អភិបាលខេត្ត​កំពង់ចាម ព្រមាន​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ដកខ្លួន​ជាបន្ទាន់ ចំពោះ​ការ​នៅ​ពី​ក្រោយខ្នង ល្បែងស៊ីសង​គ្រប់​រូបភាព – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ព្រមាន​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ដកខ្លួន​ជាបន្ទាន់ ចំពោះ​ការ​នៅ​ពី​ក្រោយខ្នង ល្បែងស៊ីសង​គ្រប់​រូបភាព

Published

on

កំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ដកខ្លួន​ជាបន្ទាន់ ចំពោះ​ការ​នៅ​ពី​ក្រោយខ្នង ល្បែងស៊ីសង​គ្រប់​រូបភាព ហើយ​ត្រូវ​បង្ក្រាប​ឲ្យ​បានជា​ដាច់ខាត រួម​ទាំង​បញ្ហា​គ្រឿង​ញៀន​ផង​ដែរ ​ប្រសិន​ជា​មាន ការព្រមាន​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ទទួល​បាន​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បើ​ក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត លើ​ក​ទី​២ អាណត្តិ​ទី​៣ នៅ​វត្ត​សុគន្ធា​រាម (​ហៅ​វត្ត​ស្គន់​) ស្ថិតនៅ​ក្នុងភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើ​ង​ព្រៃ នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ក្នុង​អង្គ​វេទិកា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ស្រុក​ជើង​ព្រៃ ត្រូវ​សហការ​ជាមួយ​ថៅកែ​រោងចក្រ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​កម្មករ កម្មការិនី ដែល​ធ្វើដំណើរ​តាម​រថយន្ត ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​កុំ​ឲ្យ​មាន​ការបោះ​សំរាម​ចោល​ពាសវាល​ពាសកាល ជៀសវាង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​បេ​ី​កបរ ព្រមទាំង​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​ទៀត​ផង។

ជាមួយគ្នា​នោះ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច និង​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ ក្រោម​ជាតិ​មាន​លក្ខណៈ​ស៊ីជម្រៅ យូរអង្វែង​ទាំង​ផ្នែក​រដ្ឋបាល និង​ផ្នែក​នយោបាយ តាមរយៈ ការបង្កើត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែលជា​តំណាង​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​។ ការដាក់ចេញ​នូវ គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​ការ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៣ ។ គោលបំណង​សំខាន់​នៃ នយោបាយ​នេះ​គឺ​៖ ១-​ការកែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​នៅតាម​រដ្ឋបាល​នានា​ដើម្បី​ជម្រុញ​ដល់​លទ្ធិប្រជាធិបតេយ្យ នៅ​មូលដ្ឋាន​។
២-​ការ​ជម្រុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​មូលដ្ឋាន​។ ​និង ៣-​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា។

គួរ​បញ្ជាក់ថា ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ មាន​សំណូមពរ ចំនួន​១២ ដែលមាន​ដូចជា បញ្ហា ប្រឡាយទឹក ផ្លូវលំ លូ​រំដោះ​ទឹក ពលរដ្ឋ​សុំ​ប័ណ្ណ​ក្រីក្រ ល្បែងស៊ីសង​ខុសច្បាប់ និង​បញ្ហា​កម្មករ កម្មការិនី​រោងចក្រ​ចោល​សំរាម​ពាសវាល​ពាសកាល ហើយ​ត្រូវ​បាន​គណៈអធិបតី ដោះស្រាយ​ជូន​គ្រប់​សំណូមពរ​តាម​តម្រូវការ ផងដែរ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម