ព័ត៌មានជាតិ
ផ្លែឈើប៉ុន្មានមុខនេះ មានសក្តានុពលល្បីល្បាញជាអត្តសញ្ញាណតំណាងខេត្តទាំង ៧
នៅតាមរាជធានី-ខេត្ត ទាំង ២៥ ក្នុងប្រទេសកម្ពុជា មានផ្លែឈើតំណាងប្រចាំតំបន់ដោយសារតែភាពអំណោយផលជាមួយសក្តានុពលដាំដុះ ព្រមទាំងគុណភាព និងរសជាតិ។ ជាក់ស្តែងខេត្តចំនួន ៧ មានផ្លែឈើជាអត្តសញ្ញាណប្រចាំតំបន់ដែលមានការទទួលស្គាល់ពីមជ្ឍដ្ឋាននានារួមទាំងពលរដ្ឋក្រៅតំបន់ផងដែរ។
កម្ពុជាថ្មីនឹងបង្ហាញផ្លែឈើសំខាន់ៗប្រចាំនៅខេត្តចំនួន ៧ មានដូចជា កំពត(ទុរេន) ប៉ៃលិន (មៀន ឬតាង៉ែន) បាត់ដំបង (ក្រូចពោធិ៍សាត់) មណ្ឌលគិរី (ប័រ) ក្រចេះ (ក្រូចថ្លុងកោះទ្រង់) ស្ទឹងត្រែង (ម្នាស់ទឹកឃ្មុំ) និងកំពង់ស្ពឺ (ស្វាយកែវរមៀត)។
១. ទុរេនកំពត
ខេត្តកំពត គឺជាខេត្តដែលមានភាពល្បីល្បាញជាងគេពីរសជាតិទុរេន។ មិនថាភ្ញៀវទេសចរ ឬពលរដ្ឋដែលរស់នៅខេត្តផ្សេងទេ តែងចូលចិត្តរសជាតិទុរេនកំពត ព្រោះទុរេនកំពតអាចធានាបានទាំងគុណភាព គ្មានជាតិគីមី និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងខេត្តដទៃ។

ជារៀងរាល់ឆ្នាំ នៅពេលរដូវប្រមូលផល ទុរេនកំពតតែងទទួលបានតម្រូវការទីផ្សារខ្លាំងទាំងក្នុងតំបន់ និងតាមបណ្តាខេត្តនានា។ តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពត នៅឆ្នាំ២០២៣ ខេត្តកំពតមានផ្ទៃដីដាំដុះទុរេនប្រមាណ ២,៣៤៥ហិតា។
២. មៀនប៉ៃលិន
ខេត្តប៉ៃលិន ជាខេត្តមួយដែលស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ ខេត្តល្បីល្បាញលើអាជីវកម្មរ៉ែត្បូងនេះ មានអំណោយផលល្អផ្នែកឈើហូបផ្លែ ដូចជា ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេសគឺមៀនប៉ៃលិន ឬតាង៉ែន។

មៀនប៉ៃលិន ឬតាង៉ែន គឺជាផ្លែឈើមួយដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ ហើយបានក្លាយទៅជាផ្លែឈើអាទិភាពរបស់ខេត្ត។ ក្រៅពីខេត្តប៉ៃលិន ក៏បណ្តាខេត្តជាច្រើនដែលមានដាំដុះមៀនប៉ៃលិន ឬតាង៉ែនដូចជាបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។
៣. ក្រូចពោធិ៍សាត់
នៅខេត្តបាត់ដំបង ក្រូចពោធិ៍សាត់មានឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រូចពោធិ៍សាត់បាត់ដំបង តែងទទួលបានការគាំទ្រពីអតិថិជននៅពេលរដូវកាលក្រូចមកដល់ ព្រោះក្រូចពោធិ៍សាត់បាត់ដំបងមានសាច់ពេញល្អជាមួយរសជាតិផ្អែមឆ្ងាញ់។

បើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបងមានជាង ១ ពាន់ហិកតា។ ស្រុកដែលមានផ្ទៃដីដាំដុះដំណាំក្រូចពោធិ៍សាត់ច្រើនជាងគេ គឺនៅស្រុកបរវេលមានជាង ៣៩១ ហិតា ស្រុកសង្កែ មានចំនួន ២៥៥ ហិតា និងនៅស្រុកបាណន់ មានប្រមាណ ១១៧ ហិតា។
៤. ប័រមណ្ឌលគិរី
ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានអំណោយផលបំផុតលើវិស័យកសិកម្ម ដោយសារភូមិសាស្រ្តជាតំបន់ដីក្រហមមានជីវជាតិល្អ។

ផ្លែរប័រមណ្ឌលគិរីត្រូវបានទទួលស្គាល់ថា ជាប័រដែលមានរសជាតិឆ្ងាញ់ និងគុណភាពល្អជាងបណ្តាខេត្តដទៃ ដែលធ្វើឲ្យដំណាំប័រក្លាយទៅជាឈើហូបផ្លែដែលមានអាទិភាពជាងគេក្នុងខេត្តភូមិភាគឦសាននេះ។
៥. ក្រូចថ្លុងកោះទ្រង់
ក្រូចថ្លុងកោះទ្រង់ ជាផ្លែឈើសំខាន់មួយមុខនៅក្នុងខេត្តក្រចេះ រហូតត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រថែមទៀតផង។ ក្រូចថ្លុងកោះទ្រង់ ល្បីដោយសាររសជាតិផ្អែម សាច់ណែនល្អ ហើយដែលមានការដាំដុះច្រើនលើទឹកដីកោះទ្រង់លើផ្ទៃដីរាប់សិបហិតា។

៦. ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង
ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានរសជាតិឆ្ងាញ់ប្លែកខុសពីម្នាស់ក្នុងខេត្តផ្សេងទៀតដែលមានដាំដុះដូចគ្នា។ ដោយសាររសជាតិប្លែក ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងក៏ត្រូវបានផលិតនិងកែច្នៃទៅជាស្រាម្នាស់ទឹកឃ្មុំ និងជាភេសជ្ជៈសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

បច្ចុប្បន្នអាជ្ញាធរក៏បានចងក្រងបង្កើតសហគមន៍ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង សំដៅជួយលើកកម្ពស់ផលិតផល ទាក់ទាញទីផ្សារ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។
៧. ស្វាយកែវរមៀតកំពង់ស្ពឺ
ស្វាយកែវរមៀតខេត្តកំពង់ស្ពឺ បានក្លាយទៅជាដំណាំនាំចេញទៅខាងក្រៅ និងលក់លើទីផ្សារក្នុងស្រុក។ ខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដុះផ្លែស្វាយកែវរមៀតច្រើនជាងគេក្នុងចំណោមបណ្តាខេត្តនានា។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដុះស្វាយកែវរមៀតសរុបប្រមាណជា ៦ ម៉ឺនហិតា។
ក្រៅពីស្វាយ ខេត្តនេះក៏មានលក្ខណៈអំណោយផលល្អលើដំណាំផ្សេងៗទៀត ដូចជា ស្រូវ បន្លែ និងដូងជាដើម៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ