណោះរដ្ឋគ្រប់គ្រងទាំងដីធ្លី ផលិតកម្ម និងការចែកចាយផលិតផល។
៣. ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីឆ្នាំ១៩៧៥)
ប្រទេសឡាវធ្លាប់ជាព្រះរាជាណាចក្រ ក្នុងឆ្នាំ១៩៧៥ ប៉ុន្តែឡាវជួបនឹងបដិវត្តកុម្មុយនីស្តនៅដឹកនាំដោយចលនា ប៉ាថេតឡាវ ។ ដោយមានជំនួយគាំទ្រពី ប្រទេសវៀតណាម និងអតីតសហភាពសូវៀត រដ្ឋកុម្មុយនីស្តឡាវបានចាប់ផ្តើមឡើង និងចាប់អនុវត្តប្រព័ន្ធបក្សកុម្មុយនីស្តតែមួយ ។ ក្នុងជួររដ្ឋាភិបាលឡាវ គឺច្រើនដឹកនាំដោយមន្ត្រីយោធា និងប្រកាន់គោលការណ៍គំនិតកុម្មុយនីស្តម៉ាក់ហ្ស៊ីស។ នៅឆ្នាំ១៩៨៨ ប្រទេសជិតខាងកម្ពុជា និងប្រទេសកាន់របបកុម្មុយនីស្តមួយនេះ បានអនុញ្ញាតឲ្យមានទម្រង់កម្មសិទ្ធិលក្ខណៈឯកជន ហើយប្រទេសនេះក៏ចាប់ផ្តើមចូលរួមជាសមាជិកក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០១៣។

ដោយសារប្រទេសឡាវ ជាប្រទេសបិទ (ពុំមានដែនដីជាប់សមុទ្រ) ដូច្នេះឡាវបានបង្កើនទំនាក់ទំនងការទូត និងការចូលរួមសមាជិកក្នុងអង្គការតំបន់ និងពិភពលោក ពិសេសចំណងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលប្រកាន់ខ្ជាប់កុម្មុយនីស្តដូចគ្នារួមមានចិន និងវៀតណាម។
៤. ប្រទេសកូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ពីឆ្នាំ១៩៤៥)
ប្រទេសកូរ៉េធ្លាប់ស្ថិតក្រោមការកាន់កាប់របស់ជប៉ុននៅអំឡុងសង្រ្គាមលោកលើកទី២។ ក្រោយពេលសង្គ្រាមចប់ប្រទេសនេះត្រូវបានបែងចែកជាពីរ ដោយសារអំណាចមនោគមវិជ្ជាមួយផ្នែកភាគខាងជើងទៅខាងរុស្ស៊ី និងមួយផ្នែកខាងត្បូងទៅខាងសហរដ្ឋអាមេរិក។ នៅពេលនោះ គេពុំដែលគិតថា កូរ៉េបែងចែកជាពីរ (ជើង-ត្បូង) ជាអចិន្ត្រៃយ៍មកទល់ពេលបច្ចុប្បន្ននោះឡើយ។ យ៉ាងណាមិញ ក្នុងរយៈពេលនោះ កូរ៉េខាងជើងពុំទាន់ក្លាយជារដ្ឋប្រកាន់យករបបកុម្មុយនីស្តឡើយ រហូតដល់ឆ្នាំ នៅឆ្នាំ១៩៤៥ ពេលដែលកូរ៉េខាងត្បូងប្រកាសឯករាជ្យចេញពីកូរ៉េខាងជើង ទើបការប្រកាសរបបកុម្មុយនីស្តនៅកូរ៉េខាងជើងបានចាប់ផ្តើមឡើង។ ដោយមានប្រទេសរុស្ស៊ីនៅពីក្រោយ មេដឹកនាំកុម្មុយនីស្ត គឺលោក Kim il Sung ត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងរដ្ឋថ្មីនេះ។

ចាប់ពីពេលនោះមក កូរ៉េខាងជើងប្រកាន់យកបក្សតែមួយ និងមានទស្សនវិស័យរដ្ឋកូរ៉េខាងជើងឈ្មោះ “Juche” អភិវឌ្ឍដោយលោក Kim il Sung ដោយផ្តោតទៅលើ ជាតិនិយម អំណាចកណ្តាល និងថ្នាក់ដឹកនាំ។ ហើយនេះ ដែលនាំឲ្យគ្រួសារលោក Kim ជាថា្នក់ដឹកនាំសម្រាប់រដ្ឋកូរ៉េខាងជើងក្នុងរយៈពេលយូរទៅមុខ។
ប្រទេសកូរ៉េខាងជើង អនុវត្តការគ្រប់គ្រងតឹងរឹងទៅលើប្រជាពលរដ្ឋខ្លួន មិនថាការអប់រំ ការរស់នៅ ការងារ និងសិទ្ធិទទួលបានព័ត៌មាន។ រដ្ឋគ្រប់គ្រងគ្រប់ដំណើរការឧស្សាហកម្ម និងមាននិន្នាការមិនពឹងផ្អែកទៅលើប្រទេសខាងក្រៅ។
៥. វៀតណាម (សាធារណរដ្ឋសង្គមនិយមវៀតណាម ពីឆ្នាំ១៩៧៦)
ដំណើរការទៅកាន់លិទ្ធិកុម្មុយនីស្តនៅវៀតណាមចាប់ផ្តើមពីមានចលនាជាតិនិយមប្រឆាំងនឹងអាណានិគមបារាំងក្នុងសតវត្សទី១៩ ពិសេសចលនាបក្សកុម្មុយនីស្តឥណ្ឌូចិន។ ក្រោយសង្គ្រាមលោកលើកទីពីរ ចលនាជាតិនិយមដែលដឹកនាំដោយហូជីមិញ បានទទួលការគាំទ្រ និងមានឥទ្ធិពលទៅលើប្រទេសនេះ។

ដោយសារឥទ្ធិពលសង្គ្រាមឥណ្ឌូចិន វៀតណាមធ្លាប់បានបែងចែកជាពីរនៅឆ្នាំ១៩៥៤ ដោយមានបែងចែកជាភាគខាងជើងគាំប្រកាន់យករបបកុម្មុយនីស្តគាំទ្រដោយសហភាពសូវៀត និងភាគខាងត្បូងកាន់យករបបសេរីគាំទ្រដោយសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៧៦ ទើបវៀតណាមបានបង្រួបបង្រួមវិញ ដោយបង្កើតជាសាធារណរដ្ឋសង្គមនិយម ក្រោមឥទ្ធិពលនៃបក្សកុម្មុយនីស្តវៀតណាមប្រកាន់តាមទស្សនៈ ម៉ាក់ហ្ស៊ីស-លេនីន និងបន្តលទ្ធិកុម្មុយនីស្តទៅលើនយោបាយវៀតណាមរហូតមកដល់បច្ចុប្បន្ន។ ក៏ដូចជាប្រទេសកុម្មុយនីស្តផ្សេងទៀត តួយ៉ាងប្រទេសចិន រយៈពេលប៉ុន្មានទស្សវត្សចុងក្រោយ វៀតណាមដែលប្រកាន់យកប្រព័ន្ធបក្សកុម្មុយនីស្តតែមួយដដែល ប៉ុន្តែបានផ្លាស់ប្តូរទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលការណ៍នេះធ្វើឲ្យសេដ្ឋកិច្ចវៀតណាមទទួលបានទំនើបកម្ម និងលូតលាស់បន្តជាលំដាប់មកទល់បច្ចុប្បន្ន៕
ដោយ៖ មាន រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ