ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ បើសិនជំងឺកូវីដ១៩ ផ្ទុះឡើងថ្មីទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងពេលនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានផ្ញើសារជូនសាធារណៈជនថា ទាំងអស់គ្នាអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩ ហើយបើការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លើកឡើងថា នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្ន ប៉ុណ្ណោះដែលមានពេលកំណត់មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។

លោកស្រី មានប្រសាសន៍ថា៖ “វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន មុននឹងពេលដើរចេញពីវិធានការបិទខ្ទប់។ បើមិនដូច្នោះទេ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកើតឡើង ហើយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយើងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា?”
លោកស្រីបន្តថា៖ “ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដើរចេញនូវវិធានការបិទខ្ទប់អាចកើតមានក្នុងពេលឆាប់ ឬយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នកមានការប្រុងប្រយ័ត្នលើចំណុច នេះទាំងអស់គ្នា”។
លោកស្រី បញ្ជាក់ថា បុគ្គលគ្រប់រូប អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ បាន ប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឬជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាដស ជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡើងជាដើម។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា៖ “ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ”។
លោកស្រីសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត