ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងសុខាភិបាលផ្ញើសារកោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
លោកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) បានផ្ញើសារកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយៈចុងក្រោយនេះ កម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។

ក្នុងសារលោកស្រីបានថ្លែងបន្តថា ក្នុងការចូលរួមបុព្វហេតុនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅលើកតម្កើងសរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈម ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ។
លោកស្រី បន្តទៀតថា៖ មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗសុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ក្រោយបានដឹងលឺពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជម្ងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយើងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗនឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថា ជីវិតប្រជាជនច្រើនទៀត គឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លើការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត។

ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឱ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះនឹងអាចញំញីរាងកាយយើងបានគ្រប់ពេលវេលា។
មីងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្មួយៗ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ