ព័ត៌មានជាតិ
ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវមួយខ្សែក្នុងក្រុងសែនមនោរម្យ ដែលរងការខូចខាតយូរមកហើយ
ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយពន្លឿនការជួសជុល និងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលរងការខូចខាតជាយូរឆ្នាំមកហើយ ដើម្បីសម្រួលការធ្វើដំណើប្រចាំថ្ងៃ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស។

ផ្លូវដែលរងការខូចខាតនេះ មានប្រវែងប្រមាណជិត ១,០០០ ម៉ែត្រ ចាប់ពីមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ឆ្ពោះទៅផ្លូវបំបែករមណីយដ្ឋានដំណាក់ស្តេច។ ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវនេះមានសភាពខូចខ្លាំង ជង្ហុក និងពិបាកធ្វើដំណើរ បង្កការរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ផ្លូវនេះជារៀងរាល់ថ្ងៃ។
អ្នកស្រី ចំរើន អាយុ ៥១ ឆ្នាំ រស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ មានកូន៣នាក់ក្នុងបន្ទុកប្រកបរបរលក់បន្លែ បានរៀបរាប់ថា រៀងរាល់ព្រឹកព្រលឹម អ្នកស្រីតែងធ្វើដំណើរឆ្លងកាត់ផ្លូវខូចនេះទៅលក់បន្លែ ប៉ុន្តែពិបាកធ្វើដំណើរ និងប្រឈមគ្រោះថ្នាក់។ ដោយសារបញ្ហាពិបាកធ្វើដំណើរ អ្នកស្រីស្នើឱ្យអាជ្ញាធរជួយស្ថាបនាជួសជុលផ្លូវមួយខ្សែនេះឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់សុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន។

ពលរដ្ឋម្នាក់ទៀត លោក សុខ កុសល ដែលរស់នៅជាប់ផ្លូវខូចខាតខាងលើ បានលើកឡើងថា ផ្លូវកៅស៊ូមួយខ្សែនេះ បានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយមានចង្ហុកធំៗ បង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ បើតាមលោក កុសល ជាសាក្សីរស់នៅទីនោះ សង្កេតឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ ដោយអ្នកបើកបរម៉ូតូជិះបុកចង្ហុក ឬកិនដុំថ្មនៅតាមផ្លូវនេះបណ្ដាលឱ្យដួលរងរបួស។

ជាការឆ្លើយតប លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ប្រាប់កម្ពុជាថ្មីថា មន្រ្តីជំនាញមន្ទីរតែងតែចុះជួសជុលផ្លូវនេះជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ការជួសជុលកន្លងមក គឺធ្វើឡើងក្នុងលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ដោយសារផ្លូវមានសភាពខូចខាតខ្លាំង មានចង្ហុក និងសំបុកមាន់ច្រើនកន្លែង។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន មិនទាន់មានការកំណត់ច្បាស់លាស់ថា កំណាត់ផ្លូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ឬមន្ទីរសាធារណការ និងដឹកជញ្ជូននៅឡើយទេ។ ប៉ុន្តែក្នុងនាមជាមន្ត្រីជំនាញ នៅតែបន្តចុះថែទាំ និងជួសជុលបណ្ដោះអាសន្ន ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួលជាងមុន។
លោក រស់ គីមធន់ ក៏បានអះអាងថា បន្ទាប់ពីក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែងរួច នៅពេលឆាប់ៗខាងមុខ មន្ទីរនឹងរៀបចំកម្លាំងមន្ត្រីជំនាញ ចុះស្ថាបនា និងជួសជុលផ្លូវដែលមានចង្ហុក និងសំបុកមាន់ជាច្រើនកន្លែងនេះឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះសម្រាប់ចេញចូលក្នុងទីរួមខេត្ត៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


