Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល ចប់​អាណត្តិ​ពី​ប្រធាន គណៈកម្ម​ការ​សវនកម្ម នៃ​អង្គការ​តម្លាភាព​អន្តរជាតិ

បានផុស

នៅ

លោក ព្រាប កុល បាន​បញ្ចប់​អាណត្តិ​ពី​ប្រធាន​គណៈកម្ម​ការ​សវនកម្ម នៃ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) ហើយ​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​សមាជិក​មក​ពី​ប្រទេស​ជាង​មួយរយ បាន​បោះឆ្នោត​គាំទ្រ​កាលពី​៣ ឆ្នាំមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប កុល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃនេះ (០៩.​វិច្ឆិកា​.២០២០) ជា​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់ខ្ញុំ ក្នុង​មុខ​ដំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​សវនកម្ម នៃ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) ដែល​ត្រូវ​បាន​សមាជិក​មកពី​ប្រទេស​ជាង​មួយ​រយ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ​កាលពី​៣​ឆ្នាំមុន​”​។

លោក​ថា នៅក្នុង​មុខងារ​នេះ លោក​បំពេញ​ប្រកបដោយ​មោទនភាព និង​ដោយ​កិត្តិយស ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​មាន​វ័យក្មេង​ជាងគេ​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំង​១២​រូប​។

​ទោះជា​យ៉ាងណា លោក​សម្រេចចិត្ត​មិន​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​២​ទេ ពីព្រោះ​លោក​ចង់ទុក​ពេលវេលា​១០០ ភាគរយ​សម្រាប់​បម្រើ​ដល់​បុព្វហេតុ​កម្ពុជា តាមរយៈ​ការបណ្តុះបណ្តាល និង​ការកសាង​សមត្ថភាព​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ដើម្បី​រួមចំណែក​ពង្រីក​វិសាលភាព​ធនធានមនុស្ស ដែល​លោក​យល់ថា អាច​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជាទី​ស្រឡាញ់​របស់​យើង កាន់​តែមាន​ភាពរឹងមាំ​ទៅ​ថ្ងៃ​អនាគត​។

ជាមួយគ្នា​នោះ លោក​បាន​ថ្លែង អំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​រូបលោក នា​ពេល​កន្លងមក និង​តទៅ​ថ្ងៃមុខ​ទៀត​។ លោក​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​យុវជន​ជំនាន់​ក្រោយ មាន​ភាពក្លាហាន និង​មានការ​ជឿជាក់​លើ​សមត្ថ​ភាព​ខ្លួនឯង​ថា​ ពួក​យើង​មានពូជ​សាសន៍​ជា​អ្នក​កសាង​អង្គរ ហើយ​យើង​មាន​សមត្ថភាព​គ្រប់ គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក អន្តរជាតិ​។ លោក​យល់ឃើញថា មធ្យោបាយ​តែមួយគត់ ដែល​យើង​អាច​ថែរក្សា ការពារ​ទឹកដី​យើង និង​លើក​កំពស់​អត្តសញ្ញាណ​របស់​ជនជាតិ​យើង គឺ​ការពង្រឹង​សមត្ថភាព​ខ្លួនឯង​លើ​គ្រប់​វិស័យ និង​ការ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​។

សូម​បញ្ជាក់​ថា អង្គការ​តម្លាភាព​អន្តរជាតិ (TI) មាន​ទីស្នាក់ការ​កណ្តាល នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ អង្គការ​នេះ​មាន​ទស្សនៈ​មិន​ស្រប​ជាមួយ​រដ្ឋាភិបាល​ទេ ហើយ​ថ្មីៗ​នេះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ចំពោះ​សេចក្ដីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) នៅ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម