ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តក្រើនរំលឹក ទៅដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅទូទាំងប្រទេស ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងជាថ្មី នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី១០ វិច្ឆិកានេះ បានឲ្យដឹងថា «ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល រោងចក្រ សហគ្រាសទាំងអស់ ត្រូវចាត់ចែងឱ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ឬគណៈកម្មការអេដស៍ និងគ្រឿងញៀន របស់រោងចក្រ ខ្លួនឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះ រហូតដល់ករណីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់»។
ជាមួយគ្នានេះ ត្រូវគ្រប់គ្រង តាមដាន កត់ត្រា និងតម្កល់ឲ្យបានល្អជាប្រចាំថ្ងៃអំពីការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។
ក្រសួងបានបន្តទៀតថា ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃនៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករនិយោជិតលាងសម្អាតដៃមុនពេលចូលក្នុងរោងចក្រ សហគ្រាស។
ទន្ទឹមនិងនេះ រោងចក្រ សហគ្រាសទាំងអស់ ត្រូវរៀបចំឱ្យមានការវាស់កម្តៅគ្រប់កម្មករនិយោជិតទាំងអស់ មុនពេលអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ជាពិសេសអគារផលិតកម្ម និងរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទដែលផ្តល់ដោយក្រសួងសុខាភិបាល ប្រសិនជាមានកម្មករនិយោជិតណាម្នាក់មានកម្តៅលើសពី ៣៧,៥អង្សា និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានកើតជំងឺកូវីដ-១៩ ឬបានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ-១៩ ឬអ្នកស្លាប់ដោយសារជំងឺស្រួចស្រាល់ដោយមិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា។
ម្យ៉ាងវិញទៀត ក៏ត្រូវរៀបចំបម្រុងទុកម៉ាស់ឱ្យបានគ្រប់គ្រាន់ សម្រាប់បើកផ្តល់ដល់កម្មករនិយោជិត តាមវេជ្ជបញ្ជារបស់ពេទ្យ អាស្រ័យលើស្ថានភាពសុខភាព និងស្ថានភាពទូទៅរបស់កម្មករនិយោជិតម្នាក់ៗ។ បន្ថែមពីនេះ ក៏ត្រូវបន្តរំឮដល់កកម្មករនិយោជិតនៅពេលដែលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ បន្ទាប់មកត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាដើម៕
ដោយ ៖ សំអឿន