KPT+
ធ្វើដូចម្ដេចអាចរស់នៅជុំគ្នា បើប្ដីប្រពន្ធនិយាយគ្នាត្រឹម ៥ នាទី ដឹងតែខ្វែងគំនិតគ្នា?
ពិតណាស់ ពាក្យចាស់លោកពោលថា “ចានក្នុងរាវគង់រណ្ដំ” បើទោះបីជា ប្ដីប្រពន្ធដែលបានតស៊ូស្មោះស្ម័គ្រប្ដូរផ្ដាច់គ្នារាប់ឆ្នាំ ទម្រាំបានរៀបការជាមួយគ្នាក្ដី ក៏គង់មានថ្ងៃមានទំនាស់ពាក្យសម្ដី ឬចិត្តគំនិតគ្នា ដែលអាចកើតជាសម្ដីតូចធំ ឬឈានដល់ចេញកាយវិការមិនគប្បីដាក់គ្នាទៀតក៏មាន។ ចុះបើប្ដីប្រពន្ធនិយាយគ្នាត្រឹម ៥ នាទី ដឹងតែខ្វែងគំនិតគ្នា តើធ្វើដូចម្ដេចដើម្បីអាចរួមរស់នៅជុំគ្នាបាន ជាពិសេសខណៈមានកូនៗនៅក្បែរជុំជិតទៀតនោះ?

អ្នកស្រី ប៊ុន ចាន់និមល នាយិកាប្រតិបត្តិ ផលិតកម្ម សាស្ត្រាហ្វៀម មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ជាធម្មតា ទំនាក់ទំនងគូស្រករ ឬជីវិតគូ អាចកើតឡើង ពោលគឺអត់អាចអត់ប៉ះគ្នាសោះទេ ទៅតាមមូលហេតុ ឬរបៀបផ្សេងៗ នៃការប៉ះ ដែលសំខាន់ដៃគូស្វាមីភរិយាគួររកជ្រើសរើស និងកំណត់កម្រិត នៃការប៉ះទង្គិចនោះ។

អ្នកស្រី ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា៖ “រាល់ពេលដែលខ្ញុំមានអារម្មណ៍ថា ពួកយើងអាចនឹងប៉ះទង្គិចពាក្យសម្តីគ្នានៅពេលបន្តិចទៀត ពួកយើងចាប់ផ្ដើមថយ។ នៅពេលយើងជជែកគ្នា ខ្ញុំតែងនិយាយលេងជាមួយស្វាមីខ្ញុំថា ពួកយើងអត់អាចនិយាយជាមួយគ្នា ១ ប្រធានបទ លើសពី ៥នាទី ទេ ព្រោះមូលហេតុនៅពេលយើងចាប់ផ្តើមនិយាយគ្នាចូលដល់នាទី ទី៤ ប៉ិច យើងសង្កេតឃើញចាប់ផ្ដើមមានគំនិតខ្វែងគ្នាកើតឡើង ពួកយើងចាប់ផ្ដើមបន្ថយ ហើយឈប់និយាយ ប្ដូរប្រធានបទ ព្រោះមូលហេតុយើងអត់ចង់ឱ្យទំនាស់កើតឡើង”។

នាយិកាផលិតកម្ម សាស្ត្រាហ្វៀម ខាងលើ មានប្រសាសន៍បន្តថា រឿងប៉ះទង្គិចគ្នាជាមួយស្វាមី បើអ្នកស្រីអត់សប្បាយចិត្តនឹងគ្នា ទោះនៅផ្ទះជាមួយគ្នាក៏ដោយ ក៏អ្នកស្រីសុខចិត្តផ្ញើសារទូរសព្ទប្រាប់ស្វាមី សូម្បីតែនៅក្នុងបន្ទប់ជាមួយគ្នាក្ដី ព្រោះក្នុងបន្ទប់មានកូនចេញចូលលេង។
អ្នកស្រី ប៊ុន ចាន់និមល លើកឡើងបន្តថា៖ “ហើយបើគាត់អត់បានចូលអានសារខ្ញុំ ទោះនៅទល់មុខគ្នា ក៏ខ្ញុំទូរសព្ទទៅគាត់ ប្រាប់គាត់ថា មើលសារៗ ព្រោះខ្ញុំកំពុងសរសេរប្រាប់អ្វីដែលខ្ញុំអត់សប្បាយចិត្តដែលគាត់ធ្វើអ៊ីចឹង។ យើងពិភាក្សាគ្នាភាសាអត់សំឡេង។ អ៊ីចឹង កូនខ្ញុំ អ្នកផ្ទះខ្ញុំក៏អត់ដឹងថា ពួកយើងមានបញ្ហានឹងគ្នាអីដែរ ហើយយើងបានដោះស្រាយជាមួយគ្នាយ៉ាងស្ងប់ស្ងាត់។ ទី១ យើងអត់មានឱកាសដំឡើងសំឡេងដាក់គ្នា ទី២ យើងអត់ប្រកាស ឬបង្ហាញឱ្យអ្នកណាដឹងបញ្ហានោះទេ”។

អ្នកស្រី ប៊ុន ចាន់និមល រំលឹកហេតុការណ៍ជាក់ស្ដែងថា នៅពេលមួយ ពេលគ្រួសារអ្នកស្រីជិះឡានជុំគ្នា ហើយកូនបានធ្វើឱ្យរបស់មួយរបស់ប៉ាកំពប់ ហើយប៉ាខឹង បានបញ្ចេញកាយវិការដែលគាត់មិនដែលបញ្ចេញថា គាត់ខឹងកូន។ ពេលនោះកូនបានអើតមើលមុខប៉ា ហើយនិយាយថា៖ “អាហ្នឹងវាខូច តែយើងអាចជួសជុលបានវិញប៉ា ប៉ាចាំបាច់ខឹងធ្វើអី ប៉ានិយាយធម្មតាក៏បាន”។ តាំងពីពេលនោះមក អ្នកស្រី និងស្វាមីកាន់តែប្រយ័ត្ន ហើយយល់ថា ក្មេងងាយនឹងចាប់បានពីមនុស្សចាស់ណាស់។ ពេលមានបញ្ហាត្រូវដោះស្រាយអ្វីពេលមកដល់ផ្ទះ ប្ដីប្រពន្ធអ្នកស្រីតែងនិយាយថា ម៉ោងរបស់គ្រួសារ គឺតែងព្យាយាមសម្របសម្រួល លេងជាមួយកូន ចំណាយពេលជាមួយកូនៗ។

អ្នកស្រី ប៊ុន ចាន់និមល បញ្ជាក់ថា៖ “ខ្ញុំជម្រាបអ៊ីចឹង នេះវិធីសាស្ត្រផ្ទាល់ខ្លួនខ្ញុំ រាល់ពេលដែលខ្ញុំមានអារម្មណ៍ថា យើងអាចនឹងមានកម្ដៅ ភ្នំភ្លើង ពាក្យសម្ដីអីជាដើម ខ្ញុំចាប់ផ្ដើមបន្ថយ ប្ដូរប្រធានបទ ឈប់និយាយរឿងហ្នឹង។ បើយើងនិយាយទៅវាវាប៉ះគ្នា អ៊ីចឹងយើងប្ដូរជាបបួលគ្នាទៅដើរហាត់ប្រាណ ឬយើងទៅធ្វើអី ឬយើងផ្ញើសារប្រាប់គ្នា ប្រាប់ថា កុំបន្តនិយាយរឿងហ្នឹង តែមួយម៉ោងក្រោយ យើងភ្លេចហើយ។ ម្នាក់ៗចាប់ផ្ដើមរកនឹក តើគួររកវិធីនិយាយអីឱ្យល្អជាងមុន”។

ពិតណាស់ សូម្បី អណ្ដាត និងធ្មេញ របស់យើង ក្នុងមាត់យើងខ្លួនឯង ក៏មានប៉ះទង្គិចគ្នា ចុះទម្រាំមនុស្សផ្សេងគ្នា ចេញពីប្រភព ឬគ្រួសារផ្សេងគ្នា រស់នៅក្នុងមជ្ឈដ្ឋាន ទទួលការអប់រំផ្សេងគ្នា ច្បាស់ជា មានការទាស់ចិត្តគ្នាពុំខាន។ សំខាន់ យើងមានគោលដៅ ឆន្ទះរួម គឺមិនឈ្លោះទាស់ទែង ឬបែកបាក់គ្នា ដើម្បីរក្សាការចាប់ផ្ដើមចាប់ដៃគ្នាដំបូង ពិសេសដើម្បីកូន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ