KPT+
មានប្អូនរៀបការមុន ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ
រឿងពិតរបស់ប្រិយមិត្តកម្ពុជាថ្មី!
(ផ្សាយឡើងវិញ) ខ្ញុំត្រូវបានគេសើចចំអក ពេបជ្រាយ មាក់ងាយ ព្រោះតែជាកូនស្រីច្បង តែបែរជារកបុរសល្អម្នាក់មកធ្វើជាស្វាមីមិនបាន។ ឈឺចិត្តនឹងអ្នកដទៃមើលងាយ គឺមិនស្មើនឹងឈឺចិត្តជាមួយបងប្អូនឯងឡើយ។

ទម្រាំខ្ញុំចិត្តដាច់សរសេរអំពីរឿងនេះ ខ្ញុំត្រូវប្រើពេលធ្វើចិត្តអស់ ២ ឆ្នាំ ក៏ព្រោះតែខ្ញុំមិនមានភាពក្លាហានក្នុងការកាន់ប៊ិករំលេចមន្តទឹកខ្មៅ បង្ហាញដល់អ្នកណាឡើយ។
ខ្ញុំមានឈ្មោះថា មួយអេង ជាឈ្មោះហៅក្រៅរបស់ខ្ញុំនាពេលនេះ ព្រោះខ្ញុំមិនអាចបង្ហាញពីអត្តសញ្ញាណពិតបានទេ បច្ចុប្បន្ននេះខ្ញុំមានអាយុ៣០ ឆ្នាំហើយ។
ខ្ញុំមានបងប្អូន ២ នាក់ស្រីមួយប្រុសមួយជាកូនចៅចិននៅម្ដុំអូរឫស្សី និងជាគ្រួសារអ្នករកស៊ីសឹងគ្រប់គ្នា លើកលែងតែខ្ញុំម្នាក់ដែលជាកូនបងគេ តែបែរជាចូលចិត្តធ្វើអ្វីតាមចំណង់ចំណូលចិត្ត។ ម៉ាក់ប៉ាខ្ញុំគាត់តឹងរ៉ឹងណាស់ ហើយក៏ជាចាស់ទុំកាចណាស់ដែរ។ ដូច្នេះទោះបីខ្ញុំអាយុច្រើន ក៏ពិបាកនឹងមានសង្សារដូចមនុស្សស្រីដទៃដែរ។ ប៉ុន្តែម៉ាក់ប៉ាបែរជាមិនហាមប្អូនប្រុសខ្ញុំ ក្នុងការមានសង្សារឡើយ ព្រោះពួកគាត់តែងមានប្រសាសន៍ថា ប្អូនខ្ញុំជាប្រុសមានសង្សារប៉ុន្មានឡូក៏មិនអីដែរ។ ចំណែកខ្ញុំជាស្រី កុំហិចហើរដូចមេអំបៅ ប្រយ័ត្នសប្បាយក្លាយជាទុក្ខ។
១ឆ្នាំក្រោយមក ប្អូនប្រុសខ្ញុំក៏បានភ្ជាប់ពាក្យជាមួយសង្សាររបស់គេ ហើយចាស់ទុំទាំងសងខាងរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ រំលឹកដល់ថ្ងៃភ្ជាប់ពាក្យប្អូនប្រុសថ្ងៃនោះ ខ្ញុំសឹងតែយកក្បាលជ្រែកទៅដីឲ្យស្លាប់ផុតទេ។ ចាស់ទុំបងប្អូនខាងប៉ាបានសួរនាំឥតឈប់ឈរពីអនាគតរបស់ខ្ញុំ។
មានអ្នកខ្លះគេសួរមែន តែអ្នកខ្លះទៀតសួររបៀបដឺដងផ្លែផ្កា។ ពាក្យសំដីដែលខ្ញុំមិនមិនភ្លេចនោះគឺបងស្រីជីដូនមួយខ្ញុំ បានសួរមកខ្ញុំថា ”ហេតុអ្វីក៏អាពៅបែរជាជិតរៀបការមុនបង? ចំណែកឯងម៉េចមិនរកអ្នកណាម្នាក់រៀបការមុនប្អូនទៅ? នេះជាចាស់ៗប្រកាន់ណាស់ បើប្អូនការមុន ចុះឯងមិននៅព្រៅទៅហើយ? វាអាចខូចដល់ត្រកូលគ្រួសារយើងថែមទៀត ហើយបើឯងដើរទៅណាជួបខ្ញុំ កុំប្រាប់គេថាខ្ញុំជាបងប្អូនឯងឲ្យសោះ ” ។
ខ្ញុំមិនមាត់ឡើយ បានត្រឹមញឹមៗនិងងក់ក្បាលទៅវិញតែប៉ុណ្ណោះ! មិនមែនខ្ញុំឌឺដងអ្វីទេ តែខ្ញុំគ្មានចម្លើយណាល្អមកពន្យល់ពួកគេទេ។ ថាខ្ញុំល្ងង់ក៏បានដែរ ព្រោះខ្ញុំគ្មានភាពក្លាហានប្រឈមមុខជាមួយបងប្អូនខាងប៉ាបន្តិចណាឡើយ។
ខែបុណ្យទានមកស្រុកម្ដងៗបងប្អូនគ្រប់គ្នាគេមិនសូវមាត់ករកខ្ញុំទេ។ ម្នាក់ៗសម្រុកទៅរកតែអាពៅប្អូនខ្ញុំប៉ុណ្ណោះ! អ្នកខ្លះសួរនេះសួរនោះ ចំណែកខ្លះទៀតហុចនំនែករបស់បញ្ញើផ្គាប់ផ្គុនប្អូនខ្ញុំយ៉ាងសម្បើម។ ណាមួយសមនឹងប្អូនខ្ញុំពូកែរកស៊ីចេះតែកាក់កបថែមទៀត អ្នកណាមិនចូលទៅរក។
ឲ្យតែពេលយប់មកដល់ ខ្ញុំតែងតែសំងំក្នុងបន្ទប់ ហើយតែងបន្ទោសខ្លួនឯងថា តើខ្ញុំពិតជាគ្មានសមត្ថភាពរកប្ដីបានមែន? តើខ្ញុំត្រូវនៅបែបនេះឲ្យគេតិះដៀលរហូតមែនទេ? រៀបការ? ជីវិតនៅលីវរបស់ខ្ញុំជាបញ្ហារបស់អ្នកគ្រប់គ្នា ឬយ៉ាងណា? បើមែនខ្ញុំសុំទោស ជាពិសេសគឺម៉ាក់ប៉ាដែលមានកូនចោលម្សៀតដូចខ្ញុំ ដែលមិនអាចរកកូនប្រសាឲ្យម៉ាក់ប៉ាបាន។
ចុងក្រោយខ្ញុំក៏សម្រេចចិត្តចាកចេញពីផ្ទះ ទីកន្លែងធ្លាប់ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំកាលនៅតូច ហើយមកបើកហាងកាហ្វេនៅខេត្តមណ្ឌលគីរី ជាទីស្ងប់សុខទាំងផ្លូវកាយនិងអារម្មណ៍។ ទោះជីវិតមួយនេះគ្មានគូរនឹងគេ ខ្ញុំមិនតូចចិត្តឡើយ ព្រោះនេះជាជីវិតខ្ញុំអ្នករើសខ្លួនឯង។
តែតាមរយៈសំណេរមួយនេះ ខ្ញុំគ្មានអ្វីក្រៅពីផ្ដាំទៅឪពុកម្ដាយគ្រប់គ្នា កុំដាក់សំពាធឲ្យកូនៗដោយរនាំងអាពាហ៍ពិពាហ៍ ព្រោះតែខ្លាចអាម៉ាស់មុខ។ ទោះយ៉ាងណាខ្ញុំនៅតែចង់សុំទោសអ្នកមានគុណទាំងពីរ ដែលចេញមកមិនបានលាអស់ពេលយ៉ាងយូរ។ បើសិនខ្ញុំរកបានបុរសល្អម្នាក់អាចធ្វើជាខ្នងបង្អែកបាន ខ្ញុំនឹងនាំគេទៅជួបម៉ាក់ប៉ាដើម្បីសុំខមាទោស៕
សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ
ចុចអាន៖ រឿងពិត! ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូនរៀបគម្រោងបោកយកដីខ្ញុំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ