ព័ត៌មានជាតិ
ខ្លោងទ្វារបុរាណក្នុងក្រុងបាត់ដំបង មានបារមីអាជ្ញាធរបន្តអភិរក្សការពារ មិនហ៊ានប៉ះពាល់
ខ្លោងទ្វារដំណាក់ហ្លូង ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងមហាជនដឹងថា មានបារមីគ្រប់គ្រងយ៉ាងសក្ដិសិទ្ធិដែលមិនអាចប៉ះពាល់បាន ដែលមានទីតាំងជាប់ចិញ្ចើមផ្លូវអតីតលេខ១០ ស្ថិតក្នុងភូមិដំណាក់ហ្លូង (អតីតភូមិដង្កោទាប) សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់មានជំនឿយ៉ាងមុតមាំថា ជាខ្លោងទ្វារមានបារមីខ្លាំងពូកែសក្ដិសិទ្ធិគ្មានពីរក្នុងខេត្តបាត់ដំបងរហូតដល់អាជ្ញាធរ និងមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ឡើយ បើស្ថិតទោះបីជាស្ថិតក្នុងគម្រោងដែលត្រូវអភិវឌ្ឍន៍ក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/7fe2f27c85e62b317ddcfda4e8eef147-1024x768.jpg)
ប្រជាពលរដ្ឋដែលរស់នៅក្បែរខ្លោងទ្វារស្ថិតនៅចំណុចខាងលើនេះ បានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យ «កម្ពុជាថ្មី» ដឹងថា ការបែកធ្លាយរឿងខ្លោងទ្វារខាងលើនេះ ខណៈដែលជាង ១០ឆ្នាំមុន អាជ្ញាធរខេត្តនិងមន្ត្រីជំនាញបានធ្វើការអភិវឌ្ឍន៍លើគម្រោងពង្រីកផ្លូវឲ្យទៅជាផ្លូវភ្លោះ ហើយខ្លោងទ្វារមួយនេះស្ថិតក្នុងគម្រោង ទើបតម្រូវឲ្យធ្វើការឈួសឆាយ តែត្រូវបានរាំងស្ទះដោយខ្លោងទ្វារនេះ បានបង្ហាញមហិទ្ធិឫទ្ធិដ៏អស្ចារ្យ ទើបអាជ្ញាធរខេត្តបញ្ឈប់ការប៉ះពាល់រហូតដល់សព្វថ្ងៃ។
ប្រភពដដែលបន្តថា «កាលគ្រានោះ ក្នុងអំឡុងឆ្នាំ២០១៥ គ្រប់គ្រងជាអភិបាលខេត្តដោយលោក ចាន់ សុផល ហើយបានឲ្យក្រុមហ៊ុនឯកជនមួយដែលទទួលសាងសង់ផ្លូវឲ្យគ្រឿងចក្រមកឈួសឆាយកម្ទេចរបង និងខ្លោងទ្វារដើម្បីពង្រីកផ្លូវ ខណៈដែលរបងត្រូវបានឈួសឆាយរួចរាល់នៅតែខ្លោងទ្វារ រងចាំឈួសឆាយកម្ទេចតាមក្រោយ តែគ្រាន់តែបានប៉ះពាល់ខូចខាតបន្តិច គ្រឿងចក្រត្រូវខូចអត់ដំណើរការ ហើយបន្ថែមគ្រឿងចក្ររហូតដល់ ២ គ្រឿងថែមទៀត ក៏ខូចដូចគ្នា ហើយបានឮដំណឹងនេះ ភ្លាមៗនោះ លោក ចាន់ សុផល ក៏មកពិនិត្យ ហើយឲ្យបញ្ឈប់ការឈួសឆាយតែម្តង»។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/KN59.jpg)
ប្រភពបន្តថា មិនបានប៉ុន្មានថ្ងៃផងស្រាប់តែអ្នកបញ្ជាគ្រឿងចក្រទី១ ដែលធ្វើឲ្យបែកបាក់ខ្លោងទ្វារបន្តិចបន្តួចបានឈឺស្លាប់ទើបមានការភ្ញាក់ផ្អើលតែម្តង។ ដោយឡែកខ្លោងទ្វារដ៏ចំណាស់មួយនេះ បានបន្សល់តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ហើយកាលពីដើមទីតាំងនេះ គឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួង។
ក្រោយមក ដោយសារតែមានការផ្លាស់ប្តូរទីតាំងដំណាក់របស់ក្សត្រក្រោយៗ ទើបទីតាំងខាងលើនេះបានកែប្រែទៅជាមន្ទីរពេទ្យព ២ (មន្ទីរពេទ្យយោធា) ដោយការសាងសង់បានធ្វើជារបងថ្មី និងបានតភ្ជាប់ជាមួយនឹងខ្លោងទ្វារនោះតែម្ដង តែមិនបានបើកទ្វារដែកនោះឲ្យដំណើរការនោះទេ ដោយបានបិទចោលរហូត ហើយមន្ទីរពេទ្យត្រូវធ្វើខ្លោងទ្វារថ្មី សម្រាប់ឲ្យបុគ្គលិក និងអ្នកជំងឺចេញចូលជំនួសវិញ។
លោក ចាស់ព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ធ បានប្រាប់ថា «ចំណែកស្រះដ៏ធំដែលមានឈ្មោះថា ស្រះដំណាក់ហ្លួងនោះក៏ត្រូវបានចាក់ដីលុបជាបណ្តើរៗព្រមទាំងបានប្រែក្លាយទៅជាភូមិដំណាក់ហ្លួងរហូតមកទល់នឹងសព្វថ្ងៃនេះ»។
នៅក្នុងអំឡុងឆ្នាំ២០១៥ អាជ្ញាធរខេត្តបានកំណត់ពង្រីកផ្លូវអតីតផ្លូវជាតិលេខ១០ ធ្វើជាផ្លូវភ្លោះដោយតម្រូវឲ្យមន្ទីរ សាធារណការចាត់ចែងការងារពង្រីកផ្លូវឲ្យធំទូលាយ ប៉ុន្តែការពង្រីកនេះបានប៉ះពាល់ដល់របងមន្ទីរពេទ្យនេះទាំងស្រុង ទើបខាងមន្ទីរពេទ្យបានរំកិលរបងថយក្រោយតាមការសំណូមពរពីអាជ្ញាធរខេត្ត។ ដោយឡែកខ្លោងទ្វារដែលត្រូវបានគេចាត់ទុកថាមានបារមីខ្លាំងពូកែនោះ គឺមិនមាននរណាម្នាក់ហ៊ានទៅវាយរំលាយចោលនោះទេ។ បច្ចុប្បន្នខ្លោងទ្វារនេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តរក្សាទុកនៅលើទ្រូងផ្លូវតែម្ដងមិនហ៊ានប៉ះពាល់ឡើយ ដោយសារតែខ្លោងទ្វារនេះ មានបារមី និងមហិទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធិខ្លាំងពេក។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Screenshot_20240518_124243.jpg)
ជាអតីតយោធាក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ លោក សុខ ចាន់ អាយុ ៥៥ ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយផ្ទះលោកនៅចម្ងាយពីខ្លោងទ្វារដំណាក់ហ្លួងនេះប្រមាណ១០០ ម៉ែត្រប៉ុណ្ណោះ បច្ចុប្បន្នលោកជាអ្នកមើលថែ និងបោសសំអាតនៅទីតាំងខ្លោងទ្វារ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋជិតឆ្ងាយមកបន់ស្រន់សុំក្តីសុខ និងក្តីបំណងដែលប្រាថ្នាចង់បាន។
បើតាមលោកយល់ឃើញថា ខ្លោងទ្វារនេះពិតជាមានបារមីសក្ដិសិទ្ធិដូចការលើកឡើងខាងលើនេះមែន សូម្បីតែអ្នកមកបន់ស្រន់ក៏បានប្រាប់លោកច្រើនណាស់ដែរ អំពីការបន់របស់ពួកគាត់ តែងបានសម្រេចដូចបំណងដែលពួកគាត់បានបន់ស្រន់ តែរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងប្រវត្តិខ្លោងទ្វារនេះលោកមិនបានដឹងច្បាស់ទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/FB_IMG_1716087609199.jpg)
ទន្ទឹមនេះ បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត លោក គឹម សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ជុំវិញប្រវត្តិខ្លោងទ្វារនេះ លោកក៏មិនសូវដឹងច្បាស់ដែរ តែបើយោងតាមរយៈឯកសារខ្លះៗដែលលោកបានដឹង ខ្លោងទ្វារដំណាក់ហ្លួងនេះ សាងសង់ក្នុងចន្លោះឆ្នាំ១៩២៨ ដល់អំឡុង ឆ្នាំ១៩៤០ ឬលើសពីនេះបន្តិចបន្តួចក្នុងរជ្ជកាលព្រះបាទព្រះមុនីវង្ស។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/KN60.jpg)
លោកបន្តថា «ខ្ញុំជឿដែរ ព្រោះកាលមុនអំឡុងពេលរៀបចំគម្រោងសាងសង់ពង្រីកផ្លូវថ្មីៗកន្លងទៅនេះ អាជ្ញាធរមន្ត្រីជំនាញ និងខាងមន្ទីរធម្មការខេត្ត បានពិភាក្សាគ្នាដើម្បីធ្វើពិធីរំកិលខ្លោងទ្វារចេញពីទីតាំងចាស់ តែមិនទាន់ធ្វើពិធីនោះផង ស្រាប់តែមានបញ្ហាកើតឡើងស្ដែងៗតែម្ដង។ ពេលនេះយើងបានសម្រេចធ្វើផ្លូវវាងជុំវិញ និងរៀបចំធ្វើសួនច្បារទីតាំងខ្លោងទ្វារនេះហើយ»៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?