Connect with us

KPT+

ចិត្តសាស្ត្រ​លើក​ទឹកចិត្ត​បុគ្គលិក​តាម​ភោជនីយដ្ឋាន ​យក​បេះដូង​ទៅ​ធ្វើការ

បានផុស

នៅ

មាន​ម្ចាស់​ភោជនីយដ្ឋាន​ច្រើន​នាក់​ណាស់​បើក​ដំណើរ​ការ​អាជីវកម្ម ដោយ​មិន​ដឹង​ពី​សារៈសំខាន់​នៃ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិការ​ភោជនីយដ្ឋាន​របស់ខ្លួនឡើយ។ មិន​ថា​ម្ហូប​អាហារ​នៅ​ហាង​របស់​ពួកគេ​ឆ្ងាញ់​ប៉ុណ្ណា ឬមាន​ទីតាំងល្អប៉ុណ្ណាក៏ដោយ បើ​បុគ្គលិក​មិន​មាន​ភាព​រាក់ទាក់​ដាក់​ភ្ញៀវ និងគ្មានស្មារតីបម្រើសេវាកម្ម នោះអតិថិជននឹងមិនចង់ត្រឡប់​មកហាងម្តង​ទៀតទេ។ ហេតុនេះ ការ​យល់ដឹងពីចិត្តសាស្រ្ត​លើកទឹកចិត្តបុគ្គលិក​ឲ្យ​ខំ​ធ្វើការ​ជា​រឿង​សំខាន់​ដែល​គ្រប់​ភោជនីយដ្ឋានត្រូវតែចេះ។

បង្ហាញ​ឥរិយាបថ​គំរូ​ឲ្យ​បុគ្គលិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មួយ ចង់​ឬ​មិន​ចង់​ឲ្យ​បុគ្គលិក​ធ្វើ​តាម ក៏​ពួកគេ​ចាំ​ចម្លង​សកម្មភាព​របស់​យើងដែរ។ បើយើងមានមុខក្រញែក្រញ៉ូវ ឬ​ខឹងសម្បា ហើយ​ឡូឡាដាក់គេ​ដាក់​ឯង ប្រាកដ​ណាស់​បុគ្គលិក​នឹង​បម្រើសេវាកម្មដល់អតិថិជនតាមរបៀបដូចគ្នា! ប៉ុន្តែបើ​យើង​មាន​ទឹកមុខ​ញញឹមស្រស់ថ្លា និង​មាន​ឥរិយាបទ​ល្អ វានឹង​នាំឲ្យ​បុគ្គលិក​យក​ជា​គំរូ​តាម​ដូចគ្នា​ដែរ។

កុំ​ដាក់​កំហុស​លើ​បុគ្គលិក​ទទួល​ភ្ញៀវ

បុគ្គលិក​ទទួល​ភ្ញៀ​វគឺ​ជា​បុគ្គលិក​ជួរមុខនៃភោជនីយដ្ឋាន ពេលខ្លះ​ពួកគេ​ត្រូវប្រឈមមុខ​ជាមួយ​ភ្ញៀវ​ដែល​មិនសប្បាយចិត្ត ទោះបី​បញ្ហា​នោះ​នៅ​ក្រៅ​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​ក៏ដោយ។ ក្នុងករណីមានកំហុសក្រៅការទទួលខុសត្រូវរបស់បុគ្គលិកទទួលភ្ញៀវ ឬ​មាន​ភ្ញៀវ​ស្ដី​ឲ្យ ឬ​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យដាក់ពួកគេ យើង​គួរផ្តល់​ជា​អាហារ​ពិសេស​ក្នុង​ហាង​ហ្វ្រី​លើកទឹកចិត្ត​ដល់​បុគ្គលិក​នោះ។

បង្ហាញ​ការ​គោរព​ដល់​បុគ្គលិក​ទាំងអស់

នៅក្នុង​ភោជនីយដ្ឋានតែងមានច្បាប់ទម្លាប់ និងឋានៈខុសៗគ្នា ប៉ុន្តែ​មនុស្សគ្រប់គ្នា​ដែលជា​បុគ្គលិក​គឺ​ជា​អ្នកដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មដំណើរការទៅរួចជាប្រចាំថ្ងៃ និង​ជា​អ្នក​ដែល​រួមគ្នា​បង្កើត​ភាព​ជោគជ័យ​ដល់​ភោជនីយដ្ឋានទាំងមូល។ យើងត្រូវធ្វើឲ្យប្រាកដថា ខ្លួនផ្តល់​ការ​គោរព​ឲ្យ​តម្លៃ​ទៅ​ដល់​បុគ្គលិក​ក្រោម​បង្គាប់គ្រប់គ្នា ដោយ​មិន​លម្អៀង​ទៅ​ខាងណាឡើយ។

លើកទឹកចិត្ត​ឲ្យ​មាន​បរិយាកាស​រីករាយ​ខ្លះ

ជា​ទូទៅ​ដំណើរការ​អាជីវកម្ម​មួយ គឺត្រូវការភាពម៉ត់ចត់ច្បាស់លាស់ និងមានការទទួលខុស​ត្រូវ​ខ្ពស់ ប៉ុន្តែ​មិនមែន​មានន័យថា យើងមិនគួរបង្កើតការសប្បាយខ្លះនៅកន្លែងការងារឡើយ។ ក្នុង​នាម​ជាអ្នកគ្រប់គ្រង គួរធ្វើអ្វីម៉្យាងនៅពេលឃើញបុគ្គលិកនឿយហត់នឹងការងារ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​នៅ​កន្លែង​ការងារ​និង​លើកទឹកចិត្តឲ្យបុគ្គលិកមានឥរិយាបទល្អ ទោះបី​ជា​ពួកគេ​ហត់អស់កម្លាំងក្នុងការធ្វើការក៏ដោយ។

សុំ​គំនិត​យោបល់​ពី​បុគ្គលិក

ស្នើសុំ​មតិកែលម្អពីបុគ្គលិក ដើម្បី​ស្វែងរក​វិធីធ្វើយ៉ាងណា​បង្កើនការ​លូតលាស់នៃភោជនីយដ្ឋាន។ ពួកគេអាចនឹងមានគំនិតកែប្រែមុខម្ហូប  ការបង្កើត​កម្មវិធី​ប្រូម៉ូសិន ឬច្បាប់​ទម្លាប់ផ្សេងៗក្នុង​ភោជនីយដ្ឋាន​ឲ្យកាន់តែប្រសើរ។ យើង​អាចបង្កើត​ប្រអប់​មួយ​សម្រាប់​បុគ្គលិកដើម្បីសរសេរមតិកែលម្អដោយមិនបញ្ចេញឈ្មោះបាន។ ការ​ធ្វើ​របៀប​នេះ វានឹងធ្វើឲ្យពួកគេយល់ថាពួកគេជាផ្នែកមួយនៃម្ចាស់ភោជនីយដ្ឋាន នៅ​ពេល​យើង​ធ្វើ​តាម​មតិ​របស់​ពួកគេ។

ផ្តល់​រង្វាន់​ដល់​បុគ្គលិក

បុគ្គលិកមួយចំនួនយល់ថាអ្នកគ្រប់គ្រង ឬចៅហ្វាយនាយ មិនបានផ្តល់​ការ​គាំពារ ឬ​ការ​លើក​ទឹកចិត្ត​ដល់​បុគ្គលិក ឬយល់ថាខ្លួនខិតខំធ្វើការខ្លាំងដែរ ប៉ុន្តែ​មិនទទួលបាន​ការ​លើកទឹកចិត្តទាល់តែ​សោះ។ ដូច្នេះ​ការបង្កើន​ការលើកទឹកចិត្ត​ដល់​បុគ្គលិកក្នុងភោជនីយដ្ឋានជា​រឿងសំខាន់មួយ និងចុងក្រោយ កុំភ្លេច​និយាយ​ពាក្យ​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ក្នុង​ការ​ចូលរួម​លើកស្ទួយ​ភោជនីយដ្ឋាន ជា​ពិសេស​នៅ​ក្នុង​ពិធី​ជប់លៀង​បំណាច់ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ

ចុចអាន៖បើ​អ្នក​មាន​អារម្មណ៍​ទាំង​នេះ លា​ឈប់​ថ្ងៃ​នេះ ជា​រឿង​ត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម