ព័ត៌មានជាតិ
កម្ពុជាដាក់ចេញការងារអាទិភាពចំនួន៤ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ក្រសួងបាននឹងកំពុងផ្តោតជាសំខាន់លើការងារអាទិភាពចំនួន៤ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងរាំងស្ទះដល់កំណើននៃការអភិវឌ្ឍក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងបែបនេះក្នុង ឱកាសដែលលោកបានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរៀបចំដោយធនាគារពិភពលោកដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ។
លោកវេងសាខុនបានបន្តថាការងារសំខាន់ៗចំនួន៣នោះរួមមាន១- ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្តបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។
បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ទី២.ការជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសាច់ដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹម និងឈានទៅប្រែក្លាយទៅជាការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម។ ជំរុញផលិតកម្មចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាទី៣- ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឲ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
ចំណែកទី៤- រៀបចំកសាងគម្រោង ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឲ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាលោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបណ្តាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំតុមូលនេះ ដែលជានិច្ចជាកាលបានខិតខំនិងសហការយ៉ាងល្អក្នុងការធានាបាននូវប្រព័ន្ធស្បៀងសម្រាប់ប្រទេសរៀងខ្លួនៗ ដើម្បីរួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀងជាសាកល៕
ដោយ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក