ព័ត៌មានជាតិ
ផ្លូវទៅស្រះដំរីលើខ្នងភ្នំគូលែន ចាប់ផ្តើមឈូសឆាយសម្រួល សហគមន៍រំពឹងនឹងទាក់ទាញទេសចរថែមទៀត
ផ្លូវលំទៅស្រះដំរី កំពុងត្រូវបានឈូសឆាយដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរទៅកម្សាន្តនៅទីបុរាណស្ថានដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់។
លោក គង់ វ៉ារ៉ុង ប្រធានការិយាល័យ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនបានឲ្យកម្ពុជាថ្មីដឹងថា ក្រោយទទួលបានការណែនាំពីសម្តេចធិបតីនាយករដ្ឋមន្រ្តី កងវិស្វកម្មបានកំពុងឈូសសម្រួលផ្លូវឆ្ពោះទៅស្រះដំរី ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ទាក់ទាញលើខ្នងភ្នំគូលែន។


កន្លងទៅភ្ញៀវទេសចរមួយចំនួនបានទៅកម្សាន្តនៅទីបុរាណស្ថានស្រះដំរី ប៉ុន្តែស្ថានភាពផ្លូវពិបាកធ្វើដំណើរទៅដល់។ តាមការណែនាំពីសម្តេចធិបតី លោក គង់ វ៉ារ៉ុង បានឲ្យដឹងថា កងវិស្វកម្មបានកំពុងឈូសសម្រួល ដើម្បីបង្កភាពងាយស្រួលដល់ទេសចរទៅទស្សនា ប៉ុន្តែនៅរក្សាទម្រង់ដើមគ្រាន់តែធ្វើយ៉ាងណាឲ្យការធ្វើដំណើរងាយស្រួលជាងមុន។
ផ្លូវទៅតំបន់ទេសចរណ៍ស្រះដំរី ដែលកងវិស្វកម្មចាប់ផ្តើមឈូសកែលម្អឡើងវិញមានប្រវែងជាង ៦ គីឡូម៉ែត្រ ចាប់ចេញសហគមន៍អន្លង់ធំ។ បើតាមលោក គង់ វ៉ារ៉ុង តាមរយៈការកែលម្អផ្លូវនេះ នឹងជំរុញភ្ញៀវទេសចរទៅទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនេះថែមទៀត ដែលទេសចរមិនអាចរំលងបានពេលមកកម្សាន្តនៅឧទ្យានជាតិភ្នំគូលែន។

ក្នុងឱកាសចុះជួបសំណេះសំណាលពលរដ្ឋនៅសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងផ្លូវសម្រាប់អ្នកទេសចរធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦ គីឡូម៉ែត្រ ខណៈដែលការជួសជុលនេះសម្តេចបានណែនាំត្រូវឈរគោលការណ៍ថែរក្សាសណ្ឋានផ្លូវដេីម ដោយមិនធ្វើឱ្យមានការប៉ះពាល់គុណតម្លៃវប្បធម៌របស់ជាតិ ពិសេសក៏ត្រូវមានការឯកភាពពីតំណាងសហគមន៍ផងដែរ។
បើតាមអាជ្ញាធរ នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានគោលដៅទេសចរសរុបចំនួន ៨៥ កន្លែង ដែលមានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ។


ក្នុងចំណោមទីតាំងទេសចរណ៍នៅលើភ្នំគូលែន «ស្រះដំរី» ជាទីតាំងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ដែលមានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ទីនោះស្រស់ស្អាតហួសពីការស្មាន ដែលមានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា «ឥន្រ្ទតបតិសិហ» រួមមានស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏មានស្រះទឹកមួយទៀត ដែលអ្នកស្រុកហៅថា «ស្រះដំរី»។
ស្រះដំរីជាឈ្មោះដែលពលរដ្ឋក្នុងមូលដ្ឋានហៅដោយសារមានរូបដំរីធំមួយ និងនៅពីមុខនោះមានស្រះទឹក។
អ្នកទេសចរពេលទៅទស្សនានៅស្រះដំរី ក្រៅពីសិក្សាពីប្រវត្តិសាស្រ្តពីរមណីយដ្ឋានបុរាណនេះ ក៏អាចសម្រាកលំហែនៅទីនោះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពពីលើទីខ្ពស់ថែមទៀតផង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ