ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ដោយសារតែអភិបាលកិច្ចនៅកន្លែងមួយចំនួនមិនបានត្រឹមត្រូវ ទើបធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងបែបនេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសាតែការមកដល់នៃជំងឺកូវីដ-១៩ បម្លែងភេទថ្មីលឿនពេក និងអភិបាលកិច្ចនៅកន្លែងមួយចំនួនមិនបានត្រឹមត្រូវ ទើបនាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួននៃអ្នកឆ្លងកើនឡើងបែបនេះ។
ប្រសាសន៍បែបនេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងតាមរយៈសារពិសេស ដែលសម្តេចថ្លែងទៅកាន់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចលើកឡើងថា សម្រាប់ជំងឺកូវីដ-១៩ ដែលហៅថាព្រឹត្តិការណ៍២០ កុម្ភៈ នោះ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថា ជំងឺបម្លែងភេទ ហើយនិងអភិបាលកិច្ចនៅកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ បាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ក្នុងប្រទេសរបស់យើងមានអ្នកជំងឺត្រឹមតែប្រមាណជាង៥០០ នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្នកជំងឺរបស់យើងមានរហូតដល់៤០៨០ អ្នក។ ក្នុងនោះពីម្សិលមិញអ្នកជំងឺបានឆ្លង៥៧៦នាក់ ហើយថ្ងៃនេះឆ្លង៤៨៣ នាក់ថែមទៀត។ សម្ដេចបានបន្តថា ពីមុនយើងកម្រណាស់ ដែលយើងនិយាយពាក្យថា “រាប់សិប” គឺមាន១ មាន២ មាន៣ មាន៤ មាន៥ ឬជាង១០នាក់ប៉ុណ្ណោះ ប៉ុន្តែចាប់ពីព្រឹត្តិការណ៍២០ កុម្ភៈ មក ពាក្យថា “រាប់សិប” គឺមានជារៀងរាល់ថ្ងៃ សម្រាប់ពីរថ្ងៃនេះ យើងនិយាយបានថា ឆ្លង “រាប់រយ” ដែលជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់ប្រទេសកម្ពុជា។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅប្រទេសជិតខាងរបស់យើងគ្រប់គ្រងបានយ៉ាងល្អ ដូចជាប្រទេសវៀតណាម និងថៃជាដើម។ សម្ដេចបានបន្តថា សម្រាប់ប្រទេសកម្ពុជាជំងឺកូវីដ-១៩ បានវាយប្រហារចំទីក្រុងភ្នំពេញតែម្ដង រួមទាំងខេត្តព្រះសីហនុ ឯនៅខេត្តផ្សេងៗមានតិចតួចប៉ុណ្ណោះ តែការវាយប្រហារធ្ងន់ធ្ងរ គឺភ្នំពេញ។ ដោយគ្រាន់តែរោងចក្រមួយឈ្មោះ ឌីន ហាន មានអ្នកឆ្លងរហូត៦៣៨ នាក់ ផ្សារអូរឫស្សី ក៏មានអ្នកឆ្លងច្រើនផងដែរ។
នៅក្នុងស្ថានភាពបែបនេះ តម្រូវឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ប្រកាន់យកនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ។ ក្នុងនោះសម្ដេចក៏បានចេញសេចក្តីសម្រេចមួយ ហាមឃាត់នូវការធ្វើដំណើរ នឹងបិទរមណីយដ្ឋាននៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សម្ដេចតេជោបញ្ជាក់ថា វិធានការការកាត់ផ្ដាច់ការធ្វើដំណើររយៈពេល១៤ថ្ងៃនេះ ប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ តែនឹងពិនិត្យមើលបន្តទៀត ហើយដើម្បីទប់ទល់បញ្ហានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជាសាលារាជធានីភ្នំពេញជាដើម ក៏បានបិទតំបន់មួយចំនួនផងដែរ ហើយយប់មិញ ក៏បានឈានដល់បិទផ្នែកខ្លះនៃដែនដីថែមទៀត។ ចំពោះបញ្ហានេះ នៅខេត្តមួយចំនួន ក៏បានបិទ នឹងបន្តបិទដូចគ្នានេះដែរ ដើម្បីទប់ស្កាត់ការរីករាលដាល៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?