មណ្ឌលកម្សាន្ត​ជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្ម​ជាបណ្តោះអាសន្ន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មណ្ឌលកម្សាន្ត​ជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្ម​ជាបណ្តោះអាសន្ន

Published

on

ខេត្តសៀមរាប៖ មណ្ឌលកម្សាន្ត​ជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្មបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩ ក្នុងសភាពការណ៍ថ្មី ( ៣វិច្ឆិកា )។

មណ្ឌលកម្សាន្ត​ដែលសំដៅទៅលើរង្គសាល បៀរហ្គាឌិន ខេធីវី និង ឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មជា​បណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប។ នេះបើយោងតាមលទ្ធផល នៃការចុះឃ្លាំមើលរបស់ប្រធានមន្ទីរទេសចរណ៍ និងសហការីនារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយប្រតិបត្តិករពាក់ព័ន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បី​ទប់ស្កាត់រលកទី២ នៃការចម្លងវារ៉ុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ( កូវីដ-១៩ )។

ការផ្អាកអាជីវកម្មក្លឹបកម្សាន្ត​នេះ គឺជាការគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល និងយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ រួមទាំងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល ដែលជាចំណាត់ការថ្មី ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។ ជាមួយលទ្ធផលនៃការឃ្លាំមើលនោះ លោកប្រធានមន្ទីរទេសចរណ៍វាយតម្លៃថា ជា​ស្ថានភាពមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការចូលរួមរបស់ម្ចាស់ក្លឹបកំសាន្តដែលមានក្នុងក្រុងសៀមរាបប្រមាណជាង៤០កន្លែង ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពក្នុងវិស័យទេសចរណ៍ ដែលជាវិស័យងាយបង្កហានិភ័យ។

លោកក៏បញ្ជាក់ដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានេះ ខេត្តសៀមរាបបានផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តភ្លាមៗ នូវសេចក្តីជូនដំណឹងរបស់ក្រសួងជំនាញ ក្រោមការចេញបទបញ្ជាដោយគណៈបញ្ជាការឯកភាពខេត្ត និងមានវត្តមាន លោកអភិបាលរងខេត្ត១រូប ទទួលបន្ទុកលើកិច្ចប្រតិបត្តិការនេះ។

ក្នុងបទសម្ភាសន៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍​ខេត្ត​សៀមរាប បាន​បញ្ជាក់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយម្ចាស់មណ្ឌលកម្សាន្ត​នានា​ អាជ្ញាធរខេត្តបានព្រមានថា ម្ចាស់ក្លឹបកម្សាន្ត​ណាមួយដែលមិនអនុវត្តតាមវិធានការផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីទេនោះ នឹងត្រូវប្រឈមចំពោះការបញ្ឈប់អាជីវកម្មស្ថាពរ នឹងដកហូតអាជ្ញាបណ្ណអាជីវកម្មផងដែរ។

លោក ពៅ ពិសិដ្ឋ បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា អាជ្ញាធរខេត្ត ពិតជាមិនចង់ឃើញការដេកលក់នៃវិស័យទេសចរណ៍នោះទេ ក៏ប៉ុន្តែក្នុងកាលៈទេសៈនេះ គឺតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តសៀមរាបសង្ឃឹមថា ចាប់ពីពេលនេះទៅ ពុំមានក្លឹបកម្សាន្ត​ណាមួយ បំពានបម្រាម​បណ្តោះអាសន្ននេះឡើយ ហើយក៏មានជំនឿដែរថា ប្រតិបត្តិករ ម្ចាស់ក្លឹបកម្សាន្តទាំងអស់ ពិតជាព្រមយល់ នឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់ មិនធ្វើឲ្យមណ្ឌលកំសាន្តរបស់ខ្លួន ក្លាយជាមណ្ឌលចម្លងកូវីដ-១៩ បង្កឲ្យមានហានីភ័យក្នុងសហគមន៍នោះឡើយ៕

អត្ថបទ៖ គឿនវេត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម