Connect with us

ព័ត៌មានជាតិ

​នៅតែ​ចងចាំជានិច្ច ​ខ្សែ​ភាពយន្តពីររឿង​ស្នាដៃចុងក្រោយ​លោក​ម៉ៅ អាយុទ្ធ ​

បានផុស

នៅ

ក្នុង​វ័យ ៧៧ឆ្នាំ លោកម៉ៅ អាយុទ្ធ បាន​​​​ទទួលមរណភាពដោយសារជំងឺកូវីដ ១៩​ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជា​ផលិតករភាពយន្តនិងជាកវីនិពន្ធជើង​ចាស់​ លោក​បាន​បន្សល់​ទុកស្នាដៃជាច្រើន​ពេញមួយ​ជីវិត​​។ ខ្សែភាពយន្តដែលជាស្នាដៃរបស់លោកចុងក្រោយ​ គឺរឿង «នេសាទក្រពើ» អំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦។

ត្រូវ​គេ​ស្គាល់​ជា​ផលិតករ​ខ្សែ​ភាពយន្ត​ជើង​ចាស់និង​ជា​អ្នក​និពន្ធ​ដ៏​មាន​ទេពកោសល្យ​​ លោក ម៉ៅ អាយុទ្ធ បាន​ចំណាយ​ពេល​​ពេញ​មួយ​ជីវិតបង្កើត​ស្នាដៃជា​ច្រើន ទាំង​ខ្សែ​​ភាពយន្ត​និង​អក្សរសិល្ប៍។​ បើតាម​លោក វេង សុភ័ក្ត្រ បានចងក្រង​ឯកសារ​ស្រាវជ្រាវ​ពី​​ជីវប្រវត្តិ ក៏ដូចជា​​ស្នាដៃជាច្រើន​ក្នុង​រយៈ​ពេល​​ជាង៥០ ឆ្នាំ ​របស់លោកម៉ៅ អាយុទ្ធ ដែល​បន្សល់ទុក​មក​ដល់ជំនាន់នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវប្រវត្តិសង្ខេបត្រួសៗ

–        ឯកឧត្ដម ម៉ៅ អាយុទ្ធ កើតនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៤៤​  នៅភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកជាកូនទោលក្នុងគ្រួសារ។

–        ឪពុកឈ្មោះម៉ែន ធឿង ជាមន្ត្រីឃុំ។ ម្ដាយឈ្មោះ តៃ ស៊ឺង មុខរបរជាអ្នកលក់ដូរ (លោកទាំងពីរបានទទួលអនិច្ចកម្មបាត់ទៅហើយ)

–        ចូលរៀនសាលាបឋមសិក្សានៅស្រុកកំណើតក្នុងវ័យប្រមាណ១០ ឆ្នាំឬ១១ ឆ្នាំ លោកក៏​ត្រូវបានជីដូននិងឪពុកមា នាំមករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅសាលាបឋមសិក្សាចាក់អង្រែ និងបានរស់នៅក្នុងបន្ទុកបីបាច់ថែរក្សានៃជីដូននិងឪពុកមា ពៅ ស៊ីផូ។

–        រៀនថ្នាក់មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសម្បទានៅឯក្រសួងឃោសនាការជាតិ ការដុះដាលនៃចិត្តគំនិតស្រឡាញ់សិល្បៈក៏បានកើតមានឡើង។ សូមបញ្ជាក់ដែរថាឪពុកមា ពៅ ស៊ីផូ ជាតន្ត្រីករមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនិងជាអ្នកនិពន្ធទំនុកចម្រៀងឱ្យអធិរាជសំឡេងមាសគឺលោក ស៊ីន ស៊ីសាមុត ទៀតផង។

–        ឯកឧត្តម ម៉ៅ អាយុទ្ធ បានចាប់ផ្ដើមកាន់ដងប៉ាកា ក្នុងនាមជាអ្នកចម្លងអត្ថបទនិងអក្សរឲ្យលោក ពៅ ស៊ីផូ ហើយនោះគឺជាចំណុចចាប់ផ្ដើមដំបូងដែលនាំឱ្យលោក​ដើរតាមគន្លងសិល្បៈរហូតមកដល់​សព្វថ្ងៃនេះ។ លោកក្រេបជញ្ជក់បាននូវចំណេះដឹងដែលទាក់ទងទៅនឹងការនិពន្ធ ការដឹកនាំ រៀបចំឆាកឬក៏កាន់កាប់កម្មវិធីសិល្បៈនៃកម្មវិធីផ្សាយទូរទស្សន៍និងជាអ្នកផលិតភាពយន្តព្រមទាំងនិពន្ធបទចម្រៀងសម្រាប់អធិរាជសំឡេង មាស ស៊ីន ស៊ីសាមុត អ្នកស្រីហួយ មាស និងអ្នកចម្រៀងរួមជំនាន់ដទៃទៀតប្រហែលជា ១០ ឆ្នាំ ១៩៦០ដល់ ១៩៧០។

–        នៅឆ្នាំ ១៩៦៣ ដល់ ១៩៦៥ ទទួលការបណ្ដុះបណ្ដាលសម្បទាវិជ្ជាជីវៈនិពន្ធអត្ថបទភាពយន្តនៅក្នុងមជ្ឈមណ្ឌលបណ្ដុះជំនាញឯកទេសក្រោមការឧបត្ថម្ភរបស់ក្រសួងព័ត៌មាននិងឃោសនាការ។ ក្រោយបញ្ចប់ការសិក្សាលោកបានចាប់ផ្ដើមចូលបម្រើជាប្រធានអ្នកដឹកនាំឆាកនៅទូរទស្សន៍ជាតិ។

–         ឆ្នាំ១៩៧០ ក្លាយជានាយកកម្មវិធីទូរទស្សន៍ជាតិ ស្របជាមួយគ្នានេះដែរលោកក៏ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បំពាក់មេដាយមុន្នីសារភ័ណ្ឌដែលជារង្វាន់សម្រាប់ការងារដ៏សកម្មក្នុងភារកិច្ចបម្រើប្រទេសជាតិ។ លោកបន្តភារកិច្ចរហូតសម័យសាធារណរដ្ឋខ្មែរ។

–        នៅឆ្នាំ ១៩៧២ លោកបានរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ ចាត់បញ្ចូលឱ្យទៅធ្វើកម្មសិក្សានៅប្រទេសបារាំងរយៈពេល ៩ ខែលើមុខជំនាញទូរទស្សន៍ហើយនៅពេលដែលត្រឡប់មកពីសិក្សាវិញគាត់ត្រូវបានឡើងតំណែងឋានៈជានាយកខាងកម្មវិធីផ្សាយនៃទូរទស្សន៍សាធារណៈ រដ្ឋខ្មែរ។ នៅក្នុងសម័យសាធារណរដ្ឋខ្មែរនោះ ឯកឧត្ដម ម៉ៅ អាយុទ្ធ បានផលិតភាពយន្តពណ៌ធម្មជាតិទំហំ ១៦ mm ជាលើកដំបូងក្នុងជីវិតរបស់គាត់ហើយលោកក៏បានចូលរួមសម្ដែងជាតួបន្ទាប់ពីតួអង្គ គង់ សំអឿន ផងដែរ។

–        ឆ្នាំ ១៩៧៩ លោកបានក្លាយជាអនុប្រធាននាយកដ្ឋានភាពយន្តនៅក្រសួងវប្បធម៌។

–         ក្រោយឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលផ្ដល់តំណែងជាអគ្គនាយករងវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា។

–        នៅឆ្នាំ ១៩៩២ ឆ្នាំ ១៩៩៣ លោកបានទទួលតំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជានិងចាប់ពីខែមេសាឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

អំពីស្នាដៃនិពន្ធល្ខោននិយាយនិងភាពយន្ត

–        ល្ខោននិយាយរឿង “ស្រមោលអពមង្គល” ឬ “អពមង្គល” និពន្ធឆ្នាំ ១៩៧១ ឬ ១៩៧២

–         រឿង “បិទភ្នែកហែកទ្រូង” ឆ្នាំ ១៩៧៣ សម័យសាធារណរដ្ឋខ្មែរក្នុងផលិតកម្មបូព៌ា

–        រឿង “ចិត្តចងចាំ” ថតនៅអំឡុងឆ្នាំ ១៩៨៨-៨៩ របស់នាយកដ្ឋានភាពយន្ត

–        រឿង “ចុងស្រល់” ឆ្នាំ ១៩៩០

–         រឿង “ឆ្អឹងអណ្ដែត”​ថតនៅអំឡុងឆ្នាំ ១៩៩១ របស់នាយកដ្ឋានភាពយន្ត

–        រឿង “ក្លិនដែលរសាយ” ឆ្នាំ ១៩៩១

–        រឿង “អណ្ដាតដុះឆ្អឹង” លោកជាអ្នកដឹកនាំនិងសម្របសម្រួលក្នុងផលិត។

–        រឿង “សំឡេងជួង” ឆ្នាំ ១៩៩២ ពុំដឹងកាលបរិច្ឆេទ

–        រឿង “ជើងមេឃដាច់ស្រយាល ឆ្នាំ ១៩៩២

–        រឿង “សម្ដីចុងក្រោយ ឆ្នាំ ១៩៩២

–        រឿង “នេសាទក្រពើ”​ទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាទី២  ឆ្នាំ ២០០៥

–        រឿង “កិលេស” ឆ្នាំ ២០១០

–        រឿង “ហ្លួងព្រះស្ដេចកន” ថតរយៈពេលពីឆ្នាំ ២០១៥ ដល់ ២០១៧

ស្នាដៃចម្រៀងនិងកំណាព្យ

–        សំឡេងសាដៀវ ទទួលបានជ័យលាភីតែងនិពន្ធក្របខ័ណ្ឌអាស៊ានឆ្នាំ ២០០៦

–        បទ “វាលស្រែវាលស្រូវ” “ស្ទឹងសម្ងាត់” របស់ផលិតកម្មអង្គរវត្ត

–        បទ “កំណែនស្នេហ៍” ក្នុងរឿង “ភ្នំភ្លើងស្នេហា” ច្រៀងដោយអ្នកស្រី ហួយ មាស

–        កំណាព្យនិយាយពី “លុយ” ដកស្រង់ពីរឿង “ស្រមោលអពមង្គល” រួមនឹងចម្រៀង-កំណាព្យជាច្រើនបទទៀត។

លោក ម៉ៅ អាយុទ្ធ បានទទួលមរណៈភាពក្នុងជន្មាយុ ៧៧ឆ្នាំ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ដោយសារជំងឺកូវីដ១៩ នាយប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១នេះ។ លោកត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម