Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការបដិសេធសំណើជាវស្លាកលេខ “កម្ពុជា 1979.I.7”

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបដិសេធទៅនឹងសំណើសុំចុះបញ្ជីពិសេសផ្ទាល់ខ្លួន “កម្ពុជា 1979.I.7” របស់ឈ្មោះ កូវ ស្រ៊ុនឆាយ ដោយសារស្លាកនេះស្រដៀងគ្នានឹងលេខដែលបានចុះបញ្ជីរួចរាល់ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមេសានេះ បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានពិនិត្យឃើញថា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន “កម្ពុជា 1979.I.7” ដែលស្នើសុំដោយឈ្មោះ កូវ ស្រ៊ុនឆាយ នេះមានលក្ខណៈស្រដៀងនឹងលេខដែលធ្លាប់បានចុះបញ្ជីរួច ព្រមទាំងអាចធ្វើឱ្យងាយនឹងភ័ន្តច្រលំគ្នា ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការលំបាកដល់មន្រ្តីមានសមត្ថកិច្ចក្នុងការគ្រប់គ្រងទិន្នន័យយានយន្ត ក៏ដូចជាអនុវត្តនូវវិធានគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសនានាដែលពាក់ព័ន្ធនឹងយានយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធនេះ ធ្វើឡើងក្រោយពីឈ្មោះ កូវ ស្រ៊ុនឆាយ បានស្នើលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន “កម្ពុជា 1979.I.7” កាលពីដើមខែមេសា ឆ្នាំ២០២១នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា គណៈកម្មការ សម្រេចមិនអនុញ្ញាតផ្តល់ជូន និងធ្វើការបង្វែរទឹកប្រាក់គ្រប់ចំនួន ១២,៣៧៦,៤០០រៀល ទៅគណនីរបស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ វិញ។

គួរបញ្ជាក់ថាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តមានសិទ្ធិក្នុងការត្រួតពិនិត្យឡើងវិញនូវរាល់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងឡាយណាដែលបានទិញលក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មហើយគណៈកម្មការនេះមានសិទ្ធិសម្រេចមិនអនុញ្ញាត ឬបដិសេធ ឬស្នើសុំដកហូតយកមកវិញក្នុងករណីដែលពិនិត្យរកឃើញថាលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងនោះមានការពាក់ព័ន្ធនិងឈ្មោះទីកន្លែងប្រវត្តិសាស្ត្រឈ្មោះប្រាសាទឈ្មោះរាជធានីខេត្ត ឈ្មោះក្រសួងស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ឬជាលេខដែលមានទម្រង់ធ្វើឱ្យមានការភ័ន្តច្រឡំមានអត្ថន័យ ឬសូរសព្ទដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងមិនបានកំណត់ច្បាស់លាស់នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មពីមុនមក។

ក្នុងករណីនេះប្រសិនបើសាធារណជនបានបង់ប្រាក់ទិញលេខចុះបញ្ជីទាំងនេះរួចហើយគណៈកម្មការស្នើឲ្យជ្រើសរើសលេខថ្មី ឬធ្វើការបង្វែរប្រាក់ជូនវិញគ្រប់ចំនួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម