KPT+
លោក យូ សុភា ចែករំលែកគន្លឹះ ១០ចំណុច ដើម្បីក្លាយជាអ្នកនិពន្ធដោយមិនចាំបាច់រៀននៅសាលា
លោក យូ សុភា អ្នកនិពន្ធភាពយន្តដែលសម្រេចបានស្នាដៃជាច្រើន និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ បានចែករំលែកពីកន្លឹះ១០ចំណុច ដើម្បីក្លាយជាអ្នកនិពន្ធដោយខ្លួនឯង មិនចាំបាចចូលសាលារឿននោះទេ។ នេះបើតាមការចែករំលែករបស់លោកតាមរយៈវីដេអូនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

ពិតណាស់ ជំនាញខ្លះមិនចាំបាច់ទាល់តែរៀននៅសាលាទើបអាចចេះ និងចាប់ជាអាជីពបាននោះទេ ពោល គឺរៀនដោយខ្លួនឯង ស្របតាមទេពកោសល្យ និងសេចក្តីស្រឡាញ់ក៏អាចចាប់យកជំនាញនោះសម្រាប់ខ្លួនបានដូចគ្នា។ ចំពោះផ្នែកតែងនិពន្ធវិញ លោក យូ សុភា បានលើកយកគន្លឹះ១០ចំណុច សម្រាប់អ្នកដែលស្រឡាញ់ការតែងនិពន្ធ ចង់ក្លាយជាអ្នកនិពន្ធដែលទទួលបានភាពជោគជ័យ និងអាចអភិវឌ្ឍន៍ ហ្វឹកហ្វឺនសមត្ថភាពដែលអាចនាំឱ្យខ្លួនឯងក្លាយជាអ្នកនិពន្ធដោយមិនចាំបាច់ចូលសាលារៀនក៏បានដែរ។ ១០ចំណុច ដែលលោក យូ សុភា បានណែនាំមានដូចជា៖

១.បណ្តុះការចូលចិត្តអាន និងសរសេរ៖ ការអានមានសារសំខាន់ណាស់សម្រាប់អ្នកនិពន្ធ គឺអានតាមប្រភេទដែលខ្លួនស្រឡាញ់ និងចង់ក្លាយជាអ្នកនិពន្ធប្រភេទនោះ កាលណាអានបានច្រើន នាំឱ្យមានគំនិតបានទូលំទូលាយ។ អ្នកនិពន្ធមិនតម្រូវឱ្យពូកែតែផ្នែកអាននោះទេ តែក៏ត្រូវមានការហ្វឹកហាត់ផ្នែកសរសេរផងដែរ ត្រូវហ្វឹកហាត់ទាំងការអាន និងសរសេរ មិនដូច្នេះទេ មួយជីវិតនេះមិនអាចក្លាយជាអ្នកនិពន្ធបានឡើយ។
២.បណ្តុះទម្លាប់ ពិនិត្យ សង្កេត វិភាគ សំយោគ និងវិនិច្ឆ័យ៖ ដើម្បីឱ្យអ្នកនិពន្ធមានគំនិតសម្បូរបែបក្នុងការតែងនិពន្ធ គឺទាមទារឱ្យមានលក្ខណៈទាំង៤នេះ។ ជាមនុស្សដែលពិនិត្យ សង្កេត វិភាគ សំយោគ និងវិនិច្ឆ័យទៅលើបញ្ហា ដោយមានការបញ្ចូលជាមួយសង្គមជាក់ស្តែង និងសរសេរតាមការពិន្ធ និងសង្កេតរបស់ខ្លួន។ ៣.សរសេររឿងរ៉ាវរបស់ខ្លួនឯង ឬ រឿងអ្នកដទៃឱ្យបាន១ទំព័រ៖ ក្នុងការសរសេរមួយទំព័រនេះ ត្រូវមានផ្តើមរឿង តួរឿង និងបញ្ចប់រឿង ដើម្បីហ្វឹកហាត់សាកល្បងកសាងរឿងតូចមួយចេញពីរឿងផ្ទាល់ខ្លួន ឬ រឿងរបស់នរណាម្នាក់។

៤.សរសេររឿងផ្ទាល់ខ្លួន ឬ អ្នកដទៃឱ្យបាន៥ទំព័រ និងកាន់តែកើនឡើង៖ បន្ទាប់ពីចាប់ផ្តើមការសរសេរចេញពីរឿង១ទំព័រ ដែលមានលក្ខណៈពេញលេញ គឺបន្តដោយការសរសេររឿងផ្ទាល់ខ្លួន ឬ អ្នកដទៃឱ្យបាន៥ទំព័រ ឬ ច្រើនជាងនេះ ដើម្បីអាចឱ្យមានការគំនិត និងពង្រីកសាច់រឿងបានទូលំទូលាយ និងកាន់តែវែងឆ្ងាយជាមុនមួយកម្រិត មុនឈានដល់ការសរសេរខ្នាតវែង។ លោកថា អ្វីក៏ដោយ គឺចាប់ផ្តើមចេញពីដំបូងសិន និងប្រកបដោយភាពពេញលេញ។ ៥. សុំយោបល់ពីអ្នកជំនាញ ដើម្បីកែលម្អ៖ បន្ទាប់ពីសរសេរហើយគួរយកស្នាដៃនោះទៅឱ្យអ្នកជំនាញខាងតែងនិពន្ធ ដើម្បីសុំមតិកែលម្អនូវចំណុចដែលខ្វះខាត គួរឱ្យកែតម្រូវ។ ការធ្វើបែបនេះនឹងទទួលបានដំបូន្មានល្អៗមកវិញ ព្រមទាំងធ្វើឱ្យការសរសេរមានភាពរីកចម្រើនសម្រាប់ថ្ងៃអនាគត។
៦. ចូលរួមប្រកួតស្នាដៃដើម្បីពានរង្វាន់ និងបទពិសោធ៖ ការដាក់ស្នាដៃចូលរួមប្រកួតប្រជែងនេះ នឹងជួយឱ្យមានបទពិសោធកាន់តែច្រើន និងពេញលេញ ហើយបើស្នាដៃនោះជាប់ទៀត ក៏ធ្វើឱ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកស្នាដៃនេះដែរ។ ៧.បោះពុម្ពផ្សាយស្នាដៃលក់លើទីផ្សារ៖ ប្រសិនជាចង់ឱ្យមានកេរ្តិ៍ឈ្មោះក្នុងវិស័យតែងនិពន្ធ គឺទាមទារឱ្យជម្នះគ្រប់ឧបសគ្គដើម្បីបោះពុម្ពលក់នៅលើទីផ្សារ។ ប្រសិនជាមិនបានលក់ស្នាដៃលើទីផ្សារទេ កេរ្តិ៍ឈ្មោះមិនរីកសុសសាយឡើយ ទោះបីមានឱកាសទទួលបានជ័យលាភី និងពានរង្វាន់ជាច្រើនក៏ដោយ។

៨. ទទួលយកមតិកែលម្អពីអ្នកអាន៖ ក្នុងនាមជាអ្នកនិពន្ធត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលយកមតិវិជ្ជមាន និងអវិជ្ជមានរបស់អ្នកអាន។ អ្នកនិពន្ធត្រូវគិតថា មតិរិះគន់របស់អ្នកអានក្នុងន័យស្ថាបនាគឺប្រៀបដូចនឹងកញ្ចក់ដែលឆ្លុះបញ្ចាំងពីកង្វះខាតអ្នកនិពន្ធ និងតម្រូវការអ្នកអានដើម្បីអាចសរសេរតាមតម្រូវការ និងទីផ្សារសង្គម។ ការរិះគន់ក្នុងន័យស្ថាបនាធ្វើឱ្យមានការអភិវឌ្ឍច្រើន។ ៩.ចូលរួមកម្មវិធីទាក់ទងនឹងការតែងនិពន្ធឱ្យបានច្រើន៖ ការចូលរួមកម្មវិធីទាក់តងនឹងការតែងនិពន្ធឱ្យបានច្រើនមានសារសំខាន់ណាស់ អាចពង្រឹងការតែងនិពន្ធបានខ្លាំងឡើងមួយកម្រិតទៀត។ ទទួលបានបទពិសោធផ្សេងៗពីវាគ្មិនដែលចែករំលែកនោះ មកដុះខាត់សមត្ថភាពបន្ថែមទៀត។
១០. ត្រូវមានចំណេះដឹងផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ កាលណាអ្នកនិពន្ធមានចំណេះដឹងផ្នែកសាសនាច្រើន គឺងាយស្រួលក្នុងការបង្កើតបញ្ហា និងដោះស្រាយបញ្ហាសមហេតុផលតាមព្រះពុទ្ធសាសនា ដែលអាចឆ្លើយតបបានទៅនឹងចំណង់ចំណូលចិត្តផ្នត់គំនិតរបស់ប្រជាជនខ្មែរ ព្រោះប្រជាជនខ្មែរភាគច្រើនគោរពបូជាសាសនាព្រះពុទ្ធ។ មួយវិញទៀត អ្នកនិពន្ធក៏មានពន្លឺច្រើនក្នុងការសរសេរ និងដោះស្រាយបញ្ហាប្រកបដោយបញ្ញាដែលងាចទទួលយកបានផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី