Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៨១៤ គ្រួសារ ​នៅ​សង្កាត់​បឹង​កន្សែង ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ​

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​រតនគិរី​ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ដល់​ប្រជាពលរដ្ឋ​ នៅក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ចំនួន៨១៤គ្រួសារ នាថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២០។
 
នៅក្នុងឱកាសចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ​លោក ថង សាវុន ​អភិបាល​ខេត្ត​រតនគិរី បាន​ថ្លែង​ដាស់តឿន​ដល់​ប្រ​ជា​ពលរដ្ឋ​ត្រូវចេះរក្សាទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវប្រុងប្រយ័ត្ន កុំឲ្យបាត់បង់ ​ព្រោះវាជាមាស​ប្រាក់ដ៏​សំខាន់សម្រាប់ជីវិត​និងម្យ៉ាងទៀតជាសិទ្ធិស្របច្បាប់ពេញលេញក្នុងការបែងចែក ឬ​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ទៅដល់កូនចៅ ខណៈរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពរៀបរយ សមរម្យ និងជាការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសុខដុមរមនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា ផលប្រយោជន៍ជាច្រើន ដែលប្រជាជនកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពី​ការ​អភិវឌ្ឍលើគ្រប់វិស័យ ​គឺ​ស្ថិរភាព​នយោបាយ និង​សន្តិភាព ដែលជាគន្លឹះនាំមកនូវ​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូច​សង្គមជាតិ បានល្អប្រសើរ ធ្វើឲ្យ​ការប្រកបរបររកស៊ីមិនមានការភ័យខ្លាច​។

​លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែល​បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និង​ទទួល​បានប័ណ្ណកម្មសិទ្ធិនេះ គឺបាន​បំពេញ​លក្ខខណ្ឌ​គ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារ​ដោយ​ច្បាប់ ​​​ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ​កែលំអ​ជីវភាពរស់​នៅ។ 
 
​លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា កន្លងមក មាន​ភូមិ​ចំនួន​១២ ស្មើនឹង៨,៣៧៩ វិញ្ញាបនបត្រ ត្រូវ​បាន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ។

​លោកថា ក្នុងពេលឆាប់ៗខាងមុខ មន្ទីរ​គ្រោងចែក​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចនវត្ថុ ចំនួន៦ភូមិបន្ថែម​ទៀត មានដូចជា៖ ភូមិប៉ាជន់ធំ ភូមិអូរជុំ, ភូមិទេសអន្លុង, ភូមិថារ៉ងជង, ភូមិអ៊ុន និងភូមិត្រាង ដែលមាន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់អចលនវត្ថុ ប្រមាណ៣,៣២៥វិញ្ញាបនបត្រ៕

អត្ថបទ ៖ អ៊ុច សាវុទ្ធ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម