ព័ត៌មានជាតិ
ក្រោយពលរដ្ឋអំពាវនាវ! មន្ទីរសាធារណការខេត្តមណ្ឌលគិរី ដាក់គ្រឿងចក្រជួសជុលផ្លូវរងការខូចខាត
មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានចាប់ផ្តើមចល័តគ្រឿងចក្រ ដើម្បីស្ថាបនា ជួសជុល និងថែទាំផ្លូវកៅស៊ូមួយខ្សែ ដែលរងការខូចខាត មានប្រវែងសរុបជាង ១,០០០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ។ ការជួសជុលផ្លូវមួយខ្សែនេះបន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំទៅកាន់អាជ្ញាធរតាមរយៈការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី។

លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ផ្លូវកៅស៊ូរងការខូចខាតមួយខ្សែនេះ មន្ត្រីជំនាញបានចាប់ផ្ដើមចល័តគ្រឿងចក្រ ពីតំបន់ផ្សេងៗ ដើម្បីពន្លឿនការស្ថាបនា និងជួសជុលផ្លូវឱ្យបានឆាប់រហ័ស ស្របតាមតម្រូវការជាក់ស្តែង និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ផ្លូវដែលក្រុមការងារកំពុងស្ថាបនានេះ មានប្រវែង ១,០៨០ម៉ែត្រ ចាប់ពីមុខមន្ទីរវប្បធម៌ខេត្ត ឆ្ពោះទៅផ្លូវបំបែករមណីយដ្ឋានដំណាក់ស្តេច ស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។

លោកបញ្ជាក់ថា ផ្លូវកៅស៊ូមួយខ្សែនេះ កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែធ្វើការថែទាំ និងជួសជុលជាប្រចាំ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការបើកបរ។ ទោះយ៉ាងណា ដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងមានរថយន្តធ្វើចរាចរណ៍ឆ្លងកាត់ជារៀងរាល់ថ្ងៃ ស្របពេលផ្លូវមានសភាពទ្រុឌទ្រោមផងនោះ បានបណ្ដាលឱ្យផ្លូវហូរច្រោះ បែកក្បាលថ្ម និងកើតមានចង្ហុកសម្បុកមាន់ជាច្រើន។
ជាមួយគ្នានេះ លោក រស់ គីមធន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ សូមកុំបើកបរលើសទម្ងន់កំណត់ និងចូលរួមថែរក្សាផ្លូវសាធារណៈ ដែលជាសម្បត្តិរដ្ឋ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបថា ការស្ថាបនា និងជួសជុលផ្លូវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោយពេលជួបការលំបាកក្នុងការធ្វើដំណើរជាយូរឆ្នាំមកហើយ ជាពិសេសការធ្វើដំណើរចូលទីរួមខេត្ត និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស។
ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្បែរផ្លូវនេះ បានសម្ដែងការរីករាយ និងរំពឹងថា ក្រោយពីការជួសជុលរួចរាល់ នឹងអាចធ្វើដំណើរបានងាយស្រួល និងមានសុវត្ថិភាពជាងមុន ទាំងប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងសិស្សានុសិស្ស ដោយមិនប្រឈមនឹងហានិភ័យទៀតឡើយ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


