Connect with us

KPT+

ខ្សែជីវិត Dan Lok ពីយុវជនមិនចេះអង់គ្លេស បរាជ័យរាប់ភ្លេច ក្លាយជាអ្នក​មានលើទឹកដី កាណាដា

បានផុស

នៅ

ប្រិយ​មិត្ត​​ខ្លះ​ប្រាកដ​ជា​បាន​ស្គាល់​ សហគ្រិន​​​អាស៊ី​ល្បី​​តាម​បណ្តាញ​សង្គម​យូធូប និង​ហ្វេសប៊ុក មួយ​រូប​ គឺ​លោក Dan Lok ។ ជា​មួយ​​ទ្រព្យ​​សម្បត្តិ​​សុទ្ធ​សរុប​ជា​ទឹក​ប្រាក់​ ១២០​ លាន​​ដុល្លារ​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤​ នេះ​ លោក Dan Lok ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​មាន​ និង​មាន​ឥទ្ធិពល​មួយ​​រូប​ផង​ ។ បុរស​​អាស៊ី​​​ដើម​កំណើត​ជន​ជាតិ​ចិន​ហុង​កុង និង​មក​រស់​នៅ​ទឹក​ដី​កាណាដា​​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន​បើក​បង្ហាញ​ពី​ដំណើរ​ខ្សែ​ជីវិត​តាំង​ពី​កុមារ​ភាព​នៅ​ទឹក​ចិន​ហុង​កុង​ដូច​ខាង​ក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ដី​ហុង​កុង​ពី​កុមារភាព

កុមារ​ Dan Lok ធំ​ឡើង​នៅ​​​ទឹក​ដី​ចិន​ហុង​កុង​​នៅ​ត្រឹម​រយៈ​​​ពេល​អាយុ​ ១៦ ​ឆ្នាំ​ក្នុង​គ្រួសារ​ជីវភាព​​សមរម្យ​មួយ​ ដែល​មាន​ឪពុក​គេ​ជា​បង្អែក​គ្រួសារ​ ផ្គត់​ផ្គង់​ថវិកា​សម្រាប់​រូបគេ​មិន​ខ្វះ​ចាយ​រៀង​រាល់​ថ្ងៃ​ ។ Dan Lok ប្រាប់​ថា នៅ​​វ័យ​ក្មេង​ ក្នុង​ហោប៉ៅ​គេ​មិន​ដែល​មាន​តិច​ជាង ​១០០ ​ដុល្លារ​ឡើយ ដែល​មាន​ប៉ា​របស់​គេ​ផ្តល់​​ឲ្យ​ ។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​​បាន​ផ្លាស់​ប្តូរ​នៅ​ពេល​ ប៉ា​ម៉ាក់​យុវជន​ចិន​ហុង​កុង​រូប​នេះ​​លែង​លះ​គ្នា​ នៅ​ពេល​គេ​មាន​អាយុ​​១៦​ឆ្នាំ​។

មក​រស់​នៅ​ទឹក​ដី​កាណាដា

អាយុ​១៧​ឆ្នាំ​ យុវជន​ Dan Lok បាន​​​ផ្លាស់​មក​រស់​នៅ​​​ទឹក​ដី​​ទី​ក្រុង Vancouver ប្រទេស​កាណាដា​តាម​ម្តាយ​ ដែល​នៅ​ពេល​នោះ​រូប​គេ និង​ម្តាយ ​នៅ​មាន​ជំនួយ​ផ្គត់​ផ្គង់​​​ពី​ឪពុក​គេ​នៅ​ឡើយ​ បើ​ទោះ​បី​ជា​ចែក​ផ្លូវ​គ្នា​ក្តី​។ យ៉ាង​ណា​ក្តី មួយ​រយៈ​ពេល​ក្រោយ​មក គេ​ឃើញ​​ម្តាយ​គេ​និយាយ​ទូរសព្ទ​និង​យំ​សស្រាក់​ ហើយ​ថ្ងៃ​នោះ​ដែល​​ដំណើរ​ជីវិត​របស់​គេ ត្រូវ​ជួប​រឿង​ថ្មី ដោយ​បាន​​ដឹង​ព័ត៌មាន​ពី​ម្តាយ​គេ​ប្រាប់​ថា ប៉ា​របស់​ Dan Lok ក្ស័យ​ធន​​ក្រុមហ៊ុន នឹង​គ្មាន​ប្រាក់​សម្រាប់​ផ្ញើ​ផ្គត់​ផ្គង់​ឲ្យ​ពួក​គេ​ទៀត​ទេ។ ពេល​នោះ Dan Lok សួរ​ខ្លួន​ឯង​ថា “តើ​គេ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត?” ស្រប​ពេល​ដែល​​គេ​សម្លឹង​មើល​ម្តាយ​រាប់​លុយ​សល់​បន្តិច​បន្តួច​ទាំង​ទឹក​ភ្នែក ព្រោះ​​ម្តាយ​គេ​គ្មាន​ការងារ​ឡើយ​នៅ​កាណាដា។

ទំព័រ​ជីវិត​ថ្មី មិន​ចង់​​ឃើញ​ម្តាយ​​រស់​​នៅ​ដោយ​អស់​សង្ឃឹម

​​​​​​​​ចាប់​ពី​ពេល​ឃើញ​ទឹក​មុខ​ស្រពាប់​ស្រពាន់​របស់​ម្តាយ យុវជន​Dan Lok បាន​តាំង​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​ងារ​អ្វី​ក៏​ដោយ​ ដើម្បី​ចិញ្ចឹម​ម្តាយ ដោយ​គ្មាន​​គិត​ត្អូញ​ត្អែរ​រឿង​លំបាក​អ្វី​ឡើយ​។ រាប់​តាំង​​ពី​ការ​​ស៊ី​ឈ្នួល​កាត់​ស្មៅ​ឲ្យ​គេ រៀប​កុំព្យូទ័រ តំឡើង​ប៉ាណូ ធ្វើ​បុគ្គលិក​នៅ​ផ្សារ​ទំនើប​ អ្វី​គ្រប់​យ៉ាង Dan Lok ធ្វើ​ទាំង​អស់​ដើម្បី​បាន​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​។ ទន្ទឹម​នឹង​រយៈ​​ពេល​នោះ យុវជន​រូប​នេះ ក៏​ឆ្លៀត​​រៀន​ភាសា​អង់គ្លេស​​ដោយ​ខ្លួន​ឯង​ នៅ​​តាម​បណ្ណាល័យ​ ដោយ​ប្តេជ្ញា​រៀន​សម្រាប់​ទំនាក់​ទំនង​បាន​ល្អ​ក្នុង​​ប្រទេស​ទី​ពីរ​ ដែល​គេ​រស់​នៅ​នោះ។

ជីវិត​ជួប​រឿង​លំបាក​ម្តង​ទៀត

ការ​ខំ​ប្រឹង​ប្រែង​របស់​ Dan Lok ក្នុង​ជីវិត​ថ្មី​មួយ​គ្រា ក៏​បាន​​នាំ​គេ​វិវឌ្ឍ​គំនិត​​ទៅ​រក​ស៊ី​ដើម្បី​ចំណូល​បន្ថែម​។ ប៉ុន្តែ​បញ្ហា​នោះ គឺ​ថា យុវជន​ម្នាក់​នេះ​គ្មាន​បទ​ពិសោធ ទោះ​បី​​រូប​គេ​ក្លាហាន​ហ៊ាន​ចេញ​​មុខ​រក​ស៊ី​ក៏​ដោយ ដែល​ជា​លទ្ធផល​រូប​គេ​បាន​បរាជ័យ​​ក្នុង​អាជីវកម្ម​​១៣​ដង ក្នុង​រយៈ​៣​ឆ្នាំ​ជាប់​គ្នា​។ មិន​តែ​ប៉ុណ្ណោះ​លុយ​បំណុល​ជំពាក់​សាច់​ញាតិ​បង​ប្អូន មាន​ទៅ​ដល់​១៥០,០០០ដុល្លារ​ ដែល​ជាប់​ខ្លួន​យុវជន​ម្នាក់​នេះ ធ្វើ​ឲ្យ​ម្តាយ​គេ និង​រូប​គេ​វិល​មក​ស្ថាន​ភាព​ពិបាក​ដូច​ពី​ពេល​មុន​សារ​ជា​ថ្មី​។

អ្វី​ៗ​បាន​​ប្រសើរ​ឡើង​ជា​ថ្មី ក្រោយ​​មាន​មនុស្ស​ម្នាក់​ជឿ​ជាក់​លើ​ Dan

នៅ​ជាប់​បំណុល​ជាង​១​សែន​ដុល្លារ​នៅ​ឡើយ និង​ធ្លាប់​បរាជ័យ​ច្រើន​ដង ប៉ុន្តែ​ យុវជន​ Dan Lok នៅ​មាន​​មនុស្ស​ម្នាក់​ជឿ​ជាក់​ថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង នោះ​គឺ​​ខ្លួន​គេ​ផ្ទាល់​ដែល​ជឿ​ជាក់​​ខ្លួន​ឯង។ ជា​ភ័ព្វ​សំណាង​មួយ​ ដែល​គេ​បាន​ជួប​នឹង​ លោក Alan Jacques ដោយ​ចៃ​ដន្យ​។ Alan Jacques ជា​អ្នក​និពន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ល្បី​មួយ​រូប និង​​មាន​គម្រោង​បង្កើន​​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​អំពី​គំនិត​អាជីវកម្ម​ ហើយ​ Dan Lok ក៏​ជា​អ្នក​គាំ​ទ្រ​​មួយ​រូប​របស់​លោក Alan។

ដោយ​មាន​និស្ស័យ​នឹង​អ្នក​ផ្សព្វ​ផ្សាយ​ល្បីរូបនេះ​ Dan Lok ត្រូវ​លោក Alan អញ្ជើញ​​ឲ្យ​ទៅ​ហាត់​ការងារ​ និង​ជួយ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ ដោយ​សេចក្តី​ខិត​ខំ​ព្យាយាម​ ពី​មួយ​ថ្ងៃ​ទៅ​មួ​យថ្ងៃ ទាំង​រៀន​ពី​យុទ្ធសាស្រ្ត​ផ្សាយ​ពាណិជ្ជកម្ម​ Dan Lok អាច​ចាប់​ផ្តើម​ដំណើរ​​ភ្នាក់​ងារ​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​មួយ និង​ជោគ​ជ័យ​ដោយ​អាច​រក​ចំណូល​បាន​ជា​បន្ត​បន្ទាប់​។ នៅ​ត្រឹម​​អាយុ​២៧​ឆ្នាំ Dan Lok បាន​ក្លាយ​ជា​​អ្នក​មាន​ប្រាក់​លាន​ដុល្លារ ដោយ​អាច​រក​ចំណូល​បាន​ផ្ទាល់​ខ្លួន​ខ្ទង់​រយ​លាន​ដុល្លារ​។

មិន​ត្រឹម​តែ​ជោគ​ជ័យ​ក្នុង​ការ​ផ្សាយ​​គំនិត​យុទ្ធសាស្រ្ត​អាជីវកម្ម Dan Lok ក៏​បាន​សរសេរ​សៀវ​ភៅ​ចំនួន​១២​ចំណង​ជើង​ សម្រាប់​លក់​ចែក​ចាយ​ជា​គំនិត និង​បង្រៀន​ដល់​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។ មក​ដល់​ចំណុច​នេះ​ហើយ ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​ភាព​ជោគ​ជ័យ​មួយ ហើយ​ពិសេសនោះគឺនៅពេល​ដែល​លោក​បាន​ប្រាប់​ទៅ​ម្តាយ​លោក​ថា “ម៉ាក់! ម៉ាក់​អាច​ទិញ​អ្វី​ៗ​បាន​គ្រប់​យ៉ាង​ក្នុង​ហាង​នេះ ម៉ាក់​មិន​បាច់​បារម្ភ​ទៀត​ឡើយ​”

​​​

“​មិន​ថា​អ្នក​ចាប់​ផ្តើម​នៅ​ទីណា ជួប​ឧបសគ្គ​បែប​ណា ឬ​អ្នក​ត្រូវ​ប្រណាំង​ប្រជែង​នឹង​ឧបសគ្គ​នោះ​យ៉ាង​ណា អ្នក​​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ អ្នក​អាច​ធ្វើ​បាន​!” នេះ​​សម្រង់​សម្តី​មួយ​របស់​ Dan Lok បាន​លើក​ឡើង​៕

​​

ដោយ​​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម