Connect with us

KPT+

រឿងនិទាន “បាយថ្ងៃត្រង់ខុងជឺ” បង្កប់ន័យអប់រំមនុស្សស្វែងយល់ការពិត​គ្រប់ជ្រុងជ្រោយមុនវិនិច្ឆ័យ

បានផុស

នៅ

រឿង​ “​បាយ​ថ្ងៃ​ត្រង់​ខុង​ជឺ​” មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​តាំង​ពី​សម័យ​ចិន​បុរាណ​កាល​ពី ​២៥០០ ​ឆ្នាំ​មុន​រហូត​មក​ទល់​បច្ចប្បន្ន​ដែល​បាន​ផ្សព្វ​ផ្សាយ​អប់​រំ​មនុស្ស​ឲ្យចេះ​គិត​គូរ​ពិចារណា​ស្វែង​យល់ឲ្យបាន​ល្អិត​ល្អន់​គ្រប់​ជ្រុង​ជ្រោយ​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​សន្និដ្ឋាន​លើ​ហេតុ​ការណ៍​ណា​មួយ​។

រឿង​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ដំណើរ​ផ្សព្វ​ផ្សាយ​លទ្ធិ​ទស្សន​វិជ្ជា​នៅ​ទូ​ទាំង​ពិភព​ចិ​ន​សម័យ​បុរាណ ដែល​មាន​រយៈ​ពេល​១៣ ​ឆ្នាំ​របស់​ទស្សន​វិទូ​មហា​កំផែង ខុង​ ជឺ ។ រាល់​ពេល​ចេញ​ដំណើរ​ម្តង​ៗ ខុង​ ជឺ តែង​តែ​នាំ​សិស្ស​របស់​លោក​ជា​ច្រើន​នាក់​ទៅ​ជា​មួយ​ ។ ក្នុង​ចំណោម​សិស្ស​ទាំង​អស់​នោះ​មាន​សិស្ស​ ២ នាក់​ជា​សិស្ស​ជំនិត​ដ៏​ទុក​ចិត្ត​បំផុត​របស់​លោក ព្រោះ​តែ​គុណ​ធម៌ និង​ភាព​វាង​វៃ​របស់​ពួក​គេ​ ហើយ​រឿង​នេះ មាន​ដំណើរ​និទាន​ដូច​ត​ទៅ​​៖

កាល​វេលា​មួយ​ ខុង ជឺ ​បាន​ដឹកនាំ​ក្រុម​សិស្ស​ធ្វើ​ដំណើ​រចេញ​ពីន​គរ​ឡូ ឬ​នគរ​ចូវ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ទៅ​កាន់​នគរ​ជិត​ខាង (ចាប់​ពី​ឆ្នាំ​១០០០-២១០០​ មុន​គ្រិស្ត​សករាជ​ប្រទេស​ចិន​ត្រូវ​បាន​បែង​ចែក​ជា​ច្រើន​នគរ​) ហើយ​គាត់​បាន​នាំ​សិស្ស​សំណព្វ​ទាំង​ពីរ​នាក់​មក​ជា​មួយ​គ្នា​ផង​ដែរ​។

ក្នុង​ពេល​ធ្វើ​ដំណើរ​នោះ​សិស្ស​របស់​គាត់​មាន​ការ​ស្រេក​ឃ្លាន​ជា​ខ្លាំង តែ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ត្អូញ​ត្អែរ​នោះ​ទេ​ព្រោះ​ពួក​គេ​មាន​ចិត្ត​អាណិត​គោរព​លោក​​គ្រូ​របស់​ពួក​គេ​។ នៅ​ពេល​ទៅ​ដល់​នគរ​ឈូ​ពួក​គេ​បាន​អស់​ស្បៀង​អាហារ តែ​សំណាង​ល្អ​ដោយ​មាន​អ្នក​ស្រុក​ឈូ​ធ្លាប់​ឮ​ល្បី​ឈ្មោះ​របស់​ ខុង ជឺ ​ពួក​គេ​បាន​បរិច្ចាគ​អង្ករ​បន្តិច​បន្តួច​សម្រាប់ ​ខុង ​ជឺ និង​សិស្ស​របស់​លោក​សម្រាប់​បរិភោគ​។

គាត់​បាន​បែង​ចែក​ការងា​រ​ឲ្យសិស្ស​ជំនិតរ​បស់​គាត់​ពីរ​នាក់​ដោយ​ម្នាក់​នាំ​សិស្ស​ដទៃ​ទៅ​រក​បន្លែ ហើយ​ម្នាក់​ទៀត​នៅ​ដាំ​បាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​សិស្ស​ម្នា​ក់​កំពុង​ដាំ​បាយ ខុង​ ជឺ​ កំពុង​អាន​សៀវភៅ​។ រំពេច​នោះ គាត់​បាន​ឮ​សំឡេង​ចេញ​ពី​កន្លែង​ដាំ​បាយ គាត់​ក៏​ចូល​ទៅ មើល​ស្រាប់​តែ​ឃើញ​កូន​សិស្ស​ជា​ទី​ស្រលាញ់​របស់​គាត់ ដែល​គាត់​ទុក​ចិត្ត​ខ្លាំង​បំផុត​នោះ​កំពុង​តែ​ដួស​បាយ​ហូប​មុន​គេ​មុន​ឯង ក្នុង​កិរិយា​កំពុង​លាក់​លៀម​លួច​មើល​ឆ្វេង​ស្តាំ​។ ខុង ជឺ ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ម្នាក់​នេះ ដែល​លោក​តែង​តែ​ទុក​ចិត្ត​ជាង​គេ​បំផុត​បែរ​ជា​គេ​ហ៊ាន​ក្បត់​នឹង​គ្រូ ក៏​ដូច​ជា​មិត្តភក្តិ​យ៉ាង​នេះ​ទៅ​វិញ​។

ពេល​បាយ​ថ្ងៃ​ត្រង់​ឈាន​មក​ដល់​ប៉ុន្តែ​មុន​ចាប់​ផ្តើម​ហូប​បាយ ខុង ជឺ​ នឹក​ឃើញ​វិធី​មួយ​ដើម្បី​ដេញ​តម្រិះ​សិស្ស​ជើង​ល្អ​របស់​គាត់ ចាំ​មើល​ថា​ព្រម​វាចា​រការ​ពិត​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​ឬ​អត់​?

គិ​ត​ហើយ​ ខុង​ ជឺ ​និយាយ​ថា “គ្រូ​សូម​អរគុណ​សិស្ស​ទាំង​អស់​គ្នា ដែល​បាន​តាម​គ្រូ​មក ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ និងមិ​ន​បាន​រអ៊ូរ​អ្វី​ទាំង​អស់​។ ឆ្លង​កាត់​ពេល​វេលា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ហើយ​ថ្ងៃ​នេះ​គ្រូ​មាន​អារម្មណ៍​ថា​នឹក​ស្រុក​កំណើត​របស់​យើង និង​ឪពុក​ម្តាយ​របស់​គ្រូ​ណាស់​គ្រូ​ចង់​យក​បាយ​មួយ​ចាន​តូច សម្រាប់​សែន​ជូន​វិញ្ញាណ​ក្ខន្ធ​ពួក​គាត់​ប៉ុន្តែ​មិន​ដឹ​ងថា​បាយ​នេះ​ជា​បាយ​ល្អ​បរិសុទ្ធ ឬ​អត់​?​”​។

សិស្ស​គ្រប់​គ្នា​មិន​យល់​ពី​អ្វី​ដែល​លោក​គ្រូ ខុង​ ជឺ ​របស់​ពួក​គេ​និយាយ​នោះ​ទេ ប៉ុន្តែ​រំពេច​នោះ​សិស្ស​ម្នាក់​ដែល​ជា​អ្នក​ដាំ​បាយ​ក៏​បាន​និយាយ​ថា “មិន​អាច​ទេ​លោក​គ្រូ បាយ​ទាំង​នេះ​មិន​ស្អាត​ស្អំ​បរិសុទ្ធ​ឡើយ​ពី​ព្រោះ​ខ្ញុំ​បាន​ហូប​វា​មុន​បាត់​ទៅ​ហើយ​លោក​គ្រូ​”។

ខុង ជឺ

ខុង ជឺ ធ្វើ​ដូច​ជា​ភ្ញាក់​ផ្អើល ហើយ​បន្ត​សួរ​ទៀត​ថា “ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ដូច្នេះ​?” សិស្ស​នោះ​ឆ្លើយ​ថា “នៅ​ពេលខ្ញុំ​កំពុង​ដាំ​បាយ​ស្រាប់​តែ​មាន​ខ្យល់​បក់​កម្ទេច​ធូលី​ហុយ​ចូល​បាយ​ក្នុង​ឆ្នាំង​ធ្វើ​ឲ្យផ្នែក​ខាង​លើ​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី ខ្ញុំ​មិន​ហ៊ាន​ដួស​បាយ​ប្រឡាក់​ដី​នោះ​ចេញ​ទេ​ពី​ព្រោះ​បាយ​កំពុង​មាន​តិច​ស្រាប់​ផង ប្រសិន​បើ​ខ្ញុំ​ដួស​វា​ចេញ​នោះ​ពួក​យើង​នឹង​មិន​អាច​ហូប​ឆ្អែត​គ្រប់​គ្នា​នោះ​ឡើយ​ដូច្នេះ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ហូប​បាយ​ដែល​ប្រឡាក់​ដី​ខាង​លើ​នោះ​មុន​គេ​ទៅ​លោក​គ្រូ”​។

សិស្ស​ដដែល​នោះ​បាន​និយាយ​បន្ត​ទៀត​ថា “ខ្ញុំ​មិ​ន​ហ៊ាន​ប្រាប់​លោក​គ្រូ និង​អ្នក​ទាំង​អស់​គ្នា​ទេ ដោយ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ហូប​បាយ​ដែល​នៅ​សល់​នេះ​ទៀត​ឡើយ​គឺ​ហូប​តែ​បន្លែ​ទៅ​បាន​ហើយ ដើម្បី​ទុក​បាយ​ជូន​លោក​គ្រូ និង​អ្នក​ទាំង​អស់​គ្នា​ពិសា”​។

ខុង ​ជឺ​និង​សិស្ស​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ស្មោះ​ត្រង់​បរិសុទ្ធ​របស់​សិស្ស​ជំនិត​ម្នាក់​នោះ​ហើយ​លោក​ក៏​បាន​ពោល​ថា “ព្រះ​អើយ​ហេតុ​ការណ៍​ដែល​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ​វា​នៅ​តែ​មិន​អាច​ឲ្យខ្ញុំ​យល់​ត្រឹម​ត្រូវ​បាន​ទៀត​ពិត​ជា​គួរ​ឲ្យសោក​ស្តាយ​នូវ​គំនិត​ទុទិ្ទដ្ឋិ​និយម​របស់​ខ្ញុំ​នៅ​មុន​នេះ​ណាស់​”​។​

រឿង​នេះ​បាន​បង្កប់​អត្ថន័យ​ឱ្យ​យើ​ងយល់​ច្បាស់​អំពី​សុភាសិត​របស់​ខុង ជឺ “កុំ​ហ៊ាន​សន្និដ្ឋាន​នូវ​អ្វី​ដែល​អ្នក​គ្រាន់​តែ​ឃើញ តែ​មិន​ទាន់​បាន​ស្វែង​យល់​” ដែល​មុន​នឹង​សម្រេច​ចិត្ត​សន្និដ្ឋាន​លើ​អ្វី​មួយ​នោះ​ចាំ​បាច់​ត្រូវ​តែ​ស្វែង​យល់​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ជា​មុន​សិន ​ចៀស​វាង​ការ​ស្តាយ​ក្រោយ​បង្ក​វិប្បដិសារី​ដល់​ខ្លួន​ឯង ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម